ភ្នំពេញ៖អង្គការអុកហ្វាម(Oxfam)និងកម្មវិធីអភីវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)បានចុះកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំជាមួយក្រសួងកិច្ចការនារីដើម្បីគាំទ្រកម្មវិធីឈានមុខសម្រាប់សមភាពយេនឌ័រ។
គម្រោងកម្មវិធី«ឈានមុខសម្រាប់សមភាពយេនឌ័រ( Leading the Way for Gender Equality)មានរយៈពេល៣ឆ្នាំដោយចាប់ផ្ដើមពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ដែលមានថវិកាជិត៣លានដុល្លារអាមេរិក។
គម្រោងមានគោលបំណងសម្រេចនៃលទ្ធផល៣គឺទី១ដើម្បីរៀបចំគោលនយោបាយយេនឌ័រប្រកបដោយប្រសិទ្ធភាពនិងពង្រឹងការកែទម្រង់អង្គភាពក្រសួងកិច្ចការនារីដោយបញ្ជូលក្រុមស្ត្រីនិងកុមារ។
ទី២លើកកម្ពស់ការផ្លាស់ប្តូអាកប្បកិរិយាជាសាធារណៈតាមរយៈការដោះដូរបទពិសោធន៍របស់ យុវជននិងស្ថាប័នអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងបង្កើនការផ្សព្វផ្សាយជាសាធារណៈឲ្យដល់គោលដៅរបស់ក្រសួងកិច្ចការនារី និងទីបី បង្កើនចំនួននិងសមត្ថភាពស្ត្រីក្នុងតួនាទីនយោបាយនិងតួនាទីនៃការធ្វើសេចក្តីសម្រេចចិត្តសំដៅពង្រឹងភាពជាមេដឹកនាំរបស់ស្ត្រី។
លោកស្រី អ៊ីង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីថ្លែង ក្នុងពីធីចុះហត្ថលេខាថាគម្រោងនេះ នឹងជួយលើកកម្ពស់សមភាពយេនឌ័រជាលក្ខណៈប្រព័ន្ធដោយមានការសម្របសម្រួលជាមួយក្រសួងកិច្ចនារីនិងភាគីពាក់ព័ន្ធផ្សេងទៀត។
លោកស្រី Solinn Lim នាយក អង្គការអុកស្វាម(Oxfam)ប្រចាំប្រទេសកម្ពុជាបានថ្លែងថា អង្គការរបស់លោកស្រីប្តេជ្ញាធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយក្រសួងកិច្ចការនារីដើម្បីផ្តល់កម្មវិធីថ្នាក់ក្រោមជាតិរបស់អង្គការអុកស្វាមស្តីពីការផ្តល់អំណាចដល់សេដ្ឋកិច្ចស្ត្រី សំដៅជួយបញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារ ជួយស្ត្រីភាពជាអ្នកដឹកនាំ ក្រោមកម្មវិធីរយៈពេល៣ឆ្នាំរបស់ក្រសួងកិច្ចការនារី។
អង្គការអុកស្វាមនឹងបន្តផ្តល់អាទិភាពលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែលើការផ្តល់សិទ្ធិអំណាចដល់ស្ត្រីប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តោតលើការផ្តល់សិទ្ធិអំណាចដល់គ្រប់ក្រុមដែលងាយរងគ្រោះដូចជា ជនពិការ ក្រុមLGBTQI ជនជាតិដើមភាគតិច ស្ត្រីងាយប្រឈមនឹងការកេងប្រវ័ញ្ចនិងការរំលោភបំពាន ឬអំពើហឹង្សា និងក្រុមរើសអើងជាពិសេសយុវជននិងមនុស្សវ័យចាស់។ទាំងនេះជា ការប្តេជ្ញាចិត្តរបស់អង្គការអុកស្វាម ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលសំដៅលើកកម្ពស់កំណើនប្រកបដោយសមធម៌ដោយកាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយវិសមភាព៕