en     km
en     km

Comfrel​ ៖​ បក្ស​កាន់​អំណាច​សម្រេច​គោលនយោបាយ​បាន​តិចតួចក្នុងអាណត្តិទី៥

Share

ភ្នំពេញ​៖​អង្គការ​ខុម​ហ្វ្រែ​ល​(COMFREL)​បាន​ចេញ​របាយការណ៍​ដោយ​បង្ហាញ​ថា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​សម្រេច​ពេញលេញ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ចំនួន​៦​ចំណុច​ក្នុង​ចំណោម​១៦​ចំណុច​។​ទោះបី​យ៉ាងណា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ច្រានចោល​របាយការណ៍​អង្កេត​នេះ​ដោយ​ចាត់​ទុក​ថា​មិន​ឆ្លុះ​ប​ញ្ជាំ​ង​ការ​ពិត​​។​

                             ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។រូបភាព៖ Facebook

​របាយការណ៍​របស់​អង្គការ​ខុម​ហ្វ្រែ​ល​បាន​បង្ហាញ​ថា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​សម្រេច​ពេញលេញ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ចំនួន​៦​ចំណុច​និង​សម្រេច​បាន​ខ្លះ​មាន​៦​ចំណុច​និង​៤​ចំណុច​ទៀត​មិន​សម្រេច​បាន​ឬ​សម្រេច​បាន​តិចតួច​។​

​ក្នុង​គោលនយោបាយ​ទាំង​១៦​ចំណុច​នេះ​ រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​៧​ភាគរយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​អត្រា​១​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ បញ្ឈប់​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ បាន​កសាង​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅ​ដ្ឋា​ន​ ការ​រៀបចំ​គោលនយោបាយ​ដឹក​ជញ្ជូន​ទីក្រុង​និង​ការ​បង្កើត​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ​។​

​ចំណែក​គោលនយោបាយ​ចំនួន​៦​ចំណុច​ទៀត​រាជរដ្ឋាភិបាល​អនុវត្ត​និង​សម្រេច​បាន​ខ្លះ​គឺ​ការ​នាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ ការ​រក្សា​ផ្ទៃ​នេសាទ​ទឹកសាប​ ការ​ចំ​បញ្ជី​ដីធ្លី​ ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ទឹក​ស្អាត​ ការ​ពង្រីក​ការ​ផ្គត់​ផ្គង​អគ្គី​ស​នី​ពី​បណ្តាញ​ជាតិ​ដល់​ភូមិ​និង​គោលដៅ​ទេសចរណ៍​ពី​ក្រៅប្រទេស​ឆ្នាំ​២០១៨​។


​ទោះបីជា​យ៉ាងណា​គោលនយោបាយ​ចំនួន​៤​ចំណុច​ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​មិន​សម្រេច​ឬ​សម្រេច​ដែរ​តែ​តិច​តូច​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ដូច​ជា​គោលនយោបាយ​រក្សា​ផ្ទៃដី​គ្របដណ្តប់​ដោយ​ព្រៃឈើ​ ការ​កែ​លម្អ​ផ្លូវលំ​ជនបទ​ពី​៣០០​ទៅ​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​ ការ​បន្ត​កសាង​អនុ​វិទ្យាល័យ​គ្រប់​ឃុំ​និង​ការ​សាក​​ឲ្យ​ដំណើរការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​។​

​លោក​ កន​ សាវា​ង្ស​ អ្នក​ស​ម្រ​ប់​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​(Comfrel)​ទទូច​ថា​ រាជរដ្ឋាភិបាល​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​ពេញលេញ​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​ដើម្បី​បំពេញ​បំណង​របស់​ម្ចាស់​ឆ្នោត​។​ លោក​ កន​សាវា​ង្ស​ទទូច​ទៀត​ថា​រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹ​ង​លើ​វិស័យ​អាទិភាព​ដូច​ជា​វិស័យ​សុខាភិបាល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ​។​

​លោក​ កន​ សាវា​ង្ស​៖«​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​អំពី​គោលនយោបាយ​ដែល​ខ្លួន​ដាក់​ចេញ​ព្រោះ​ធម្មតា​កាលណា​របស់​ខ្លួន​ដាក់​ចេញ​ត្រូវ​អនុវត្ត​ក្នុង​នោះ​យើង​មាន​ដូច​ជា​វិស័យ​សុខាភិបាល​ ទាក់ទង​រឿង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​»

​ក្នុង​ចំណោម​គោលនយោបាយ​នេះ​រាជរដ្ឋាភិបាល​មិន​សម្រេច​ក្នុង​ការ​កសាង​អនុ​វិទ្យាល័យ​ឲ្យ​បាន​គ្រប់​ឃុំ​ដែល​ធ្លាប់​សន្យា​កាលពី​ឆ្នាំ​២០១៦​។​មិន​បាន​សម្រេច​គោលនយោបាយ​នេះ​ព្រោះ​អនុ​វិទ្យាល័យ​ថយ​ចុះ​ចំនួន​៦​ដែល​ទំនង​មក​ពី​ការ​ពង្រីក​ អនុ​វិទ្យាល័យ​ទៅ​ជា​វិទ្យាល័យ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​ខម​ហ្វ្រែ​ល​(COMFREL)​ ការ​ផ្តល់​ព​ន្ទុ​សម្រាប់​ឆ្នាំ​ទី​៤​លើ​គោលនយោ​បាយ​​គ្មាន​សូចនាករ​ច្បាស់លាស់​ដោយ​មាន​ប្រជាជន​២១៤​នាក់​ក្នុង​ចំនួន​១០​រាជធានី​ខេត្ត​ដែល​ចូលរួម​ផ្តល់​ពិន្ទុ​។​ក្នុង​នោះ​ប្រជាជន​១៧​ភាគរយ​ពេញចិត្ត​ ៦០​ភាគរយ​ពេញចិត្ត​ខ្លះ​និង​២២​ភាគរយ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ការ​បំពេញ​និង​អនុវត្ត​គោលនយោបាយ​ទាំង​អស់នោះ​។​

​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្តល់​ពិន្ទុ​ពេញចិត្ត​ខ្លះ​កើនឡើង​រហូត​ដល់​៦០​ភាគរយ​ចាប់ពី​ឆ្នាំ​២០១៥​រហូត​ដល់​ឆ្នាំ​២០១៧​ខណៈ​ឆ្នាំ​២០១៤​ប្រជាពលរដ្ឋ​ផ្តល់​ពិន្ទុ​ពេញចិត្ត​ខ្លះ​មាន​ត្រឹម​៣៨​ភាគរយ​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​មិន​បាន​កើនឡើង​នោះ​ទេ​។​ផ្ទុយ​ទៅ​វិញ​ក្រុម​ប្រជាពលរដ្ឋ​ផ្តល់​ពិន្ទុ​ពេញចិត្ត​នឹង​គោលនយោបាយ​រដ្ឋាភិបាល​បាន​ធ្លាក់​ចុះ​ហើយ​ការ​ផ្តល់​ពិន្ទុ​មិន​ពេញចិត្ត​ជាមួយ​គោលនយោបាយ​កើន​ទៅ​វិញ​។​

​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រានចោល​របាយការណ៍​នេះ​ដោយ​ចាត់​ទុក​ថា​មិន​ឆ្លើយ​តប​នឹង​ស្ថានភាព​ពិត​នៃ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក​ សុខ​ ឥ​សាន​៖«​ការ​វាយតម្លៃ​ទោះបី​វិជ្ជមាន​ខ្លះ​ហើយនឹង​មិន​វិជ្ជមាន​យ៉ាងណា​ក៏​ដោយ​គឺ​យើង​មិន​យកចិត្តទុកដាក់​ទេ​បាទ​ព្រោះ​បញ្ហា​សំខាន់​មិន​ចំណុះ​ទៅ​ការ​វាយតម្លៃ​ទេ​បញ្ហា​សំខាន់​ជា​កត្តា​កំណត់​វា​ចំណុះ​ទៅ​និង​ការ​រីក​រីក​ចម្រើន​សម​ទ្ធិ​ផល​នានា​ដែល​កើតឡើង​ព្រោងព្រៀត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ហើយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ផលប្រយោជន៍​របស់​ជាតិ​និង​ប្រជាពលរដ្ឋ​យើង​។​»

​ក្នុង​របាយការណ៍​សង្ខេប​របស់​ខុមហ្វ្រែល​នេះ​ឲ្យ​ដឹង​ថា​ថវិកាជាតិ​គ្រោង​នឹង​ចំណាយ​ឆ្នាំ​២០១៧​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​១៥​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​។​ថវិកាជាតិ​ចំណាយ​នេះ​ទៅ​លើ​វិស័យ​សង្គមកិច្ច​២៨​ភាគរយ​ សេដ្ឋកិច្ច​២៦​ភាគរយ​ពោល​គឺ​ធ្លាក់​ចុះ​៣​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុ​។​

​ថវិការ​ចំណាយ​ឆ្នាំ​២០១៧​កើនឡើង​១​ភាគរយ​ចំពោះ​វិស័យ​ការពារ​ជាតិ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​១៧​ភាគរយ​ វិស័យ​រដ្ឋបាល​ទូទៅ​១០​ភាគរយ​និង​ការ​ចំណាយ​មិន​ទាន់​បែងចែក​១៧​ភាគរយ​នៃ​ថវិកាជាតិ​សរុប​។​

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​កំពុង​អនុវត្ត​គោលនយោបាយ​៤​វិស័យ​ធំៗ​។​ក្នុង​នោះ​៖​ទី​១​ ការពារ​ជាតិ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ ទី​២​ ការ​ពង្រឹង​រដ្ឋបាល​សាធារណៈ​ដូច​ជា​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ​ ការ​ពង្រឹង​ផ្នែក​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទី​៣​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ចុង​ក្រោយ​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​សុខាភិបាល​ ការងារ​វប្បធម៌​និង​សង្គមកិច្ច​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image