en     km
en     km

វិស័យពាក់ព័ន្ធជំរុញនិន្នាការនៃការធ្វើកសិកម្មខ្នាតតូចតាមកិច្ចសន្យាជូនកសិករ

Share

ភ្នំពេញ៖ វិស័យពាក់ព័ន្ធមួយចំនួនដែលធ្វើការងារលើវិស័យកសិកម្មនៅកម្ពុជា បានបង្ហាញសុទិដ្ឋនិយមដោយ ជំរុញគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើននិន្នាការនៃការធ្វើកសិកម្មខ្នាតតូចតាមកិច្ចសន្យា ដើម្បីធានាដល់កសិករអាចទទួលបានអត្ថប្រយោជន៍ទាក់ទងនឹងតម្លៃ ទីផ្សា​រនៅ ពេលកសិផលរបស់ពួកគេប្រមូលបាន។

ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី ២២ កុម្ភៈ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី«កសិករខ្នាតតូច និងការពាក់ព័ន្ធក្នុងកសិពាណិជ្ជកម្ម៖ ឥទ្ធិពលសម្រាប់ការប្រតិបត្តិរបស់សាជីវកម្ម និងផលប៉ះពាល់លើជីវភាពជនបទនៅកម្ពុជា»។

វាគ្មិនចូលរួមក្នុងសិក្ខាសាលាស្តីពី«កសិករខ្នាតតូច និងការពាក់ព័ន្ធក្នុងកសិពាណិជ្ជកម្ម៖ ឥទ្ធិពលសម្រាប់ការប្រតិបត្តិរបស់សាជីវកម្ម និងផលប៉ះពាល់លើជីវភាពជនបទនៅកម្ពុជា»។

 

វិស័យពាក់ព័ន្ធមួយចំនួនដែលធ្វើការងារលើផ្នែកកសិកម្មនៅកម្ពុជារួមមាន ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល និងប្រជាកសិករ បានលើកឡើងពីមានចក្ខុប្រហាក់ប្រហែលគ្នា លើកឡើងពីគុណតម្លៃនៃការធ្វើកសិកម្មតាមកិច្ចសន្យាច្បាស់លាស់ ដែលអាចធានាដល់ការដាំដុះរបស់កសិករប្រកបដោយទំនុកចិត្តខ្ពស់។

លោក តឹត វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ហៅកាត់ថា NGO Forum លើកឡើងក្នុងកម្មវិធីនេះថា ការធ្វើកសិកម្មតាមកិច្ចសន្យានេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករដែលមានដីធ្លីតិចតួចអាចទទួលបានអត្ថប្រយោជន៍ដូចជា ការធានាតម្លៃ ការទទួលខុសត្រូវចំពោះទីផ្សារកសិផលរបស់កសិករជាដើម។ យ៉ាងណាលោក តឹក វណ្ណារ៉ា រំពឹងថា វេទិកានិងរបាយការណ៍ដែលបានស្រាវជ្រាវចងក្រងនេះ នឹងក្លាយជាជំនួបមួយរវាងភាគីកសិករ និងក្រុមហ៊ុន អាចសិក្សាស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក ដើម្បីឈានទៅដល់ការវិនិយោគលើការដាំដុះមួយតាមកិច្ចសន្យាបានត្រឹមត្រូវ។

                  ​​​​លោក តឹត វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ហៅកាត់ថា NGO Forum ។

​លោក តឹត វណ្ណារ៉ា៖

 

តាមរបាយការណ៍ស្រាវជ្រាវពីអ្នកជំនាញដែលបានធ្វើបទបង្ហាញក្នុងកម្មវិធីនេះ បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ ១០ បានធ្វើកសិកម្មតាមកិច្ចសន្យាជាមួយបងប្អូនប្រជាកសិករក្នុងខេត្ត តាកែវ កណ្តាល កំពង់ឆ្នាំង ព្រះវិហារ កំពង់ចាម កំពត និងកំពង់ស្ពឺ ប្រមាណជា ៨០០គ្រួសារ។ របាយការណ៍បង្ហាញថា ក្រុមហ៊ុនទាំងដប់ដែលធ្វើការវិនិយោគលើការកសិកម្មតាមកិច្ចសន្យាជាមួយកសិករភាគច្រើនលើដំាំណាំស្រូវ បន្លែសរីរាង្គ ស្ករត្នោត និងសត្វមាន់ជាដើម។

តាមរយៈការចុះសិក្សាពីកសិករខ្នាតតូចដែលមានផ្ទៃដាំដុះតិច ​លោក ហ៊ាង សួសារវ័ន្ត ទីប្រឹក្សាស្រាវជ្រាវឯករាជ្យមានប្រសាសន៍ ថា ដើម្បីឱ្យការធ្វើកសិកម្មតាមកិច្ចសន្យាទទួលបានជោគជ័យ គឺពឹងអាស្រ័យការទុនវិនិយោគរបស់អ្នកវិនិយោគិន ដែលអាចធានាផ្តល់ប្រាក់ជូនកសិករពេលប្រមូលផលចូលក្រុមហ៊ុន។

លោកបន្តថា ស្ថាប័នរដ្ឋត្រូវមានតួនាទីសំខាន់ផងដែរ ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធជូនពលរដ្ឋជៀសវាងការរំលោភយកពីសំណាក់អ្នកមានប្រាក់ ឬពីក្រុមហ៊ុន ដែលអាចធ្វើឱ្យប៉ះពាល់សង្វាក់ផលិតកម្មដែលមានចុះចិត្តសន្យាជាមួយក្រុមហ៊ុន។ មួយវិញទៀតលោកថា ការជួយអន្តរាគមន៍ផ្តល់នូវប្រាក់កម្ចីដែលមានការប្រាក់ទាបជូនកសិករ ក៏ជាដំដោះស្រាយមួយផងដែរដើម្បីឱ្យពួកគាត់អាចពង្រីកផ្ទៃដីដាំដុះបានច្រើន។

លោក ហ៊ាង សួសារវ័ន្ត៖ 

 

លោក ចក់ ធឿន កសិករមួយរូបមកពីខេត្តកំពង់ឆ្នាំងនិយាយថា លោកទទួលបានផលប្រយោជន៍ និងប្រាក់ចំនូល និងទំនុកចិត្តខ្ពស់ចំពោះការធ្វើកសិកម្មតាមកិច្ចសន្យានេះ។ លោកបន្តថា ការធ្វើកសិកម្មតាមកិច្ចសន្យានេះ គឺអាចធានាបាននូវតម្លៃកសិផលបានល្អ មានការទទួលទិញច្បាស់លាស់ពីក្រុមហ៊ុន និងមានការផ្តល់ជំនាញបច្ចេកទេសបន្ថែមលើការងារដាំដុះផងដែរ។

តែទន្ទឹមនឹងគុណសម្បត្តិនេះ លោក ធឿន ក៏បានត្អួញត្អែលពីផលវិបាកមួយចំនួនផងដែរ ដែលកសិករកំពុងជួបប្រទះ។ លោកថា កសិករសព្វថ្ងៃគឺកំពុងខ្វះខាតប្រព័ន្ធស្រោចស្រព និងអត្រាការប្រាក់ខ្ពស់របស់ធនាគារ ដែលជាកត្តារាំងស្ទះដល់កសិករពុំអាចផលិតតាមកិច្ចសន្យាជាមួយក្រុមហ៊ុនបាន។

                                                               ​​លោក ចក់ ធឿន កសិករមួយរូបមកពីខេត្តកំពង់ឆ្នាំង។

លោក ចក់ ធឿន៖

 

ទាក់ទិនករណីនេះ លោក ហាស ពិសិដ្ឋ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្មលើកឡើងថា​ ដើម្បីជំរុញឱ្យដំណើរការនៃការធ្វើកសិកម្មតាមកិច្ចសន្យាទទួលបានភាពល្អប្រសើរ រដ្ឋាផិបាលនិងពិនិត្យមើលរបាយការណ៍ និងមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធជុំវិញរឿងនេះ ដាក់បញ្ចូលក្នុងអនុក្រិត្យរបស់រដ្ឋាភិបាល។ លោកបន្តថា​ អនុក្រិត្យដែលរដ្ឋាភិបាលកំពុងរៀបចំនេះ នឹងជួយបង្កើនទំនុកចិត្តព្រមទាំងជួយសម្រួលដល់អ្នកវិនិយោគ និងប្រជាកសិករពេលមានវិវាទកើតឡើង។

លោក ហាស ពិសិដ្ឋ៖

តាមរបាយការណ៍របស់អង្គការវេទិកាមិនមែនរដ្ឋាភិបាល ឬ NGO Forum គម្លាតរវាងការអភិវឌ្ឍន៍នៅទីក្រុង និងនៅទីជនបទធ្វើឱ្យមានលំហូរចំណាក់ស្រុក ដែលធ្វើឱ្យកម្លាំងពលកម្មនៃការបង្កបង្កើនផងមានការថយចុះ។ បញ្ហាប្រព័ន្ធធារាស្រ្តនៅមានតិចតួច អត្រាការប្រាក់ខ្ពស់ ទាំងនេះសុទ្ធសឹងជាឧបសគ្គដែលបង្កការរាំងស្ទះដល់ដំណើរការល្អនៃការធ្វើកសិកម្មតាមកិច្ចសន្យា រវាងក្រុមហ៊ុន និងកសិករខ្នាតតូច៕

 

 

 

Share

ព័ត៌មានទាក់ទង

Image