en     km
en     km

ប្រធាន​កាកបាទក្រហម​ អំពាវនាវ​ឲ្យ​មន្ដ្រី​សុខាភិបាល​ អនុវត្ដ​តួនាទី​ឲ្យ​បាន​ល្អ​ កាត់​ប​ន្ថ​និង​ទប់ស្កាត់​មរណភាព​មាតា​ និង​ទារក​

Share

​ភ្នំពេញ​ ៖​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បាន​អំពាវនាវ​ឲ្យ​មន្ដ្រី​សុខាភិបាល​នៅ​ទូ​ទាំង​ប្រទេស​ បង្កើន​ការ​អនុវត្ដ​តួនាទី​របស់​ខ្លួន​ ដោយ​ធ្វើ​យ៉ាងណា​ជួយ​កាត់​បន្ថយ​ និង​ទប់ស្កាត់​មរណភាព​មាតា​ ទារក​ និង​កុមារ​កម្ពុជា​ ខណៈ​អង្គការ​ យូ​នី​សេ​ហ្វ​ មើលឃើញ​ថា​ អត្រា​មរណភាព​មាតា​ ទារក​ និង​កុមារ​ កម្ពុជា​ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​នៅ​រៀងរាល់ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ គឺជា​ទិវា​មួយ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​ប្រារព្ធ​ ទិវា​ជាតិ​ សុខភាព​មាតា​ ទារក​ និង​កុមារ​ ដែល​កម្ពុជា​បាន​ប្រារព្ធ​ ចាប់តាំងពី​ឆ្នាំ​២០១១​មក​។​ ការ​ប្រារព្ធ​ទិវា​ជាតិ​ សុខភាព​មាតា​ ទារក​ និង​កុមារ​ នេះ​ គឺ​មាន​គោលបំណង​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ដ​ដ៏​ធំធេង​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថានភាព​សុខភាព​មាតា​ ទារក​ និង​កុមារ​នៅ​កម្ពុជា​ មាន​ភាព​ប្រសើរ​ឡើង​ រួម​ជាមួយ​ការ​ផ្ដល់​សេវា​សុខាភិបាល​ និង​ការ​ទទួលយក​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​។​

​ប្រធាន​កាកបាទក្រហមកម្ពុជា​ សម្ដេច​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​សរសេរ​ក្នុង​សារលិខិត​របស់​សម្ដេច​ថា​ គឺជា​រឿង​ចាំបាច់​ ក្នុង​ការ​ថែទាំ​សុខភាព​មាតា​ ទារក​ និង​កុមារ​ ចាប់​តាំង​តែ​ពី​ពេល​ដែល​មានគភ៌​ ពេល​សម្រាលកូន​ និង​ក្រោយ​ពេល​សម្រាល​ រួម​ទាំង​ការ​ពន្យា​កំណើត​ពី​កូន​មួយ​ទៅ​កូន​ទៀត​ផង​ដែរ​។​

​សម្ដេច​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​ផ្ដល់​ជា​អនុសាសន៍​ចំនួន​ ០៥​ចំណុច​ ចំពោះ​ស្ដ្រី​ ធ្វើ​យ៉ាងណា​ថែរក្សា​សុខភាព​មាតា​ ទារក​ និង​កុមារ​ ឲ្យ​បាន​ល្អ​ប្រសើរ​ និង​រស់នៅ​ប្រកបដោយ​សុខមាលភាព​។​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ក៏​ស្នើ​ឲ្យ​ស្ដ្រី​មានគភ៌​ទាំងអស់​ មក​ពិនិត្យ​សុខភាព​ ពិគ្រោះ​យោង​ប​ល់​ជាមួយ​គ្រូពេទ្យ​ ឲ្យ​បាន​ទៀងទាត់​ ដើម្បី​រក្សា​សុខភាព​មាតា​ និង​ទារក​។​ សម្ដេច​ ប៊ុ​ន​ រ៉ា​នី​ សូម​ឲ្យ​ស្ដ្រី​ទៅ​សម្រាលកូន​ដោយ​គ្រូពេទ្យ​ ដែល​មាន​ជំនាញ​ច្បាស់លាស់​ ។​ បន្ថែម​ពី​នេះ​ ក្រោយ​ពេល​សម្រាលកូន​ មាតា​ ត្រូវ​នាំ​ទារក​ទៅ​ថ្នាំ​បង្ការ​ជំងឺ​ ១១​មុខ​ តាម​ការ​ណែនាំ​ និង​កាលកំណត់​របស់​គ្រូ​ពេ​ទ​។​

ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន

លើស​ពី​នេះ​ប្រធាន​កាកបាទក្រហម​ អំពាវនាវ​អោយ​មាតា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​ ចាប់ពី​សម្រាល​រហូត​ដល់​ទារក​អាយុ​បាន​ ៦​ខែ​ និង​ផ្ដល់​អាហារ​បន្ថែម​គ្រប់មុខ​ និង​ គ្រប់​ជីវជាតិ​។​ យ៉ាងណា​សម្ដេច​បន្ដ​ថា​ មាតា​គួរ​បំបៅ​ដោះ​កូន​រហូត​ដល់​អាយុ​យ៉ាងតិច​ ២​ឆ្នាំ​។​ ជាង​នេះ​ សម្ដេច​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ស្នើ​ឲ្យ​មាតា​គ្រប់​រូប​ ត្រូវ​រូស​រាន់​នាំ​ទារក​ទៅ​កាន់​មន្ទីរពេទ្យ​ ក្នុង​ករណី​ដែល​សង្ស័យ​ថា​ កូន​របស់​ខ្លួន​មាន​សភាព​ខុស​ប្រ​ក្រកី​ ។​

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ គាំពារ​មាតា​ និង​ទារក​ លោកស្រី​ ទុង​ រ​ដ្ឋា​វី​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ដោយ​បង្ហាញ​ការ​មើលឃើញ​របស់​លោកស្រី​ថា​ រយៈ​ ៧​ឆ្នាំ​ កន្លង​មកនេះ​ ឥរិយាបថ​របស់​មាតា​ ដែល​ធ្លាប់តែ​និយម​សម្រាលកូន​ជាមួយ​ឆ្មប​បុរាណ​ នៅ​តាម​ផ្ទះ​ គឺ​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាងច្រើន​ ហើយ​ស្ដ្រី​បាន​ងាក​មក​ស្វែងរក​សេវា​ សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ មាន​រហូត​ដល់​ជាង​ ៨០​ភាគរយ​។​ បន្ថែម​លើ​នេះ​លោកស្រី​វាយតម្លៃ​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ស្ថានភាព​មាតា​ ទារក​ និង​កុមារ​ មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​។​

​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ៖«​រយៈពេល​ ៧​ឆ្នាំ​នេះ​ ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល​ច្រើន​ជា​ពិសេស​ ស្ថានភាព​មាតា​ ទារក​ និង​កុមារ​ ដោយ​យើង​ឃើញ​ថា​ បើ​ធៀប​ទៅ​និង​ឆ្នាំ​ដែល​យើង​ទើប​និង​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​នេះ​ គឺ​ឆ្នាំ​២០១១​ ការ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​មាន​តិច​តូច​នៅឡើយ​។​ តែ​ឥឡូវនេះ​យើង​ឃើញ​ថា​ ការ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​មាន​ភាព​ប្រសើរ​ឡើង​ គឺ​សឹងតែ​គ្មាន​ការ​សម្រាលកូន​នៅ​តាម​ផ្ទះ​នោះ​ទេ​ ហើយ​ការ​សម្រាលកូន​ភាគច្រើន​គឺ​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​សុខាភិបាល​ ដោយ​បុគ្គលិក​ជំនាញ​»​។​

​ពាក់ព័ន្ធ​ករណី​នេះ​ លោក​ មាស​ ប៊ុ​ន​លី​ មន្ដ្រី​ជំនាញ​ផ្នែក​ទំនាក់​ របស់​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ Unicef​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណៈ​មាតា​ និង​ទារក​។​ កត្ដា​ដែល​នាំ​ឲ្យ​អត្រា​មរណៈ​មាតា​ និង​ទារក​ថយ​ចុះ​ ពីព្រោះ​តែ​មាន​កំណែទម្រង់​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ ដូច​ជា​ការ​បណ្ដុះបណ្ដាល​មន្ដ្រី​សុខាភិបាល​ច្រើន​ជាង​មុន​ ការ​រីក​ចម្រើន​ប្រព័ន្ធ​អប់រំ​សុខភាព​ស្ដ្រី​ និង​ក្មេង​ស្រី​។​ ប្រព័ន្ធ​ផ្លូវថ្នល់​ល្អ​ជាង​មុន​ ការ​ទទួល​បាន​ព័ត៌មាន​អំពី​សុខភាព​កាន់តែ​ប្រសើរ​ ។​ បន្ថែម​ពី​នេះ​ មន្ដ្រី​ជំនាញ​ផ្នែក​ទំនាក់​របស់​អង្គការ​ Unicef​ បន្ដ​ទៀត​ថា​ អត្រា​នៃ​ភាព​ក្រីក្រ​ថយ​ចុះ​ កំណើនសេដ្ឋកិច្ច​ និង​បរិស្ថាន​សង្គម​ប្រកបដោយ​សន្ដិភាព​ ក៏​ជា​កត្ដា​មួយ​ផ្នែក​ក្នុង​ការ​រួម​កាត់​បន្ថយ​អត្រា​មរណៈ​មាតា​ និង​ទារក​ផង​ដែរ​។​

ប្រភពរូបភាពពី អង្គការ Unicef

តែ​យ៉ាងណា​លោក​ មាស​ ប៊ុ​ន​លី​ បន្ដ​ថា​ បើ​ទោះជា​អត្រា​មរណៈ​មាតា​ និង​ទារក​ បាន​ថយ​ចុះ​ខ្លាំង​យ៉ាងណា​ក្ដី​ ក៏​ប៉ុន្ដែ​គម្លាត​នៃ​ការ​ទទួល​បាន​សេវា​សុខភាព​រវាង​ស្ដ្រី​ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​ស្ដ្រី​ដែល​មាន​ជីវភាព​ធូរធា​ បាន​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​នៅឡើយ​។​ ត្រង់​ចំណុច​នេះ​ មន្ដ្រី​ជំនាញ​ផ្នែក​ទំនាក់​របស់​អង្គការ​ Unicef​ សង្កត់ធ្ងន់​ថា​ កុមារ​កម្ពុជា​ដែល​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ អាច​ប្រឈម​ នឹង​កត្ដា​ហានិភ័យ​ ៣​ដង​ បើ​ធៀប​នឹង​កុមារ​ដែល​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធា​។​ លោក​សំណូមពរ​ ដល់​រាជរដ្ឋាភិបាល​គួរ​ពិនិត្យ​ត្រង់​ចំណុច​នេះ​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​គោលការណ៍​សមធម៌​ សម្រាប់​ស្ដ្រី​ដែល​មាន​ជីវភាព​ធូរធា​ និង​ស្ដ្រី​​ដែល​មាន​ជីវភាព​ក្រីក្រ​។​

​លោក​ មាស​ ប៊ុ​ន​លី​៖«​អ​ញ្ចឹ​ង​សម្រាប់​ unicef​ គឺ​សំណូមពរ​ថា​ សម្រាប់​គោលនយោបាយ​ទៅ​អនាគត​ ឬ​ក៏​គោលនយោបាយ​នានា​ទាំងអស់​ដែល​នឹង​បង្កើន​នូវ​គេ​ហៅ​ថា​ សុវត្ថិភាព​ម្ដាយ​ក្នុង​ការ​សម្រាលកូន​ ឬ​ក៏​ទារក​ដែល​ទើបនឹង​កើត​ហ្នឹង​ គឺ​ត្រូវ​តែ​ផ្ដោត​លើ​សមធម៌​ មាន​ន័យ​ថា​ ត្រូវ​តែ​គិត​លើ​សេដ្ឋកិច្ច​សង្គម​របស់​ពលរដ្ឋ​ហ្នឹង​។​ ត្រូវ​គិត​តាំងពី​កន្លែង​ដែល​គាត់​ទទួល​បាន​សេវា​ នៅ​ជនបទ​ ឬ​ក៏​ទីប្រជុំជន​ ឬ​ក៏​ធន់​ធាន​ដែល​គាត់​មាន​ បើ​ទោះជា​អ្នកក្រ​ឬ​ក៏​អ្នកមាន​ត្រូវ​គិត​សមធម៌​សម្រាប់​ពួក​គាត់​»​។​

​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០០​ មាន​ទារក​អាយុ​ក្រោម​មួយ​ខែ​ ស្លាប់​បាត់បង់​ជីវិត​ ចំនួន​ ៣៧​ករណី​។​ ចំណែក​ក្នុង​អំឡុង​ឆ្នាំ​២០១៤​ ករណី​ទារក​ស្លាប់​ក្រោយ​ពេល​សម្រាល​គឺ​មាន​ ១៨​ករណី​ ដែល​ថយ​ចុះ​យ៉ាងច្រើន​បើ​ធៀប​និង​ឆ្នាំ​២០០០​។​

ប្រភពរូបភាពពីអង្គការ Unicef

អង្គការ​ Unicef​ ដែល​ធ្វើ​ការងារ​ដើម្បី​កុមារ​ បាន​ប្ដេជ្ញា​នឹង​បន្ដ​ការ​ជួយ​ទៅ​ដល់​សហគមន៍​ ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ឥរិយា​បទ​សុខភាព​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​ ហើយ​និង​ជួយ​ឲ្យ​មានការ​អនុវត្ដ​ឥរិយា​បទ​ ឬ​ក៏​ទម្លាប់​ល្អ​ ក្នុង​ការ​ថែទាំ​ដល់​កុមារ​។​ បន្ថែម​ពី​នេះ​អង្គការ​ Unicef​ នឹង​ជួយ​ផ្ដល់​ជា​ព័ត៌មាន​ ទាក់ទង​និង​សុខភាព​ ក៏​ដូច​ជា​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ ដែល​តែងតែ​អនុវត្ដ​តៗ​គ្នា​មក​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មាតា​ និង​ទារក​។​

​សូម​ជម្រាប​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​នូវ​គោលនយោបាយ​គាំពារ​សង្គម​ ដែល​មាន​ទិស​ដៅ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​ស្លាប់​របស់​មាតា​ ការ​ស្លាប់​ទារក​ក្នុង​ផ្ទៃ​ ការ​ស្លាប់​ទារក​ទើបនឹង​កើត​ និង​ការ​ស្លាប់​កុមារ​ ក្រោម​អាយុ​ ៥​ឆ្នាំ​ តាម​ការ​កំណត់​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០៕

Share

Image
Image
Image