en     km
en     km

ក្រសួងការបរទេស​កម្ពុជា​ អន្ដរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ ១១​នាក់​ ពី​បរទេស​ក្នុង​នោះ​មាន​ស្ត្រី​ ៦​នាក់​

Share

​ភ្នំពេញ​ ៖​ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ស្ថាន​តំណាង​កម្ពុជា​ បាន​អន្ដរាគមន៍​ជួយ​ដល់​រដ្ឋ​ខ្មែរ​ចំនួន​ ១១​នាក់​ ដែល​ជួប​ប្រទេះ​បញ្ហា​នៅ​ក្នុង​ប្រទេស​ចំនួន​០៣​។​ ប្រទេស​ទាំងនោះ​រួម​មាន​ ប្រទេស​ម៉ា​ឡេ​ស៊ី​ សឹ​ង្ហ​បុរី​ និង​ប្រទេស​ថៃ​។​

​ស្ថាន​ឯ​អគ្គរាជ​ទូ​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ហ​ការ​ជាមួយ​អាជ្ញា​ម៉ា​ឡេ​ស៊ី​ ដោះស្រាយ​បញ្ហា​ និង​រៀបចំ​ឲ្យ​មានការ​ធ្វើ​មាតុភូមិនិវត្ដន៍​ របស់​ពលករ​ ពល​ការិនី​ខ្មែរ​ចំនួន​ ០៨​នាក់​ មាន​ស្ដ្រី​០៥​នាក់​ និង​ប្រុស​ ០៣​នាក់​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​ចំណែក​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ បាន​ជួយ​ដល់​ស្ដ្រី​ខ្មែរ​ម្នាក់​ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​នាង​ មិន​អាច​ទ្រាំទ្រ​ការងារ​ដែល​មានការ​លំបាក​ នៅ​ប្រទេស​សឹ​ង្ហ​បុរី​បាន​។​ ស្ដ្រី​រូប​នេះ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ធំ​ មាន​អាយុ​ ២៦​ឆ្នាំ​។​ នាង​បាន​មក​ដល់​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​ដោយឡែក​រហូត​មក​ដល់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​នេះ​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ខេត្ដ​សា​កែវ​ នៃ​ប្រទេស​ថៃ​ បាន​កំពុង​ធ្វើ​អន្ដរាគមន៍​តាម​ផ្លូវច្បាប់​ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​ ២​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ពី​បទ​ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​។​ ពលរដ្ឋ​ពល​ខ្មែរ​ទាំង​ ០២​នាក់​នេះ​ ម្នាក់​មានស្រុក​កំណើត​នៅ​ខេត្ដបន្ទាយមានជ័យ​ និង​ម្នាក់​ទៀត​នៅ​ខេត្ដសៀមរាប​។​ បច្ចុប្បន្ន​ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍​នគរបាល​ប៉ា​ង​ស៊ី​ដា​ ប្រទេស​ថៃ​។​

​យ៉ាងណា​ពាក់ព័ន្ធ​ករណី​ មាន​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ ចូល​ទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​ នៅ​ប្រទេស​ជិតខាង​នេះ​ សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៧​ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨​ កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ក្រុង​បាត់ដំបង​ បាន​ថ្លែង​ថា​ ករណី​នេះ​ ប្រសិនបើ​គ្មាន​អ្នកទិញ​ និង​នាំ​ពលរដ្ឋ​ខ្មែរ​ ទៅ​កាប់​ឈើ​នោះ​ទេ​ ពលរដ្ឋ​ធម្មតា​ច្បាស់​ជា​មិន​មាន​សមត្ថភាព​លួច​ឆ្លង​ដែន​ទៅ​ប្រព្រឹត្ដ​ទ​ង្វើ​ល្មើសច្បាប់​ទាំង​នេះនោះ​ទេ​។​ សម្ដេច​ បាន​ប្រាប់​មន្ដ្រី​ក្រោម​ឱវាទ​នៅ​តាម​តំបន់​ព្រំដែន​ ត្រូវ​ពង្រឹង​ការងារ​នេះ​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង

Image