គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ វេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
តាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប ចុះនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដដែលនេះ គ.ជ.ប បញ្ជាក់ថា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ។
គួរបញ្ជាក់ដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងរៀបចំប្រកាសផ្សាយលទ្ធផលបឋម ៕
Post Views: 244