ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៥ ខែកម្ភៈ បានចេញសេចក្ដីប្រកាសបើកនូវកម្មវិធីមួយមានឈ្មោះថា “ស្ដ្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា”។ ប្រធាននាយកដ្ឋានគោលនយោបាយ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងលើកទឹកចិត្ដស្ដ្រី ឲ្យចូលរួមកាន់តែច្រើន និងផុសផុល នៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះ សំដៅកាត់បន្ថយគម្លាតរវាងស្ដ្រី និងបុរស ក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា។
លោក លៀ ស៊ីណា មានសេចក្ដីរាយការណ៍ ៖
នេះជាព្រឹត្ដិការណ៍ទី១ ក្នុងឆ្នាំ២០១៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានកម្មវិធី “ស្ដ្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា”។ កម្មវិធីនេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទួរគមនាគមន៍។ ក្រសួងប្រៃសណីយ៍ បានចាប់ផ្ដើមប្រកាស រកបេក្ខភាពជាស្ដ្រី ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ កម្មវិធី “ស្ដ្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា” គឺផ្ដោតទៅលើប្រធានបទ “ការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”។
លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ថា រហូតមកដល់ឆ្នាំ២០១៨នេះ ក្រសួងសង្កេតឃើញថា គម្លាតរវាងស្ដ្រី និងបុរស ក្នុងវិស័យបច្ចេកវិទ្យានេះ ស្ថិតនៅដាច់ឆ្ងាយពីគ្នាខ្លាំងនៅឡើយ។ លោកស្រីបន្ដថា ក្នុងស្ថានភាពជាក់ស្ដែង ក្នុងចំណោមបុគ្គលិក ផ្នែកទូរគមនាគមន៍ ២០នាក់ មានស្ដ្រី យ៉ាងច្រើនត្រឹមតែ ២ ឬ ៣នាក់តែប៉ុណ្ណោះ។
លោកស្រី តាន់ សូដានី ៖«តាមការសង្កេតជាទូទៅ គឺនៅមានចំនួនតិចតូចនៅឡើយ។ ដូចនៅក្នុងកន្លែងធ្វើការខ្លះ ខាងផ្នែកបច្ចេកវិទ្យានេះ មានស្ដ្រី ២-៣នាក់ក្នុងចំណោមបុរស ១០-២០នាក់។ អញ្ចឹងយើងគិតមើលទៅ ចំពោះកន្លែងរៀនសូត្រក៏ដូចគ្នាដែរ ការចាប់យកជំនាញផ្សេងៗយើងឃើញថា ចំនួនសិស្សស្រីដែលចាប់យកជំនាញខាងបច្ចេកវិទ្យានេះ គឺមានចំនួនតិចតូចមែនទែន បើប្រៀបធៀបទៅនិងបុរស។ អញ្ចឹងឃើញថា ការចូលរួមរបស់គាត់ គឺមិនទាន់បានផុសផុលនៅឡើយទេ»។
ព្រោះតែការមើលឃើញ ពីគម្លាតឆ្ងាយដាច់ពីគ្នារវាងស្ដ្រី និងបុរសដូចនេះ ទើបក្រសួងប្រៃសណីយ៍ និងទួរគមនាគមន៍ រៀបចំឲ្យមានកម្មវិធី “ស្ដ្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា” នេះ ដោយរំពឹងថា នឹងអាចចូលរួមចំណែក ក្នុងការលើកទឹកចិត្ដស្ដ្រី ឲ្យឈោងចាប់ជំនាញបច្ចេកវិទ្យា និងចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជា ឲ្យក្លាយទៅជាប្រទេសមួយដែលមានសក្ដានុពល ហើយមានការរីកចម្រើន នៅក្នុងយុគ្គសម័យឌីជីថលនេះ។
លោកស្រី តាន់ សូដានី បានបន្ដទៀតថា កម្មវិធីនេះ នឹងផ្ដល់ពានរង្វាន់ជូនស្ដ្រីឆ្នើម ផ្នែកបច្ចេកវិទ្យាចំនួន ០៣ ទី១ សហគ្រិនឆ្នើម ស្ដ្រីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) ទី២ វិស្វករស្ដ្រីជៅគជ័យក្នុងជំនាញ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ប.គ.ព (Cambodian Woman ICT Engineer Award) និងទី៣ ស្ដ្រីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍ សង្គម ឬសហគមន៍ (Cambodian Woman ICT For Community Award)។
ប្រធាននាយកដ្ឋានគោលនយោបាយ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ បន្ថែមទៀតថា កម្មវិធីនេះ គឺបើកទូលាយសម្រាប់ស្ដ្រីគ្រប់រូប បើទោះជាពួកគាត់មិនធ្លាប់មានបទពិសោធន៍ ខាងការងារទាំងអស់នេះក្ដី ប៉ុន្ដែក្រសួងប្រៃសណីយ៍ ចង់ឲ្យស្ដ្រីបានចូលរួមគ្រប់ៗគ្នា ដើម្បីបានទទួលបានបទសោធន៍ និងចំណេះដឹងពីក្រុមស្ដ្រីជោគជ័យដែលបង្ហាញខ្លួនក្នុងកម្មវិធីមួយនេះ។
លោកស្រី តាន់ សូដានី ៖«កម្មវិធីនេះ ថ្វីត្បិតតែ យើងជ្រើសរើសយើងច្បាស់ជាជ្រើសរើសយកស្ដ្រីឆ្នើមជាគំរូហើយ ក៏ប៉ុន្ដែយើងលើកទឹកចិត្ដឲ្យស្ដ្រីផ្សេងៗ ទៀតចូលរួមដែរ ពីព្រោះនៅពេលដែលគាត់ចូលរួម គាត់នឹងបានស្គាល់គេ ស្គាល់ឯងក្នុងវិស័យនេះ ពីព្រោះស្ដ្រីមានចំនួនតិចតូចណាស់ ដែលបានចូលរួមនៅក្នុងវិស័យនេះ ដែលគាត់មានជំនាងខាងបច្ចេកវិទ្យា។ អញ្ចឹងនៅពេលដែលគាត់បានចូលរួម ក្នុងកម្មវិធីគាត់អាចស្គាល់គេស្គាល់ឯងច្រើន ហើយត្រង់ចំណុចហ្នឹងក៏អាចជួយពង្រឹង ជំនឿរបស់គាត់ខាងផ្នែកនេះ ហើយក៏បានស្វែងយល់បន្ថែមពីនិន្នាការវិវដ្ដថ្មីៗ ខាងផ្នែកបច្ចេកវិទ្យានៅពេលគាត់បានជួបស្ដ្រីក្នុងវិស័យនេះ»។
បច្ចុប្បន្ននេះ នៅពិភពលោកមិនថា ប្រទេសណានោះទេ គឺមានតម្រូវការចាំបាច់បំផុតចំពោះវិស័យបច្ចេកវិទ្យា។ វិស័យបច្ចេកវិទ្យាគឺជាផ្នែកមួយសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ឲ្យមានភាពជឿនលឿនស្របទៅតាមយុគ្គសម័យទំនើប។ លោកស្រី តាន់ សូដានី សំណូមពរឲ្យស្ដ្រីខ្មែរ ចូលរួមក្នុងវិស័យនេះឲ្យបានកាន់តែច្រើន ព្រោះតែស្ដ្រី គឺជាផ្នែកដ៏សំខាន់ ដែលមិនអាចខ្វះបាន សម្រាប់វិស័យបច្ចេកវិទ្យា។
លោកស្រី តាន់ សូដានី ៖«អញ្ចឹងហើយបានស្នើសុំឲ្យស្ដ្រី គាត់ចូលរួមឲ្យច្រើន ក្នុងវិស័យនេះ នៅក្នុងប្រទេសកម្ពុជា ពីព្រោះយើងអត់ដែលឃើញមានស្ដ្រីចូលរួមច្រើនទេ ហើយគាត់គឺជា ផ្នែកមួយដ៏សំខាន់។ ស្ដ្រីគឺជាកម្លាំងពលកម្មមួយដ៏សំខាន់ នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន ដូចជាបុរសដែរ។ ពីព្រោះលក្ខណៈជាក់ស្ដែង បើយើងនិយាយពីលក្ខណៈជាក់ស្ដែង បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន គឺជាវិស័យទាមទារការឆ្នៃប្រឌិតប្លែកៗ សម្បូរបែប។ អញ្ចឹងបើយើងមានតែបុរស គឺយើងមានតែការឆ្នៃប្រឌិត មួយផ្នែកប៉ុណ្ណោះ។ យើងត្រូវការការចូលរួមពីស្ដ្រី ដើម្បីការឆ្នៃប្រឌិតប្លែកៗ ពីខាងក្រុមស្ដ្រីដើម្បីអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានភាពសម្បូរបែបតទៅមុខទៀត»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់ផ្ដើមវាយតម្លៃ លើស្ដ្រីដែលបានដាក់ពាក្យ ក្នុងកម្មវីធីនេះនៅដើមខែមីនា ឆ្នាំ២០១៨ ហើយលទ្ធផលសម្រាប់ម្ចាស់ជ័លាភីស្ដ្រីឆ្នើមទាំង ០៣រូប នឹងត្រូវប្រកាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ហើយពួកគេនឹងទទួលបានរង្វាន់ជាផ្លូវការពីក្រសួងប្រៃសណីយ៍ និងទួរគមនាគមន៍៕