en     km
en     km

សង្គម​ស៊ី​វិល​ខកចិត្ត​ ក្រោយ​ពេល​ឡាវ​អនុម័ត​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​ លើ​ទន្លេ​មេគង្គ

Share

150921-sokha-news-02-dara-ed

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ (Rivers​ Coalition​ in​ Cambodia)​ ព្រមទាំង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​២១​ខែកញ្ញាម្សិលមិញ​នេះ​ បានសម្តែង​ការ​ខកចិត្ត​ ចំពោះ​សភាជាតិ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ​ ដែល​បាន​អនុម័ត​លើ​កិច្ចសន្យា​សម្បទាន​ សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​។​

​យោងសេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ទាំងនោះ​ឲ្យ​ដឹង​ថា​ ការ​អនុម័ត​ទៅ​លើ​កិច្ចសន្យា​សម្បទាន​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​សំណូមពរ​ទាំងឡាយ​ របស់​ប្រទេស​ជា​សមាជិក​ នៃ​គណៈកម្មការ​ទន្លេមេគង្គ​ទាំង​៣​ប្រទេស​ មាន​ កម្ពុជា​ វៀតណាម​ និង​ ថៃ​  ព្រមទាំង​សហគមន៍​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ និង​អង្គការ​សង្គម​ស៊ី​វិល​នានា​ មិន​ទាន់​ត្រូវ​បាន​ឆ្លើយ​តប​ និង​ដោះស្រាយ​ប្រកបដោយ​អត្ថន័យ​នៅឡើយ​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា​ លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​ឡាវ​ក៏​មិន​បាន​គោរព​ស្មារតី​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដែល​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ មាន​កម្ពុជា​ ឡាវ​ ថៃ​ និង​ វៀតណាម​ បាន​ឯកភាព​គ្នា​ថា​ ការ​សម្រេច​ទៅ​លើ​ការពិគ្រោះ​យោបល់​ជា​មុន​ នៃ​ទំនប់​វា​រី​អគ្គិសនី​ដែល​កំពុង​ស្នើ​ឡើង​នេះ​ ត្រូវ​បញ្ជូន​បន្ត​ទៅ​ពិភាក្សា​ និង​សម្រេច​នៅ​កម្រិត​ក្រុមប្រឹក្សា​ (Council)​ ដែល​រួម​មាន​ រដ្ឋាភិបាល​កម្រិត​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​បួន​ ពីព្រោះ​ពួក​គេ​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​ជា​រួម​មួយ​ ពី​ដំណើរការ​នៃ​គម្រោង​នេះ​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​ស៊ី​វិល​ សូម​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឡាវ​ ទី​១​ ត្រូវ​បញ្ឈប់​ ជា​បន្ទាន់​ នូវ​រាល់​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​ ដ​ន​ សា​ហុង​។​ ទី​២​ មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី​ (Power​ Purchase​ Agreement)​ មុន​ពេល​ដែល​បញ្ហា​ ឬ​សំណូមពរ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​បាន​ដោះស្រាយ​។​ ទី​៣​ កុំ​បន្ត​ឲ្យ​មានការ​ចុះ​កិច្ចសន្យា​ផ្សេង​ទៀត​លើ​គម្រោង​នេះ​ ដោយ​រួម​បញ្ចូល​ទាំង​ កិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់​ និង​ការ​សាងសង់​ (Engineering​ Procurement​ and​ Construction)​។​ ទី​៤​ ធ្វើការ​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ដែន​ ដោយ​ស្ថាប័ន​ប្រឹក្សា​យោបល់​ឯករាជ្យ​ ដោយ​មានការ​ចូលរួម​ពេញលេញ​ពី​ភាគី​ពាក់ព័ន្ធ​ ។​ ទី​៥​ ជំរុញ​ឲ្យ​មានការ​ជជែក​ ដោះស្រាយ​ និង​ឯកភាព​នូវ​រាល់​សំណូមពរ​ និង​ក្តី​ព្រួយបារម្ភ​របស់​ភាគី​ពាក់ព័ន្ធ​នានា​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។​ ទី​៦​ រដ្ឋាភិបាល​ទាំងអស់​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ត្រូវ​ដាក់​សម្ពាធ​តាម​គ្រប់​រូបភាព​ទៅ​លើ​រដ្ឋាភិបាល​ឡាវ​ ដែល​បាន​ធ្វើការ​សម្រេច​លើ​ការ​បន្ត​គម្រោង​សាងសង់​ទំនប់​ដ​ន​សា​ហុង​ជា​ឯកតោភាគី​។​

​សូម​រំឭក​ថា​ កន្លង​មក​ សម្ព័ន្ធ​ទន្លេ​កម្ពុជា​ រួម​ទាំង​អង្គការ​បរិស្ថាន​ជាតិ​ និង​អន្តរជាតិ​ធ្លាប់​សម្ដែង​ការ​ព្រួយបារម្ភ​ថា​ ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​នេះ​ មុខជា​នឹង​គំរាមកំហែង​ដល់​ផល​នេសាទ​ ពាណិជ្ជកម្ម​ និង​ការ​ចិញ្ចឹមជីវិត​ ក៏​ដូច​ជា​ភោគទ្រព្យ​ជីវសាស្ត្រ​ និង​ឧស្សាហកម្ម​ទេសចរណ៍​ នៃ​តំបន់​នេះ​ផង​ដែរ​៕​

Share

Image
Image
Image