ភ្នំពេញ ៖ រយៈពេលពីរ សប្ដាហ៍ដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានទទួលព្យាបាលកុមារមានជំងឺធ្ងន់ធ្ងរចំនួន ៧ករណី អាយុចន្លោះពី ៩ខែ ដល់ ១៣ឆ្នាំ មានកុមារី ៣នាក់ និង កុមារា ៤នាក់ មកពីរាជធានី ខេត្ដចំនួន ៦។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី១៧ ខែកុម្ភៈនេះ។
កុមារដែលមានជំងឺធ្ងន់ធ្ងរ ទាំង ៧ករណីនេះ មានកុមារកើតជំងឺរបេងធ្ងន់ធ្ងរ ដូចជាង របេងសួតគ្រាប់ខ្សាច់ របេងស្រោមខួរក្បាល និងរបេងដុំសាច់ខួរក្បាល។ កុមារទាំងអស់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយពុំត្រូវបានគិតប្រាក់ឡើយ កុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនេះ គឺស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រ។
កុមារទាំង ៧ករណីនេះ គឺត្រូវបានមើលពិនិត្យ និងមើលឃើញដោយការថតឆ្លុះ ជាមួយម៉ាស៊ីន CT ស្កែន និង MRI ដែលបញ្ជាក់ច្បាស់ដោយ មន្ទីរពិសោធន៍រកមេរោគរបេង GenExpert។ ក្រោយការពិនិត្យ កុមារទាំងអស់នេះ ពុំមានករណីណាមួយដែលមានមេរោគស៊ាំទៅនឹងថ្នាំរបេងឡើយ ពួកគេត្រូវទទួលការព្យាបាលរយៈពេល ១២ខែ។ កុមារ ទាំងអស់នេះស្ថិតនៅរាជធានីភ្នំពេញ ២នាក់ កំពង់ធំម្នាក់ ស្វាយរៀងម្នាក់ តាកែវម្នាក់ កណ្ដាលម្នាក់ និងខេត្ដកំពង់ចាមម្នាក់។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាកេរ្ដិ៍មរតករបស់លោក វេជ្ជបណ្ឌិត Beat Richner សញ្ជាតិស្វីស។ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានចាត់ទុកលោកវេជ្ជបណ្ឌិត Beat Richner គឺជាព្រះដែលបានជួយដល់កុមារខ្មែរ មានជីវភាពក្រីក្ររាប់លាននាក់។ លោកវេជ្ជបណ្ឌិត Beat Richner បានចាប់ផ្តើមបើកដំណើរការ មន្ទីរពេទ្យគុន្ធបុប្ផា នៅឆ្នាំ១៩៩២ ដើម្បីជួយព្យាបាលដល់កុមារក្រីក្រនៅកម្ពុជា ដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យនេះ ទទួលព្យាបាលកុមារក្រីក្រ មកពីគ្រប់ច្រកល្ហក នៅទូទាំងប្រទេសកម្ពុជា យ៉ាងហោចណាស់ ១៥០ ទៅ ២០០នាក់។
យោងតាមរបាយការណ៍មន្ទីរពេទ្យ គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៦ អ្នកជំងឺដែលមានជីវភាពក្រីក្រ ពិសេសស្ដ្រី និងកុមារប្រមាណជាង ១៥លាននាក់ បានទៅទទួលសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផា គិតមកដល់ឆ្នាំ២០១៧ មន្ទីរពេទ្យមនុស្សធម៌មួយនេះ មានបុគ្គលិកបម្រើការងារចំនួន ២៥០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផា ប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុង គឺគ្រូពេទ្យទាំងអស់ ដាច់ខាតមិនត្រូវទារប្រាក់ពីគ្រួសារអ្នកជំងឺឡើយ ហើយក៏គ្មានគ្រូពេទ្យណាម្នាក់ ឆ្លៀតធ្វើការងារក្រៅម៉ោង នៅគ្លីនិកឯកជននោះដែរ។ បច្ចុប្បន្ននេះមន្ទីរពេទ្យមនុស្សធម៌នេះ មានសាខានៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕