en     km
en     km

អាជ្ញាធរថៃការពារខ្លួនករណីនិរទេសសកម្មជនស្រីម្នាក់មកកម្ពុជាបន្ទាប់ពីរងការថ្កោលទោស

Share

ភ្នំពេញ៖យោងតាម កាសែតThai The Nation ដែលបានដកស្រង់សំដីអ្នកនំាពាក្យក្រសួងការបរទេសថៃបានចុះផ្សាយនៅថ្ងៃសុក្រនេះថាការនិរទេសស្រ្តីខ្មែរម្នាក់មកកម្ពុជា គឺស្របទៅតាមច្បាប់អន្តោប្រវេសន៍ថៃនិងជាកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រទេសទំាងពីរ។ អ្នកឃ្លាំងមើលសិទិ្ធមនុស្សយល់ថាមានហេតុផលពីរដែលរដ្ឋាភិបាលថៃគួរឬមិនគួរបញ្ជូនសកម្មជនរូបនេះ។

                               ជនសង្ស័យឈ្មោះ សំ សុខា នៃសកម្មភាពគប់ស្លាកគណបក្សCPP។រូបភាព៖ facebook

ស្រ្តីខ្មែរម្នាក់នេះគឺនាង សំ សុខា សកម្មជនអតីតគណបក្សសង្រ្គោះជាតិ បានរត់ភៀសខ្លួនទៅប្រទេសថៃ បន្ទាប់ពីសាលាដំបូងខេត្តកំពងស្ពឺកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នំា ២០១៧ បានចេញដីការចាប់ខ្លួនក្រោម​បទចោទជេរប្រមាថនិងញុះញង់ឲ្យមានការរើសអើង ក្រោយពីនាង យកស្បែកគប់ស្លាកគណបក្សប្រជា​ជនកម្ពុជាដែលមានរូបថតប្រធានរដ្ឋសភាសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នំា ២០១៨ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្រ្គោះជាតិ នាង សំ សុខា នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតក្រោយពីអាជ្ញាធរថៃនិរទេសមកកម្ពុជាដោយសារទិដ្ឋាការរបស់នាងអស់សពុភាព។ នាងសំ សុខា ត្រូវបានថៃនិរទេសខ្លួនចេពីប្រទេសបើទោះបីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិទទួលស្គាល់ជាជនភៀសខ្លួនរួចទៅហើយ។

កាសែតThai the Nation ចុះផ្សាយថា ក្រសួងការបរទេសថៃដែលបានអះអាងចំពោះការ និរទេសស្រ្តីខ្មែរម្នាក់មកកម្ពុជាដូចនេះ គឺធ្វើឡើងស្របទៅច្បាប់អន្តោប្រវេសន៍ថៃនិងជាកិច្ចសហប្រតិបត្តិការរវាងនគរបាលកម្ពុជា-ថៃ។

អ្នកនំាពាក្យក្រសួងការបរទេសថៃ លោក Busadee Santipitaks បានបញ្ជាក់បន្ថែមថា ថ្វីបើប្រទេសថៃមាន គោលការណ៍ជាមួយទីភ្នាក់ងារពាក់ព័ន្ធក៏ដោយ តែថៃ បានពិចារណាយ៉ាងប្រុងប្រយ័ត្នថាការនិរទេសនេះនឹងមិនក្លាយរឿងគ្រោះថ្នាក់នោះទេ។

លោកឧត្តមសេនីយ៍ ខៀស សុភ័ក្រ កាលពីសប្តាហ៍មុនច្រានចោលថាកម្ពុជាមិនបានដាក់សម្ពាធទៅអាជ្ញាធរថៃឲ្យបញ្ជូនអ្នកនាង សំ សុខាមកកម្ពុជាទេគឺនាងត្រូវបានអាជ្ញារថៃបញ្ជូនដោយរកឃើញថារស់នៅខុសច្បាប់ព្រោះទិដ្ឋារបស់នាងផុតកំណត់។

បើតាមអ្នកនំាពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ឲ្យដឹងថាកម្ពុជា-ថៃ ពុំទាន់មានកិច្ចព្រមព្រៀង​បត្យា​ប័នទេប៉ុន្តែភាគីទំាងពីរអាចធ្វើការស្នើសុំបត្យាប័នក្នុងករណីចំាបាច់ណាមួយ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បាននិយាយថាការនិរទេសនាង សំ សុខា គឺជាការរំលោភបំពានយ៉ាងជាក់ស្តែងលើច្បាប់អន្តរជាតិដែល ហាមបញ្ជូនជនភៀសខ្លួនទៅប្រទេស​កំណើត ធ្វើឱ្យជនភៀសខ្លួន ស្ថិតក្នុងគ្រោះថ្នាក់។

តាមកាសែត របស់ប្រទេស នេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន​(UNHCR)​កំពុងបន្តស្វែងរកភាពច្បាស់លាស់អំពីស្ថានភាពការនិរទេសដោយទទូចឲ្យអាជ្ញាធរថៃបញ្ឈប់វិធានការបែបនេះនៅពេលអនាគត។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងរៀបចំការពិភាក្សាពីស្ថានភាពស្រដៀងគ្នានេះដើម្បីរដ្ឋាភិបាលថៃពិនិត្យឡើងកាតព្វកិច្ចគោលការណ៍គោរពសិទ្ធិមនុស្សអន្តរជាតិ។

លោក អ៊ំ សំអាត ប្រធានផ្នែកបច្ចេកទេសនៃ អង្គការសិទ្ធិមនុស្សលីកាដូ បានពន្យល់ ប្រាប់វិទ្យុស្ត្រីថា
ករណី​​នាង សំ សុខា មានហេតុផលពីរ យ៉ាង គឺករណី នាងបានសិទ្ធិពីអង្គការសហប្រជាជាតិហើយនោះ គឺថៃគួរគោរតាម ។តែបើ មានករណីថ្លោះថ្លោយរបស់អង្គការសហប្រជាជាតិ គឺជារឿងមួយផ្សេងទៀត ។

លោក អ៊ំ សំអាត៖«ថៃមានMOUជាមួយUNHCRវាត្រូវតែគោរពទោះបីជាទិដ្ឋាការអស់ក៏ដោយតែគាត់មានសុពលភាពសម្រាប់UNHCRដែលគេទទួលស្គាល់ជាសិទ្ធិភៀសខ្លួន ជនភៀសខ្លួនសម្រាប់រងចំាប្រទេស​ទី៣ណាទទួលគាត់ប៉ុនប្រសិនគាត់មិនទាន់បានទទួលសិទ្ធិជ្រកកោននឹងទេអាហ្នឹងថៃគេធ្វើបានន័យថា​ទៅ​តាមការរស់នៅវាផុតសុពលភាពvisaនិងហើយ។»

កាលពីថ្ងៃទី ២៥ មករា ឆ្នំា ២០១៨ សាលាដំបូងខេត្តកំពង់ស្ពឺបានកាត់ទោសកំបាំងមុខនាងសំ សុខា ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នំា ក្រោមបទចោទប្រកាន់ជេរប្រមាថនិងញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៤ ៤៩៦ និង៥០២នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បស្រ្តីសកម្មជនបក្សប្រឆាំងរូបនេះ កំពុងស្ថិតក្នុង ការឃុំខ្លួន របស់ តុលាការខេត្តកំពង់ស្ពឺ៕

Share

ព័ត៌មានទាក់ទង

Image