en     km
en     km

​ជំងឺផ្តាសាយបក្សី​H5N1​មួយ​ករណី​នៅ​ខេត្តព្រៃវែង​

Share

​ភ្នំពេញ​៖​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​មន្ទីរ​ពី​សោធន៍​សុខា​ភាព​សត្វ​បាន​រក​ឃើញ​ថា​ជំងឺផ្តាសាយបក្សី​H5N1​មួយ​ករណី​កើត​មាននៅ​លើ​សត្វ​មាន់​មួយ​ក្បាល​នៅ​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​។​ប្រធាន​មន្ទីរ​អះអាង​ថា​ជំងឺផ្តាសាយបក្សី​H5N1​មិន​ទាន់​មានការ​រីក​រាលដាល់​និង​ឆ្លង​មក​នុស្ស​នៅឡើយ​ទេ​។​

                           កសិករអោយចំណីមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់លក្ខណៈគ្រួសារនៅខេត្តព្រះវិហារ។រូបភាព៖ធូ វិរៈ

​ការ​រក​ឃើញ​ជំងឺផ្តាសាយបក្សី​H5N1​មួយ​ករណី​នៅ​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ជា​ករណី​ទី​៦​ហើយ​បន្ទាប់​ពី​ជំងឺ​ ផ្តាសាយ​បក្សី​ នៅ​ស្រុក​ព្រៃឈរ​ និង​ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ស្រុក​ស្ទោង​ ខេត្តកំពុងធំ​ ខ័​ណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ដែល​ករណី​ទាំងនោះ​ពុំ​រក​ឃើញ​ថា​ឆ្លង​មក​មនុស្ស​ទេ​។​

​លោក​ អ៊ុ​ក​ សំណាង​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​មន្ទីរ​ពី​សោធន៍​សុខា​ភាព​សត្វ​ធ្វើការ​ពិសោធន៍​ទៅ​លើ​សំណាក​សត្វ​មាន់​មួយ​ក្បាល​កាលពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​ម្សិលមិញ​បាន​រក​ឃើញ​ជំងឺផ្តាសាយបក្សី​ H5N1​មួយ​ករណី​។​

​លោក​ អ៊ុ​ក​ សំណាង​៖«​មន្ត្រី​ជំនាញ​របស់​យើង​តែងតែ​ចុះ​ប្រមូល​យក​សំណាក​ពី​សត្វ​មាន់​ សត្វ​ទា​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ ដើម្បី​ទៅ​វិទ្យាស្ថាន​ជាតិ​ក្នុង​ការ​ពិសោធន៍​ស្រាវជ្រាវ​។​លើក​នេះ​យើង​រក​ឃើញ​មាន​វត្តមាន​ករណី​វត្តមាន​ជំងឺផ្តាសាយបក្សី​មួយ​ករណី​។​ប៉ុន្តែ​វា​មិន​ទាន់​មាន​ភាព​ផ្ទុះ​ច្រើន​អ្វី​ទេ​។​»

​លោក​ អ៊ុ​ក​ សំណាង​ បន្ថែម​ថា​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល​បាន​ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ប៉ះពាល់​មាន់​ឈឺ​ឬ​ងាប់​និង​បរិភោគ​និង​លក់​បន្ត​ទៅ​កាន់​ទីផ្សារ​។​លោក​បន្ត​ថា​ អាជ្ញាធរ​ហាម​មិន​ឲ្យ​មានការ​ដឹក​ជញ្ជូន​សត្វ​មាន់​ទា​នៅ​តំបន់​មាន​ជំងឺផ្តាសាយបក្សី​។​

​លោក​ អ៊ុ​ក​ សំណាង​៖«​ត្រួតពិនិត្យ​និង​បិទ​ការ​ចរាចរណ៍​សត្វ​មាន់​ ទា​ ឆ្លង់កាត់​ពី​តំបន់​និង​ទៅ​ក្រៅ​ ហើយពី​ក្រៅ​ឆ្លងកាត់​ពី​តំបន់​ដែល​យើង​ហ៊ុំ​ព័ន្ធ​និង​។​ទី​២​យើង​ចាត់វិធានការ​បច្ចេកទេស​ដូច​ជា​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ការ​អប់រំ​ប្រជាជន​ហើយ​ជា​ពិសេស​តាមដាន​រាល់​សត្វ​ទាំងឡាយ​របស់​ប្រជា​កសិករ​នៅ​ក្នុង​តំបន់​នឹង​ប្រសិនបើ​មាន​ឈឺ​ មាន​ស្រ​កុក​ចាត់វិធានការ​បសុពេទ្យ​ដូច​ជា​ត្រូវ​កម្ទេច​ចោល​ឬ​មិន​ឲ្យ​ជ​ម្លៀ​ល​ទៅ​តំបន់​ផ្សេង​ ហាម​បរិភោគ​។​»

​ពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​ លើស​ពី​ ៣៨.៥​អង្សារ​សេ​ និង​មាន​រោគ​សញ្ញា​ ក្អក​ ឬ​ឈឺ​ក​ ឬ​ក៏​ដកដង្ហើម​ហត់​ ហើយ​មាន​ប្រវត្ដិ​ ធ្លាប់​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ ឈឺ​ ឬ​ងាប់​ ក្នុងអំឡុងពេល​ ៧​ថ្ងៃ​ មុន​ពេល​ចេញ​រោគ​សញ្ញា​ គឺ​ចាត់​ទុក​ថា​ ជា​ករណី​សង្ស័យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​។​ ពលរដ្ឋ​ត្រូវ​រួត​រះ​ បញ្ជូន​អ្នកជំងឺ​ ទៅ​កាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើការ​តាមដាន​ និង​ព្យាបាល​ ។​ ប្រជាពលរដ្ឋ​ត្រូវ​ ប្រញាប់​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត​ ឬ​ហៅ​ទួ​រ​ស័ព្ទ​ទៅ​កាន់​លេខ​ ១១៥​ ដើម្បី​រាយការណ៍​ជំងឺ​រា​ត្បា​ត​ផ្សេងៗ​។

​ចាប់តាំងពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​ ២០១៤​ ក្នុង​ប្រទេស​កម្ពុជា​ ជំងឺផ្ដាសាយបក្សី​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​ ៥៦​ករណី​ ដែល​ក្នុង​នោះ​មាន​ ៣៧​ករណី​បាន​ស្លាប់​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ២៦​ករណី​ ហើយ​បង្ក​ឲ្យ​ស្លាប់​ ១៤​ករណី​ និង​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​ចំនួន​ ៩​ករណី​ និង​បាន​បង្ក​ឲ្យ​ស្លាប់​ចំនួន​ ៤​ករណី​។​

​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ឬ​Center​ of​ Disease​ Control​ and​ Prevention​ បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពីដើម​ខែមករា​នេះ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​ផ្តាសាយ​បក្សី​ក្នុង​ទីផ្សារ​សាច់សត្វ​បក្សី​នៅ​កម្ពុជា​។​

​ក្រុម​ជំនាញ​នៃ​មជ្ឈមណ្ឌល​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​បាន​ធ្វើការ​ពិសោធន៍​សំណាក​ចំនួន​៩៤០​។​ក្នុង​នោះ​សំណាក​សត្វ​មាន់​និង​សត្វ​ទា​៣៧៦​សំណាក​និង​សំណាក​១៨៨​ពី​លាមក​សត្វ​បក្សី​ក៏​ត្រូវ​បាន​ពិសោធន៍​រក​វិ​រុស​ផ្តាសាយ​បក្សី​។​ (CDC)​បាន​រក​ឃើញ​ថា​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ​A​ H5​ H7​ និង​H9​ផ្ទុក​នៅ​ក្នុង​សាច់​ទា​មាន​រហូត​ដល់​៥១,៣​ ភាគរយ​និង​សត្វ​មាន់​៣៩,៦​ភាគរយ​។​វីរុស​ផ្តាសាយ​បក្សី​ H5​និង​H9​មាន​ផ្ទុក​នៅ​ក្នុង​សាច់សត្វ​ទា​០,៨​ភាគរយ​និង​៤,៥​ភាគរយ​ក្នុង​សត្វ​មាន់​។​

​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​(CDC)​បន្ថែម​ថា​វីរុស​ផ្តាសាយ​បក្សី​រីក​រាលដាល​ខ្លាំង​លើ​បក្សី​រស់​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា​គឺ​វីរុស​ផ្តាសាយ​បក្សី​ H5N1​។​វីរុស​ផ្តាសាយ​បក្សី​មាន​កម្រិត​ទាប​ប្រភេទ​A​ (H7N9)​និង​(H9N2)​ក៏​កំពុង​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ជាស​កល​ដែល​ឥ​ទ្ធ​ពល​វីរុស​នេះ​ឆ្លង​មក​មនុស្ស​នៅ​ពេល​អ្នកជំងឺ​ប៉ះពាល់​បក្សី​ផ្ទាល់​។​

​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​(CDC)​រក​ឃើញ​វិ​រុស​ផ្តាសាយ​បក្សី​ H5​មាននៅ​ក្នុង​សាច់​មាន់​១៦,៨​ភាគរយ​ សាច់​ទា​២០,៥​ភាគរយ​និង​៧៦,៦​ភាគរយ​ក្នុង​លាមក​សត្វ​បក្សី​។​ វិ​រុស​ផ្តាសាយ​បក្សី​ H7​ មាន​០,៥​ភាគរយ​ក្នុង​សាច់​មាន់​ ១,១​ភាគរយ​ក្នុង​សាច់​ទា​និង​២,១​ភាគរយ​ក្នុង​លាមក​បក្សី​។​ចំណែក​វីរុស​ផ្តាសាយ​បក្សី​ H9​ផ្ទុក​ក្នុង​សាច់​មាន់​១០,៩​ភាគរយ​ ១,១​ភាគរយ​ ក្នុង​សាច់​ទា​និង​ក្នុង​លាមក​សត្វ​បក្សី​៤០,៤​ភាគរយ​៕

Share

Image
Image
Image