ភ្នំពេញ៖ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថាមន្ទីរពីសោធន៍សុខាភាពសត្វបានរកឃើញថាជំងឺផ្តាសាយបក្សីH5N1មួយករណីកើតមាននៅលើសត្វមាន់មួយក្បាលនៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។ប្រធានមន្ទីរអះអាងថាជំងឺផ្តាសាយបក្សីH5N1មិនទាន់មានការរីករាលដាល់និងឆ្លងមកនុស្សនៅឡើយទេ។
ការរកឃើញជំងឺផ្តាសាយបក្សីH5N1មួយករណីនៅស្រុកបាភ្នំ ខេត្តព្រៃវែងជាករណីទី៦ហើយបន្ទាប់ពីជំងឺ ផ្តាសាយបក្សី នៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ស្រុកស្ទោង ខេត្តកំពុងធំ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលករណីទាំងនោះពុំរកឃើញថាឆ្លងមកមនុស្សទេ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថាមន្ទីរពីសោធន៍សុខាភាពសត្វធ្វើការពិសោធន៍ទៅលើសំណាកសត្វមាន់មួយក្បាលកាលពីថ្ងៃទី១៤ កុម្ភៈម្សិលមិញបានរកឃើញជំងឺផ្តាសាយបក្សី H5N1មួយករណី។
លោក អ៊ុក សំណាង៖«មន្ត្រីជំនាញរបស់យើងតែងតែចុះប្រមូលយកសំណាកពីសត្វមាន់ សត្វទា បញ្ជូនទៅអគ្គនាយកដ្ឋាន ដើម្បីទៅវិទ្យាស្ថានជាតិក្នុងការពិសោធន៍ស្រាវជ្រាវ។លើកនេះយើងរកឃើញមានវត្តមានករណីវត្តមានជំងឺផ្តាសាយបក្សីមួយករណី។ប៉ុន្តែវាមិនទាន់មានភាពផ្ទុះច្រើនអ្វីទេ។»
លោក អ៊ុក សំណាង បន្ថែមថាមន្ត្រីជំនាញនៃក្រសួងសុខាភិបាលបានចុះទៅបាញ់ថ្នាំសម្លាប់មេរោគនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យប៉ះពាល់មាន់ឈឺឬងាប់និងបរិភោគនិងលក់បន្តទៅកាន់ទីផ្សារ។លោកបន្តថា អាជ្ញាធរហាមមិនឲ្យមានការដឹកជញ្ជូនសត្វមាន់ទានៅតំបន់មានជំងឺផ្តាសាយបក្សី។
លោក អ៊ុក សំណាង៖«ត្រួតពិនិត្យនិងបិទការចរាចរណ៍សត្វមាន់ ទា ឆ្លង់កាត់ពីតំបន់និងទៅក្រៅ ហើយពីក្រៅឆ្លងកាត់ពីតំបន់ដែលយើងហ៊ុំព័ន្ធនិង។ទី២យើងចាត់វិធានការបច្ចេកទេសដូចជាចុះបាញ់ថ្នាំសម្លាប់មេរោគ ការអប់រំប្រជាជនហើយជាពិសេសតាមដានរាល់សត្វទាំងឡាយរបស់ប្រជាកសិករនៅក្នុងតំបន់នឹងប្រសិនបើមានឈឺ មានស្រកុកចាត់វិធានការបសុពេទ្យដូចជាត្រូវកម្ទេចចោលឬមិនឲ្យជម្លៀលទៅតំបន់ផ្សេង ហាមបរិភោគ។»
ពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥អង្សារសេ និងមានរោគសញ្ញា ក្អក ឬឈឺក ឬក៏ដកដង្ហើមហត់ ហើយមានប្រវត្ដិ ធ្លាប់ប៉ះពាល់ជាមួយសត្វបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ថ្ងៃ មុនពេលចេញរោគសញ្ញា គឺចាត់ទុកថា ជាករណីសង្ស័យឆ្លងជំងឺផ្ដាសាយបក្សី។ ពលរដ្ឋត្រូវរួតរះ បញ្ជូនអ្នកជំងឺ ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុតដើម្បីធ្វើការតាមដាន និងព្យាបាល ។ ប្រជាពលរដ្ឋត្រូវ ប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរដែលនៅជិតបំផុត ឬហៅទួរស័ព្ទទៅកាន់លេខ ១១៥ ដើម្បីរាយការណ៍ជំងឺរាត្បាតផ្សេងៗ។
ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១៤ ក្នុងប្រទេសកម្ពុជា ជំងឺផ្ដាសាយបក្សីបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះមាន ៣៧ករណីបានស្លាប់ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។ នៅក្នុងឆ្នាំ ២០១៣ មានករណីមនុស្សឆ្លងជំងឺផ្ដាសាយបក្សីចំនួន ២៦ករណី ហើយបង្កឲ្យស្លាប់ ១៤ករណី និងនៅក្នុងឆ្នាំ២០១៤ មានករណីមនុស្សឆ្លងជំងឺផ្ដាសាយបក្សីចំនួន ៩ករណី និងបានបង្កឲ្យស្លាប់ចំនួន ៤ករណី។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងឬCenter of Disease Control and Prevention បានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួនកាលពីដើមខែមករានេះអំពីការរីករាលដាលនៃវីរុសផ្តាសាយបក្សីក្នុងទីផ្សារសាច់សត្វបក្សីនៅកម្ពុជា។
ក្រុមជំនាញនៃមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបានធ្វើការពិសោធន៍សំណាកចំនួន៩៤០។ក្នុងនោះសំណាកសត្វមាន់និងសត្វទា៣៧៦សំណាកនិងសំណាក១៨៨ពីលាមកសត្វបក្សីក៏ត្រូវបានពិសោធន៍រកវិរុសផ្តាសាយបក្សី។ (CDC)បានរកឃើញថាការរីករាលដាលយ៉ាងខ្លាំងនៃវីរុសផ្តាសាយបក្សីប្រភេទA H5 H7 និងH9ផ្ទុកនៅក្នុងសាច់ទាមានរហូតដល់៥១,៣ ភាគរយនិងសត្វមាន់៣៩,៦ភាគរយ។វីរុសផ្តាសាយបក្សី H5និងH9មានផ្ទុកនៅក្នុងសាច់សត្វទា០,៨ភាគរយនិង៤,៥ភាគរយក្នុងសត្វមាន់។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង(CDC)បន្ថែមថាវីរុសផ្តាសាយបក្សីរីករាលដាលខ្លាំងលើបក្សីរស់ដាក់លក់ក្នុងទីផ្សារកម្ពុជាគឺវីរុសផ្តាសាយបក្សី H5N1។វីរុសផ្តាសាយបក្សីមានកម្រិតទាបប្រភេទA (H7N9)និង(H9N2)ក៏កំពុងគំរាមកំហែងដល់សុខភាពសាធារណៈជាសកលដែលឥទ្ធពលវីរុសនេះឆ្លងមកមនុស្សនៅពេលអ្នកជំងឺប៉ះពាល់បក្សីផ្ទាល់។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង(CDC)រកឃើញវិរុសផ្តាសាយបក្សី H5មាននៅក្នុងសាច់មាន់១៦,៨ភាគរយ សាច់ទា២០,៥ភាគរយនិង៧៦,៦ភាគរយក្នុងលាមកសត្វបក្សី។ វិរុសផ្តាសាយបក្សី H7 មាន០,៥ភាគរយក្នុងសាច់មាន់ ១,១ភាគរយក្នុងសាច់ទានិង២,១ភាគរយក្នុងលាមកបក្សី។ចំណែកវីរុសផ្តាសាយបក្សី H9ផ្ទុកក្នុងសាច់មាន់១០,៩ភាគរយ ១,១ភាគរយ ក្នុងសាច់ទានិងក្នុងលាមកសត្វបក្សី៤០,៤ភាគរយ៕