ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថ្មីមួយដោយសម្ដែងការខកចិត្ត ដែលអាជ្ញាធរព្រះរាជាណាចក្រថៃ កាលពីថ្មីៗនេះបាន ចាប់បង្ខំអ្នកភៀសខ្លួនម្នាក់ គឺនាង សំ សុខា មកឱ្យអាជ្ញាធរកម្ពុជា។
នាង សំ សុខា ត្រូវបាននាំខ្លួនមកកាន់តុលាការ ខេត្តកំពង់ស្ពឺ ដោយដាក់ឱ្យប្រឈមមុខ នឹង ទោសព្រហ្មទណ្ឌករណីប្រមាថ ថ្នាក់ដឹកនាំបក្សកាន់អំណាច ដោយយកស្បែកជើងរបស់ខ្លួន គប់លើរូបថត សម្ដេច ហេងសំរិន ប្រធានរដ្ឋសភា និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មាននៅក្នុងស្លាកគណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០១៧។
តាមគេហទំព័រ The Star online ដែលស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Katina Adams មកចុះផ្សាយនៅថ្ងៃទី១៤ កុម្ភៈនេះថា អាមេរិកមានព្រួយបារម្ភជាខ្លាំង ករណីរបស់នាង សំ សុខា។ អាមេរិកនិយាយថា ទោះបីនាងទទួលបានឋានៈជាជនភៀសខ្លួន ពីអង្គការសហប្រជាជាតិ ក៏ដោយតែបែរជាត្រូវបានចាប់បង្ខំមកប្រទេសកម្ពុជាវិញ។ អ្នកនាំពាក្យរូបនេះថា ករណីនាង សំ សុខា ធ្វើឱ្យអាមេរិកត្រូវរិះគន់រដ្ឋាភិបាលថៃ ដែលសម្រេចដូចនេះ។
វិទ្យុស្ត្រី មិនអាចសុំការឆ្លើយតបពីមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជាបានទេ ដោយគ្មានប្រភពដើម្បីទាក់ទង។
តែយ៉ាងណា លោក ខៀវសុភ័គ អ្នកនាំពាក្យលក្រសួងមហាផ្ទៃបាន ឱ្យវិទ្យុស្ត្រីដឹងកាលពីថ្មីៗនេះថា អាជ្ញាធរកម្ពុជាបានទៅនាំខ្លួននាង សំ សុខា នៅច្រកអន្តរជាតិប៉ោយប៉ែត។ តែលោកថា កម្ពុជាមិនបាន បង្ខំអាជ្ញាធរថៃទេ គឺដោយសារនាង សំ សុខា ប្រើប្រាស់ទិដ្ឋាការអស់សុពលភាព។ តាមកាសែតភ្នំពេញ ប៉ុស្តិ ចុះផ្សាយថា សមកម្មជនបក្សប្រឆាំងប្រហែលមួយរយនាក់កំពុងស្នាក់នៅប្រទេសថៃ ដែលពួកគាត់ភៀសខ្លួនបន្ទាប់ពីគណបក្សប្រសង្គ្រោះជាតិត្រូវបានរំលាយកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧៕