លោកស ខេង និងលោកសម រង្ស៊ី គ្រោងនឹងជួបប្រជុំគ្នានៅវិមានរដ្ឋសភានាល្ងាចថ្ងៃពុធ ទី២៣ ខែកញ្ញាស្អែកនេះ ដើម្បីពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
យោងសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា ថ្នាក់ដឹកនាំតំណាងរាស្ដ្រ នៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺលោកស ខេង ជាថ្នាក់ដឹកនាំតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៊ី ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំពិភាក្សាគ្នាអំពី វិសោធនកម្មច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅវិមានរដ្ឋសភា នាម៉ោង ១៧:៣០នាទីល្ងាច។
សូមរំឭកថា ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ កាលពីដើមខែកញ្ញានេះ លោក ស ខេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា និងក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនឃោសនាក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ឆ្លងកាត់ឃុំ និងសង្កាត់ផ្សេងឡើយ ព្រោះពិបាកក្នុងការពារសណ្តាប់ធ្នាប់សន្តិសុខ។ នៅក្នុងពិធីនោះដែរ លោក ស ខេង ទម្លាយព័ត៌មានឲ្យដឹងដែរថា គណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើការហែក្បួនឃោសនាឆ្លងកាត់ឃុំសង្កាត់ និងរយៈពេលនៃការឃោសនា៕