ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងទេសាទឲ្យដឹងថាសាច់ មាន់ ទា ត្រីនិងសាច់ជ្រូកមានតម្រូវការខ្ពស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១៥ខែកម្ភៈ ឆ្នាំ២០១៨នេះ។ ប៉ុន្តែការនាំចូលសាច់មាន់និងសាច់ជ្រូកពីប្រទេសវៀតណាមថយចុះបន្តិចដោយសារតម្លៃឡើងខ្ពស់។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ប្រារព្ធធ្វើឡើងរយៈពេលបីចាប់ពីថ្ងៃ១៥ដល់ថ្ងៃ ១៨ខែកម្ភៈ ឆ្នាំ២០១៨នេះ។នៅថ្ងៃទី១៥ ខែកុម្ភៈស្អែកនេះ ពលរដ្ឋភាគតិចចិននិងវៀតណាមនិងពលរដ្ឋ ខ្មែរកាត់សែ ស្រឡាយចិននឹងចាប់ចំអិនម្ហូបអាហារសែនកុងម៉ាស្ទើគ្រប់ផ្ទះដើម្បីអប់អរឆ្នាំថ្មីនិងសុំសេរីសួស្តីរកស៊ីមានបានជាដើម។
លោក សេន សុវណ្ណ ប្រតិភូរដ្ឋាភិបាលនិងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភាពសត្វនិងផលិតកម្មសត្វរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា ក្នុងរយៈពេលចូលឆ្នាំចិនបីថ្ងៃនេះតម្រូវការសាច់សម្រាប់ចំអិនម្ហូហអាហារ មានសាច់ មាន់ ទា ត្រីនិងសាច់ជ្រូកមានការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។
លោក សេន សុវណ្ណ ៖«តម្រូវការកន្លងមកការប្រើប្រាស់មាន់នៅលើទីផ្សារយើងជាប្រចាំប្រហែលជា៦០ភាគរយនៃសាច់ទូទៅ។អញ្ចឹងថ្ងៃនេះ ស្អែកនេះវាត្រូវតែកើនឡើង១០០ភាគរយសឹងគ្រប់ផ្ទះទាំងអស់ត្រូវការមាន់ហើយជ្រូកក៍ដូចគ្នាជាទូទៅគឺយើងផ្គត់ផ្គងទីផ្សារសាច់ប្រហែលជា៣៥ភាគរយ អញ្ចឹងថ្ងៃនេះយើងថាកើនឡើងដល់៥០ភាគរយចោះ។»
លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភាពសត្វនិងផលិតកម្មសត្វ បញ្ជាក់ថាការនាំចូល មាន់ពីរប្រមាណ២ម៉ឺនក្បាលនិងជ្រូកប្រមាណ៧០០ក្បាលពីប្រទេសវៀតណាម។លោកអះអាងថាការនាំចូលជ្រូកសាច់ពីវៀតណាមនៅត្រឹងដូចថ្ងៃធម្មតាព្រោះសាច់ជ្រូកឡើងថ្លៃខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។
លោក សេន សុវណ្ណ៖«ការនាំចូលអត់មាននាំចូលគំហុកប៉ុន្តែការនាំចូលភាគច្រើននាំចូលមាន់សាច់មិនមាន់ស្រុកយើងទេ។អញ្ជឹងមាន់សាច់អត់មានការប្រែប្រួលទេ។ដោយសារតម្លៃវាប្រហាក់ប្រហែលគ្នាជាមួយប្រទេសជិតខាងអញ្ជឹងការនាំចូលមាន់ជាមធ្យមប្រហែលខ្ទង់២ម៉ឺនក្បាលនិងជ្រូកប្រហែល៧០០ក្បាលក្នុងមួយថ្ងៃ។»
ដូចគ្នានេះដែរ ប្រធានសមាគមចិញ្ចឹមជ្រូក លោក ស្រ៊ុន ពៅ ឲ្យដឹងថាការនាំចូលជ្រូកពីប្រទេសវៀតណាម មានការថយចុះជាងមុនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះព្រោះតម្លៃជ្រូកនិងតម្រូវការសាច់ជ្រូកឡើងខ្ពស់នៅប្រទេសវៀតណាម។ប៉ុន្តែលោកថាការនាំចូលកូនជ្រូកសម្រាប់ធ្វើជ្រូកខ្វៃមានកើនឡើង។
លោក ស្រ៊ុន ពៅ បន្ថែមថា ការនាំចូលថយចុះនាំឲ្យតម្លៃជ្រូកនិងតម្រូវការសាច់ជ្រូកក្នុងស្រុកមានការកើនឡើងប្រមាណ៦៥០០រៀលសម្រាប់កសិករនិងម្ចាស់អាជីវកម្មចិញ្ចឹមជ្រូកខ្នាតតូចក្នុងស្រុក។ចំណែកតម្លៃជ្រូកសាច់របស់ក្រុមហ៊ុនមានតម្លៃរហូតដល់៧០០០រៀល។តែលោកថាតម្លៃនេះនៅមិនទាន់ផ្តល់ផលចំណេញដល់កសិករនិងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅឡើយទេ។
លោក ស្រ៊ុន ពៅ ៖«កាលមុននាំចូលខ្លាំងឥឡូវវាថយដោយសារជ្រូកខាងវៀតណាមឡើងថ្លៃទៅហើយបន្ទាប់មកជ្រូកក្នុងស្រុកក៏បានឡើងថ្លៃវាឡើងយឺតៗ។រាល់ថ្ងៃជ្រូកកសិករបានខ្ទង់៦២០០រៀលទៅ៦៥០០រៀល។តែម្លៃកសិករនៅខាតទេបើកសិករចំណេញទាល់តម្លៃជ្រូករស់ដល់៨០០០រៀលបានចំណេញ។»
បើយោងតាមការសែតខ្មែរថាមស៍ដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថាអត្រាកំណើនប្រជាជន កំណើនសំណង់ទីក្រុងនិងសេដ្ឋកិច្ចដែលបានបង្កើតឱកាសសម្រាប់កំណើនក្នុងវិស័យបសុសត្វ។
របាយការណ៍នេះបន្ថែមថាអត្រាកំណើនប្រជាជនប្រចាំឆ្នាំ១,៨ភាគរយដែលគេប៉ានប្រមាណថាតម្រូវការសាច់ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២៤នឹងកើនពី២៨ម៉ឺនតោនទៅជិត៣៣ម៉ឺនតោនក្នុងមួយឆ្នាំ។
សត្វក្នុងស្រុកប្រហែល១,៣៥លានក្បាលត្រូវបានសម្លាប់យកសាច់នៅទូទាំងប្រទេស។ក្នុងនោះសត្វគោជាង៥ម៉ឺន៥ពាន់ក្បាល់ ក្របីជាង១ពាន់ក្បាល ជ្រូកជិត៣សែនក្បាលនិងមាន់ជិត១លានក្បាល ត្រូវបានសម្លាប់ យកសាច់ផ្គត់ផ្គងអាហារក្នុងស្រុក។
ទន្ទឹមនឹងតម្រូវការសាច់សត្វសម្រាប់បរិភោគមានកើនឡើងនៅឆ្នាំចិននេះលោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភាពសត្វនិងផលិតកម្មសត្វបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នកុំទទួលទាននិងប៉ះពាល់សត្វមាន់ ទា ឈឺឬងាប់និងលក់បន្តទៅកាន់ទីផ្សារទេ។បើសង្ស័យថាមានករណីបក្សីផ្ទុកជំងឺផ្តាសសាយបក្សីត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់។
កន្លងមកករណីផ្ទុះជំងឺផ្ដាសាយបក្សីលើសត្មាន់មានចំនួនប្រាំករណីគឺនៅភូមិភ្នំពេញថ្មី រាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដកំពង់ធំនិងមណ្ឌលគីរី។ប៉ុន្តែករណីជំងឺផ្តាសាយបក្សនេះពុំទាន់មានករណីឆ្លងមកមនុស្សនោះទេ៕