ភ្នំពេញ ៖ រដ្ឋសភានៅព្រឹកថ្ងៃទី១៤ កុម្ភៈនេះ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់ចំពោះជនណាដែលប្រមាថអង្គព្រះមហាក្សត្រ។ ទាក់ទងនឹងមាត្រាថ្មីនេះ មន្ត្រីជាន់ខ្ពស់ ព្រះបរមរាជវាំងបានសាទរដោយយល់ថា ប្រទេសដែលមានស្ដេចសោយរាជ្យគឺត្រូវមានវិធានដូចនេះ។
តាមសម័យប្រជុំនេះ រដ្ឋសភាបានបន្ថែមមាត្រាថ្មីមួយ គឺមាត្រា ៤៣៧ ស្ទួនបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី ១ គន្ថីទី ៤ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ទោសលើជនណាប្រមាថអង្គព្រះមហាក្សត្រ។
ការអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយសមាជិករដ្ឋសភាទាំង ១២៣រូប បានអនុម័តគាំទ្រទាំងស្រុង។
ខ្លឹមសារ នៃមាត្រា៤៣៧ស្ទួននេះ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
អនុប្រធានទី១ នៃរដ្ឋសភាលោក យូ ហុកគ្រី កូតាមកពីគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងគាំទ្រចំពោះការបន្ថែមមាត្រា ៤៣៧ស្ទួននេះថា គឺសមស្របទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ សង្គម និងប្រព័ន្ធព័ត៌មានវិទ្យានាពេលបច្ចុប្បន្ននេះ។
លោកបន្តថា ក្រមព្រហ្មទណ្ឌដែលកំពុងមានជាធរមានត្រង់គន្ថីទី៤ មាតិកាទី១ និងជំពូកទី១ ចាប់ពីមាត្រា ៤៣៣ ដល់៤៣៧ បានចែងត្រឹមតែដាក់ទោសទណ្ឌចំពោះជនណាដែលបង្កហិង្សា របួសស្នាម និងធ្វើឃាតព្រះមហាក្សក្រតែប៉ុណ្ណោះ ដោយមិនមានចែងពីការប្រមាថព្រះចេស្តាព្រះមហាក្សត្រឡើយ។
សូមស្តាប់ប្រសាសន៍លោក យូ ហុកគ្រី៖
ក្នុងបទសម្ភាសខ្លីមួយជាមួយ វិទ្យុស្ត្រី FM 102 លោក អ៊ុំ ដារាវុធ នាយកខុទ្ទកាល័យ ព្រះបរមរាជវាំង មានប្រសាសន៍គាំទ្រ មាត្រាថ្មីនៃក្រមព្រហ្មទណ្ឌនេះ អាចបំពេញ ភាពចម្លោះប្រហោង នៃមាត្រាមួយចំនួន ដែលមិនបានចែងអំពីករណីការប្រមាថព្រះមហាក្សត្រ។ លោកចាត់ទុកថា មាត្រាថ្មីនេះជាបញ្ញត្តិមួយ សមនឹងគាំទ្រ។
លោក អ៊ុំ ដារាវុធ ៖
នៅមុនសមាជិកសភាអនុម័តលើមាត្រាថ្មីនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ រួមនឹងសមាជិកសភា អាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យ កម្ពុជា ទម្លាក់ មាត្រាថ្មីនេះ ដោយចាត់ទុកថា ជាការប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ។
តែបែបនេះក្ដីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹមសន្តិភាព កាលពីសប្ដាហ៍មុនបានប្រាប់វិទ្យុស្ត្រីថា មាត្រាថ្មីនេះ សំដៅការពារ បុព្វសិទ្ធិនៃអង្គព្រះមហាក្សត្រដែលមិនឱ្យជនណា ប្រមាថបានឡើយ៕