ភ្នំពេញ ៖ ក្រសួងការងារ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានរៀបចំកិច្ចប្រជុំត្រីភាគីមួយ នៅទីស្ដីការក្រសួងការងារ ដើម្បីពិភាក្សារកវិធានការទប់ស្កាត់ករណីកម្មករ កម្មការិនីដួលសន្លប់។ កិច្ចប្រជុំនេះ រួមមានភាគីរដ្ឋាភិបាល និយោជក សហជីព និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
លោក លៀ ស៊ីណា រាយការណ៍ ៖
របាយការណ៍ឆ្នាំ២០១៧ ដែលដាក់បង្ហាញក្នុងកិច្ចប្រជុំត្រីភាគីនេះ បានរកឃើញពីមូលហេតុមួយចំនួន ដែលបង្កឲ្យ កម្មករ កម្មការិនី ដួលសន្លប់។ មូលហេតុទាំងនោះរួមមាន បញ្ហាចិត្ដសាស្ដ្រសង្គម បញ្ហារូបសាស្ដ្រ បញ្ហាគីមី និងបញ្ហា ជីវសាស្ដ្រ ។ ជារួមស្ដ្រីត្រូវបានរកឃើញថា មានអត្រាភាគរយខ្ពស់ពីការដួលសន្លប់ រហូតដល់៨២ភាគរយ។
យោងតាមប្រសាសន៍រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដែលផ្ដល់បទសម្ភាសន៍ឲ្យដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះ បញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ ក្រសួងការងារបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសមួយ ដែលដឹកនាំដោយលោករដ្ឋមន្ដ្រីក្រសួងការងារផ្ទាល់ និងមានការចូលរួមពីក្រសួងសុខាភិបាល សហជីព និយោជក អង្គការអន្ដរជាតិខាងការងារ ILO និង អង្គការសុខភាពពិភពលោក WHO ដើម្បីពិភាក្សា និងផ្ដល់ជាមតិយោបល់ដោយធ្វើយ៉ាងណា ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ឲ្យបានទាំងស្រុងនៅករណីកម្មករ កម្មការិនី ដួលសន្លប់។
លោក អ៊ិត សំហេង ៖«នៅក្នុងហ្នឹងគឺយើងនឹងខិតខំសម្រេចឲ្យបាននៅការផ្ដល់យោបល់ខាងផ្នែកបច្ចេកទេស តើត្រូវរកវិធីអ្វីខ្លះ ដើម្បីនឹងទប់ស្កាត់ កាត់បន្ថយករណីដួលសន្លប់ឲ្យនៅតិចបំផុត និងលុបបំបាត់វាឲ្យបានទាំងស្រុង»។
លើសពីនេះ ក្រសួងការងារ រួមជាមួយក្រសួងសុខាភិបាល នឹងចេញសេចក្ដីប្រកាសរួម ឬជាបទបញ្ញត្ដ ដើម្បីកំណត់នៅនីតិវិធីសម្រាប់ការអនុវត្ដ។ ក្រសួងការងារ ក៏ត្រៀមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដើម្បីឲ្យកម្មករ កម្មការនី មានការប្រុងប្រយ័ត្ន ករណីដួលសន្លប់នេះ។ លោករដ្ឋមន្ដ្រីក្រសួងការងារ បានបញ្ជាក់ទៀតថា ក្រសួងការងារ នឹងបង្កើននូវវិធានការអនុវត្ដច្បាប់ ការចុះអធិការកិច្ច បំណងធ្វើយ៉ាងណាទប់ស្កាត់ករណីដួលសន្លប់នេះ កើតឡើងជាបន្ដទៀត។
គួរឮកថា កិច្ចប្រជុំត្រីភាគី ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការទប់ស្កាត់ករណីកម្មករ កម្មការិនី ដួលស្លប់នេះ គឺបន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា បានបង្ហាញពីកង្វល់ករណីនេះ នឹងបានផ្ដល់ជាអនុសាសន៍ ឲ្យក្រសួងការងារ រួមជាមួយក្រសួងសុខាភិបាល សិក្សារកមូលហេតុឲ្យបានច្បាស់លាស់ ករណីកម្មករ ដួលសន្លប់នេះ ហើយចាត់វិធានការទប់ស្កាត់។
កន្លងមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ទៅកាន់ម្ចាស់ និងនាយកសហគ្រាស់ គ្រឹះស្ថាន នូវគោលការណ៍ចំនួន ១១ចំណុច ដែលបញ្ជា ឲ្យក្រុមនិយោជក អនុវត្ដតាមឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការការកើតមានករណីដួលសន្លប់ជា យថាហេតុ ដែលបណ្ដលមកពីបរិយាកាសទាំងក្នុង និងក្រៅអាគារផលិតកម្ម ។ ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងការងារក៏បានព្រមានទុកជាមុនផងដែរ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ដែលប្រព្រឹត្ដល្មើស ផ្ទុយនឹងសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ស្របទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ។
តែយ៉ាងណា ក្រុមសហជីពមួយចំនួន បានបង្ហាញការមើលឃើញរបស់ពួកគេថា ក្រុមថៅកែ និយោជកមួយចំនួន មិនទាន់បានអនុវត្ដតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ល្អប្រសើរនៅឡើយទេ។
គួរជម្រាបថា ក្នុងឆ្នាំ២០១៧ ករណីកម្មករ ដួលសន្លប់ បានកើតឡើងនៅរោងចក្រចំនួន ២២ ហើយមានកម្មកសន្លប់សរុប ១៦០៣នាក់ ហើយនៅក្នុងចំនួននេះមានបុរសត្រឹមតែ ០៤នាក់តែប៉ុណ្ណោះ៕