ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានផ្ញើសារដាស់តឿនដល់យុវតីកុំឆាប់ប្រគល់ខ្លួនប្រាណទៅអោយបុរសនៅថ្ងៃនៃសេចក្ដីស្រឡាញ់។
នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ ជាថ្ងៃនៃក្ដីស្រឡាញ់ ឆ្លៀតក្នុងឱកាសនេះ សម្ដេច ហ៊ុន សែន បានផ្ញើសារដាស់តឿនដល់យុវតីទាំងអស់កុំប្រគល់ខ្លួនប្រាណទៅអោយបុរសដែលជាសង្សាររបស់ខ្លួននៅថ្ងៃនៃសេចក្ដីស្រឡាញ់។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានលើកឡើងដូចនេះនៅលើគេហទំព័រហ្វេសប៊ុកលោកនៅ ថ្ងៃទី ១៣ កុម្ភៈនេះ។
សម្ដេច ហ៊ុន សែន ៖ « ថ្ងៃទី១៤ កុម្ភះ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភ័ក្តិ… សុំកូនក្មួយកុំប្រគល់ខ្លួនអោយបុរសណាទាំងអស់»។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ ថា សម្រាប់កម្ពុជា ថ្ងៃ១៤កុម្ភៈ គឺជាថ្ងៃនៃក្តីស្រឡាញ់ទូទៅមិនសំដៅដល់គូសង្សារដែលនារីត្រូវប្រគល់ខ្លួនប្រាណអោយបុរស។ តែថ្ងៃមួយនេះ អាចអោយយើងបង្ហាញក្ដីស្រឡាញ់ទៅដល់ប្រទេសជាតិ ស្រឡាញ់ទៅដល់ក្រុមគ្រួសារ ស្រឡាញ់ទៅដល់ជីដូនជីតា ស្រឡាញ់ទៅដល់ឪពុកម្តាយ ស្រឡាញ់បងប្អូន និងស្រឡាញ់ មិត្តភ័ក្តិជាដើម ៕