en     km
en     km

វត្ដមួយដែលមានវ័យចំណាស់ជាងគេនៅក្នុងស្រុកស្អាងខេត្តកណ្ដាលត្រូវការថវិកាដើម្បីជួសជុល

Share

ទីវត្តអារាម គឺជាទីកន្លែងសម្រាប់សក្ការៈបូជា និងសុំសេចក្ដីសុខដល់មនុស្សទាំងពួង។ ប៉ុន្ដែពេលនេះ ទីសក្ការៈបូជាវត្តជ្រោយ ឬស្សី មួយនេះ កំពុងមានបញ្ហា ។វត្តជ្រោយឬស្សី ដែលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល បច្ចុប្បន្ននេះ កំពុងត្រូវការថវិកាសម្រាប់ជួសជុលវិហារ និងកុដសម្រាប់ព្រះសង្ឃបន្ថែម។ នេះបើតាមព្រះចៅអធិការវត្តជ្រោយឬស្សី ព្រះតេជគុណ ស្រ៊ុន សុង ដែលបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM102 នៅក្នុងពិធីបុណ្យផ្កាសាមគ្គីដែលមានពលរដ្ឋមួយចំនួនបានចូលរួមកាលពីថ្មីៗនេះ។កញ្ញា ជាតា ជូនព័ត៌មានលម្អិត៖

 

វត្តជ្រោយឬស្សី គឺជាវត្តមួយដែលបានកសាងនៅអំឡុងសម័យសង្គមរាស្រ្ដនិយម។ ប៉ុន្ដែគួរសោកស្ដាយវត្តមួយនេះ ហាក់ដូចជាពុំសូវមានអ្នកស្គាល់ និងមិនទាន់ឃើញមានអ្នកចាប់អារម្មណ៍ ធ្វើការអភិរក្សនៅឡើយទេ។

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីវត្តជ្រោយឬស្សី  ព្រះចៅអធិការ  ស្រ៊ុន សុង មានថេរដីកាឱ្យដឹងថា វត្តជ្រោយឬស្សីជាវត្តមួយដែលនៅឆ្ងាយពីអ្នកភូមិ ហើយវត្តនេះមិនសូវមានអ្នកស្គាល់ច្រើននោះទេ។ តែខណៈដែលមានមនុស្សម្នាកាន់តែច្រើនបានស្គាល់នៅរយៈពេល ១០ឆ្នាំក្រោយនេះ វត្តនេះក៏កាន់តែមានសភាពទ្រុឌទ្រោម។

ព្រះចៅអធិការវត្តជ្រោយឬស្សី ព្រះតេជគុណ ស្រ៊ុន សុង មានថេរដីកាបន្ដថា វត្តជ្រោយឬស្សីកំពុងជួបប្រទះនឹងបញ្ហាលំបាកខ្លាំង។ 

 ព្រះតេជគុណ ស្រ៊ុន សុង ៖ «ចម្រើនពរនៅក្នុងសកម្មភាពវត្តនេះគឺមានការខ្វះខាតច្រើន ទីមួយ.មានការចាក់ដីបំពេញទីធ្លាវត្តអោយបានច្រើនសម្រាប់ងាយស្រួលអោយពុទ្ធបរិស័កគាត់អញ្ជើញមកធ្វើបុណ្យ។ ហើយទីពីរ.ទៀតព្រះសង្ឃក៏លោកមានការខ្វះខាតនៃកុដ ព្រោះសព្វថ្ងៃនេះមានតែកូនកុដពីរទេសម្រាប់ព្រះសង្ឃ ១០អង្គ ចឹងមានការគង់នៅរបៀបចង្អៀត»។

តាមព្រះចៅអធិការ ស្រ៊ុន សុង គឺ ព្រះអង្គគ្រោងនឹងជួសជុលព្រះវិហារដែលមានសភាពចាស់ទ្រុឌទ្រោមមួយចំនួននៅក្នុងវត្តនេះឡើងវិញនៅរយៈពេល ២ទៅ៣ខែខាងមុខនេះ ។

ព្រះចៅអធិការវត្តជ្រោយឬស្សី ស្រ៊ុន សុង ៖« ចឹងគឺ អាត្មារួមនឹងគណៈកម្មាការ ជាមួយតាអាចារ្យត្រៀមសព្រះវិហារ ពីព្រោះព្រះវិហារនេះអាត្មារួមមួយគណៈកម្មាការ និងលោកតាអាចារ្យ គឺថា គិតនឹងបម្រុងជួសជុលឡើងវិញអោយបានស្អាតពីព្រោះថាជាកេរ្ដិ៍ដំណែលរបស់ដូនតាដូចថាបុព្វបុរសយើងបន្សល់ទុក ហើយណាមួយព្រះវិហារនេះគេបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌផងដែរ ចឹងយើងត្រូវជួសជុលវាដើម្បីទុកដាក់ជាកេរ្ដិ៍មរតករបស់ដូនតានយើងតទៅមុខអោយបានឆ្ងាយទៅទៀតសម្រាប់អោយក្មេងៗជំនាន់ក្រោយគាត់បានដឹងថានេះជាវិហារមួយអំពីបុព្វបុរសដែលគាត់បានសាងសង់ទុកអោយ»។

តាមការបញ្ជាក់ពីព្រះចៅអធិការ ស្រ៊ុន សុង គឺគុណនិងត្រៀមជួសជុលព្រះវិហារនៅរយៈពេល ២ទៅ៣ខែខាងមុខទៀតនេះ គឺ ​នឹងធ្វើទៅតាមលទ្ធភាពដែលគណៈកម្មាការវត្តអាចធ្វើទៅបាន ។

ព្រះចៅអធិការ ស្រ៊ុន សុង៖«ពរចឹងទេគឺគ្រាន់តែយើងទៅសុំជឿនូវសម្ភារៈគេយកមកជួសជុល បន្ទាប់មកផ្សព្វផ្សាយដល់ពុទ្ធបរិស័កជិតឆ្ងាយអោយគាត់ចូលរួមចំណែកតិចច្រើនតាមកម្លាំងសទ្ធាដែលគាត់ចង់ធ្វើ »។

កត់សម្គាល់ឃើញថា ត្បិតវត្តជ្រោយឬស្សី មិនមានឯកឧត្ដម អ្នកឧកញ៉ា ឬអ្នកមានមួយចំនួនចាប់អារម្មណ៍ តែគេបែរជាសង្កេតឃើញថា ពលរដ្ឋដែលមានជីវភាពមិនសូវធូរធា បានចាប់អារម្មណ៍និងធ្វើដំណើរពីទីឆ្ងាយមកកាន់វត្តនេះ ដើម្បីធ្វើបុណ្យសាងកុសលទៅតាមសទ្ធាជ្រះថ្លារបស់ពួកគេ។

កម្មការិនីរោងចក្រមួយរូបបានឱ្យដឹងថា  នាងមកចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គីនៅវត្ដជ្រោយ ឬស្សីនេះ ដោយសារតែមើលឃើញពីស្ថានភាពជាក់ស្ដែងនៃវត្តមួយនេះ។ កញ្ញាស្រីល័ក្ខ នាងបានប្រាប់វិទ្យុស្រ្ដីបន្ដថា ការធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីជាមួយនិងមិត្តភក្ដិពេលនេះ គឺ នាងមានភាពរីករាយជាខ្លាំង ។

កញ្ញា ស្រីល័ក្ខ៖ «ដោយសាររោងចក្រឈប់ ហើយលោកបោះកម្មវិធីទៅ ហើយឃើញស្ថានភាពវត្តអត់សូវមានមនុស្ស ឆ្ងាយរៀងដាច់ស្រយាលហើយអត់មានអ្នកឧបត្ថម្ភអោយផង ខុសពីវត្តដទៃ »។

ជុំវិញរឿងនេះដែរ លោក ជា ជាវ ពលរដ្ឋរស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មានប្រសាសន៍ថា ការអញ្ជើញមកចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីជាមួយនិងក្រុមគ្រួសារលោកនៅវត្តជ្រោយឬស្សីពេលនេះ គឺ ដោយសារទឹកចិត្ត គោរព អាណិតស្រឡាញ់ និងបានស្គាល់វត្តនេះតាំងពីវ័យកុមារភាព។

តាមការបញ្ជាក់របស់លោក ជា ជាវ វត្តនេះពីមុនគឺពិបាកជាងនេះទៅទៀត ក្រៅពីដាច់ស្រយាលនៅក្នុងព្រៃ គឺ រាល់ពុទ្ធបរិស័ក ញាតិញមដែលធ្វើដំណើរមកកាន់វត្តជ្រោយឬស្សីនេះ  ចាំបាច់ត្រូវអុំទូកឆ្លងទឹក និងចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរ ។

លោកតា ជា ជាវ ៖«តាំងពីបែកអាពតមកខ្ញុំមកនៅវត្តជ្រោយឬស្សីមករហូត រាល់អ្នកមកធ្វើបុណ្យនៅទីនេះត្រូវជិះទូកឆ្លងទឹក »។

គួរជម្រាបដែរថា វត្តជ្រោយឬស្សី ស្ថិតនៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ វត្តនេះមានអាយុកាលច្រើនឆ្នាំមកហើយ និងមានសភាចាស់ទ្រុឌទ្រោមត្រូវការជួលជុលបន្ថែមទាំងព្រះវិហារ និងកុដសម្រាប់ព្រះសង្ឃ។

វត្តជ្រោយឬស្សីមានពលរដ្ឋខ្មែរមិនច្រើនទេដែលស្គាល់ អាចថា មកពីទីតាំងវត្តនេះនៅដាច់ស្រយាល ។  តែយ៉ាងណាក៏នៅតែមានពលរដ្ឋមួយចំនួនបានស្គាល់ ហើយសម្រេចចិត្តមកធ្វើបុណ្យ កសាងកុសលនៅទីនេះ តាមសទ្ធាជ្រះថា្លរបស់អ្នកទាំងនោះ៕

 

 

Share

ព័ត៌មានទាក់ទង

Image