en     km
en     km

ស្លាប់ ២នាក់ របួស៣នាក់ និងខូចខាតតូបជាង ៧០% ក្នុងហេតុការណ៍ឆេះផ្សារក្រុងសែនមនោរម្យ

Share

មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង គូសបញ្ជាក់ប្រាប់វិទ្យុនៅព្រឹកថ្ងៃទី ១០កុម្ភៈនេះថា អគ្គិភ័យដែលបានឆេះផ្សារក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគីរី បានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត(ប្រុស) និង ៣ នាក់ផ្សេងទៀតរងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកតូបក្នុងផ្សារត្រូវខូចខាតប្រមាណជា ២០០តូប ស្មើប្រមាណ៧០%។

                                រូបភាពឆាបឆេះផ្សារសែនមនោរម្យ នៅខេត្តមណ្ឌលគីរី។រូភាពពីFresh News

 

លោកអភិបាលបញ្ជាក់ថា អគ្គិភ័យនេះត្រូវបានអន្តរាគមន៍ទប់ស្កាត់បានទាំងស្រុងនៅវេលាម៉ោងប្រហែល ៧ ព្រឹកថ្ងៃទី១០ កុម្ភៈនេះ។ លោកបន្តថា ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះមានការសហការពីគ្រប់សមត្ថកិច្ចចម្រុះនៃកម្លាំង និងមន្រ្តីខេត្តតែម្តង។ ហើយក្នុងប្រតិបត្តិការជួយពន្លត់ភ្លើងនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបានតែចំនួន ៥គ្រឿងប៉ុណ្ណោះ ព្រោះទីតាំងកើតឡើងមានភាពណែនកកស្ទះ និងចង្អៀត ធ្វើឱ្យរថយន្តសង្គ្រោះមិនអាចចូលទៅដល់ទីតាំងឆាបឆេះបាញ់ពន្លត់បានទាន់ពេលវេលា។

តាមការសន្និដ្ឋានបឋមពីលោកអភិបាលខេត្ត ដែលបានទទួលព័ត៌មានពីមន្រ្តីថ្នាក់ក្រោម ហេតុការណ៍ខាងឆាបឆេះលើខាង កើតឡើងនៅវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ កុម្ភៈនេះ។ ចំណែកមូលហេតុនៃអគ្គិភ័យ ទំនងបង្កពីការផ្ទុះសេខ្សែភ្លើង​ និងផ្ទុះទូទឹកកក ក្នុងផ្ទះលក់ឥវ៉ាន់មួយនៅជាប់ផ្សារសែនមនោរម្យនោះ។

លោក ស្វាយ សំអៀង ឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់២ និងអ្នករបួស ៣នាក់ គឺមានសមាជិកនៃគ្រួសារផ្ទះកើតហេតុបានស្លាប់បាត់បង់ជីវិតម្នាក់ និងរបួសម្នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕

 

Share

ព័ត៌មានទាក់ទង

Image