ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ព្រមានដាក់ពិន័យនិងនិរទេសនូវជនបរទេសណាដែលចូលរួមឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨។ កាឃោសនានេះនឹងចាប់ផ្តើម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ។ ករណីនេះ អ្នកជំនាញកិច្ចការបោះឆ្នោតយល់ថាវិធានការរបស់ គ.ជ.ប អាចប៉ះពាល់តម្លៃនៃការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ព្រមានដាក់ពិន័យនិងនិរទេសជនបរទេស បើចូលរួមឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងការបង្ហាញជំហរគាំទ្រគណបក្សនយោបាយណាមួយ។
លោក មាន សទិ សមាជិកគ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំការឃោសនាបោះឆ្នោតនិងបណ្តឹងទាក់ទងនឹងការឃោសនា ការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតថាជនបរទេសហាមដាច់ខាត់ចូលរួមឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨។ ចំពោះអង្គការសង្គមស៊ីវិល លោក សទិ ប្រាប់ថា ត្រូវឈរលើគោលការណ៍អព្យាក្រឹត្យ។
គ.ជ.បប្រកាសថាការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨។ដោយគណបក្សនយោបាយចំនួនបួនចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជានិងគណបក្សខ្មែរួបរួមជាតិ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថាបើ រកឃើញជនបរទេសចូលរួមឃោសនាបោះឆ្នោតនឹងផាក់ពិន័យជាប្រាក់និងធ្វើនិរទេសចេញពីកម្ពុជា។
លោក ហង្ស ពុទ្ធា បន្ថែមថាចំពោះអង្គការសង្គមស៊ីវិលក៏ត្រូវហាមមិនឲ្យចូលរួមឃោសនាបោះឆ្នោតដើម្បីគាំទ្រដល់គណបក្សនយោបាយទេ។លោកថាបើអង្គកាសង្គមស៊ីវិលនឹងរងការពិន័យនិងធ្ងន់ធ្ងរអាចជាប់ពន្ធនាគារ។
លោក ហង្ស ពុទ្ធា៖«កម្រិតនៃទោសឧទារហ៍ការពិន័យពី៥លានរៀលទៅ១០លានរៀលឬក៍មានការបណ្តេញចេញឲ្យផុតពីប្រទេសកម្ពុជា។សម្រាប់អង្គការក្រៅរដ្ឋាភិបាលប្រឈមការព្រមានដោយផ្ទាល់មាត់និងលាយល័ក្ខអក្សរបង់ផាក់ពិន័យឬក៏ប្រឈមនឹងជាប់ពន្ធនាគារប្រសិនបើបានធ្វើឲ្យប៉ះពាល់និងបង្កឲ្យវិកវរដល់សង្គមជាដើម។»
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធចំនួន៥៨អាសនៈដោយតួអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងមុខតំណែងចំនួន១២៣រូបតួអង្គជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងចំនួន១១៥៧២រូបនិងសមាជិកក្រុមប្រឹក្សាខេត្តក្រុង។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌សង្គមដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅថា NICFECបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ញត្តិរបស់គ.ជ.បថាហាក់ដូចជាប៉ះពាល់ដល់សេរីភាពចំពោះអ្នកអង្កេតការណ៍អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ។
លោក សំ គន្ធាមី៖«ទោសបញ្ញត្តិវារាងមានសភាពកម្រិតទៅលើសកម្មភាពអង្គការសង្កេតការណ៍ជាតិនិងអន្តរជាតិច្រើនព្រោះយើងធ្វើការធម្មតាអ្នកអង្កេតការណ៍យើងចូលរួមសង្កេតក៏ដោយវាអត់មានកំណត់ក្បួនឃោសនាមិនកំណត់ថាយើងឈរប៉ុន្មានម៉ែត្រពីកន្លែងនឹងវាអាចមានការចោទប្រកាន់ថាយើងចូលរួមហែរក្បួតអីអញ្ចឹងណា។តាមពិតយើងមិនមែនចូលរួមហែរក្បួនទេយើងចូលរួមសង្កេតការណ៍ទៅលើក្បួនហែរនឹងទេ។»
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធនៅខែកុម្ភៈនេះអង្គការ NICFEC របស់លោក សំ គន្ធាមី នឹងមិនដាក់អ្នកអង្កេតទេ ព្រោះអង្គការលោកខ្វះខាតថវិកានិងមួយវិញទៀតលោកពន្យាករណ៍ថា គណបក្សកាន់អំណាចនឹងទទួលបានអាសៈទាំងអស់នៅក្នុងការបោះឆ្នោតសមាជិកព្រឺទ្ធសភានេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធនីតិកាលទី៤ ឆ្នាំ២០១៨នេះមាន៨មណ្ឌលទូទាំងប្រទេស។ក្នុងនោះគណបក្សកាន់អំណាចនិងហ្វ៊ុនស៊ិនប៉ិចឈរឈ្មោះចំនួន៨មណ្ឌល។គណបក្សខ្មែររួបរួមជាតិឈរឈ្មោះ៧មណ្ឌលនិងយុវជនកម្ពុជាឈរឈ្មោះ៣មណ្ឌល។
ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំនេះ គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតសរុបចំនួន២៥៩៥០ដោយចំណាយថវិការ៧៤លានរៀលប្រហែល១ម៉ឺន១ពាន់ដុល្លារ។ក្នុងនោះសន្លឹកឆ្នោតបម្រុង៥៣០០សន្លឹក។ចំណែកសន្លឹកឆ្នោតតាមការិយាល័យ១៩៤០០សន្លឹកនិងសន្លឹកឆ្នោតគំរូ១២៥០សន្លឹក៕