ភ្នំពេញ ៖ គម្រោង នៃការដាំស្មៅផ្អែមសរហ្គាម ការផលិតចំណីសត្វ និងការលក់ចំណីសត្វ ដែលគាំទ្រពីប្រទេសជប៉ុន ផ្ដល់ថវិកាឲ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាស់មីនកម្ពុជា នឹងត្រូវចាប់ផ្ដើមអនុវត្ដនៅក្នុងអំឡុងខែឧសភា ឆ្នាំនេះ ដោយមានទឹកប្រាក់ប្រមាណជិត ១លានដុល្លារ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាស់មីនកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ រូមជាមួយលោក សែន សុវណ្ណ ប្រិតភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ តំណាងភ្នាក់ងារ JICA និងក្រុមហ៊ុន ANP បានជួបប្រជុំគ្នាដើម្បីពិភាក្សាក្នុងការជំរុញគម្រោងស្រាវជ្រាវផ្ទៀតផ្ទាត់ការដាំស្មៅផ្អែមសរហ្គាម ការផលិតចំណីសត្វ និងការលក់ចំណីសត្វ។ តាមការពិភាក្សា ការដាំស្មៅផ្អែមនេះនឹងត្រូវចាប់ផ្ដើមអនុវត្ដនៅក្នុង ខែឧសភា ឆ្នាំនេះ ដោយទន្ទឹមនឹងការមកដល់ នៃគ្រឿងយន្ដកសិកម្ម។
បន្ថែមពីនេះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា ស្មៅផ្អែមសរហ្គាមនេះ គឺអាចផលិតបានជាងមួយរយតោន ក្នុងមួយលើក ហើយចំពោះការដាំស្មៅផ្អែមនេះ គឺចំណាយពេលត្រឹមតែ ៧៥ថ្ងៃប៉ុណ្ណោះ នឹងអាចប្រមូលផលបាន។ លោក ហេង រតនា បង្ហាញក្ដីសង្ឃឹមថា បច្ចេកទេសដាំដុះ ធ្វើចំណីសត្វថ្មីនេះ នឹងអាចជួយរួមចំណែក ជំរុញការចិញ្ចឹមសត្វ បង្កើនជីវភាពរបស់ប្រជាជនកាន់តែប្រសើរថែមទៀត។
ជប៉ុន គឺជាប្រទេសម្ចាស់ជំនួយទ្វេភាគីដ៏បំផុតរបស់ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមរបាយការណ៍របស់គេហទំព័រ Diplomat ចាប់តាំងពីឆ្នាំ១៩៩២មក ប្រទេសជប៉ុនបានផ្ដល់ជំនួយ ដល់ការអភិវឌ្ឍជាផ្លូវការ ឲ្យមកកម្ពុជាជាង ២០០០លានដុល្លារ ហើយជំនួយរបស់ជប៉ុនភាគច្រើន គឺផ្ដោតទៅលើការស្ថាបនា ស្ពាន ថ្នល់ សាលារៀន លូទឹក និងការបោះឆ្នោតជាដើម៕