ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានបង្ហាញការប្ដេជ្ញាចិត្ដ ធ្វើការរួមគ្នាជាមួយអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបជនជាតិចិន ដែលប្រព្រឹត្ដបទល្មើសនៅកម្ពុជា។ ករណីនេះអភិបាលខេត្ដព្រះសីហនុ ដែលជាតំបន់សម្បូរជនជាតិចិន ច្រើនជាងបណ្ដាខេត្ដផ្សេងៗ យល់ថា នេះគឺជាសារថ្មីមួយ ដែលបង្ហាញពីការសហការ កាន់តែល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោក លៀ ស៊ីណា រាយការណ៍ ៖
បន្ទាប់ពី ២សប្ដាហ៍ ក្រោយពេលដែលរបាយការណ៍ របស់អភិបាលខេត្ដព្រះសីហនុ លោក យន្ដ មីន ផ្ញើជូនសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយបង្ហាញពីកំណើនភ្ញៀវទេសចរណ៍ និងវិនិយោគគិន ដែលសង្កេតឃើញបរទេសយ៉ាងច្រើនចូលទៅស្នាក់នៅ និងបណ្ដាក់ទុកក្នុងខេត្ដនេះ។ របាយការណ៍បានបន្ដថា ក្នុងចំណោមជនបរទេសដែលស្នាក់នៅទាំងអស់នេះ គឺមានជនជាតិចិន ជាពួកម៉ាហ្វីយ៉ាមួយចំនួន បានបន្លំខ្លួនចូលទៅប្រព្រឹត្ដបទល្មើស បង្កអសន្ដិសុខ និងចាប់ជំរិតអ្នកវិនិយោគជាដើម។
ជុំវិញករណីនេះ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានធ្វើសន្និសីទសារព័តមានមួយដោយសម្ដែងពីក្ដីព្រួយបារម្ភ និងបានបង្ហាញការគាំទ្រចំពោះអាជ្ញាធរកម្ពុជា ក្នុងការអនុវត្ដច្បាប់បង្ក្រាបជនជាតិចិនដែលបានប្រព្រឹត្ដបទល្មើស បង្កសកម្មភាពអសន្ដិសុខ និងអស្ថិរភាពផ្សេងៗនៅលើទឹកដីកម្ពុជា។
លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទនេះ តាមរយៈអ្នកបកប្រែថា រដ្ឋាភិបាលចិនសូមអំពាវនាវដល់ប្រជាជនចិន ដែលមកទេសចរណ៍ ឬមកធ្វើការ នៅក្នុងកម្ពុជាទាំងអស់ ត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននៅច្បាប់ វប្បធម៌ និងទំនៀមទំនលាប់ របស់ប្រទេសកម្ពុជា ។ បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតចិនបានមើលឃើញថា កន្លងមកពលរដ្ឋចិនមួយភាគធំបានគោរព និងអនុវត្ដតាមបានល្អប្រសើរ ។ ប៉ុន្ដែលោក ស្យុង បូ ក៏ទទួលស្គាល់ផងដែរ ថា ពិតជាមានជនជាតិចិនមួយចំនួន បានចូលមកកម្ពុជា បង្កបញ្ហាអសន្ដិសុខ និងអស្ថិរភាពជាច្រើន ដែលមានដូចជា ការលេងល្បែងខុសច្បាប់ ការប្រព្រឹត្ដបទល្មើសចាប់ជំរិតទាលុយតាមអ៊ីនធឺណិត ជាដើម។ ត្រង់ចំណុចនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ខ្លួនគាំទ្រគ្រប់សកម្មភាពអនុវត្ដច្បាប់ ចំពោះជនជាតិចិន ដែលប្រព្រឹត្ដល្មើសច្បាប់នៅកម្ពុជា។
លោក ស្យុង បូ ៖«ភ្ញៀវទេសចរណ៍ចិន និងប្រជាជនធ្វើការនៅកម្ពុជាជាង ១លាននាក់នេះ ក្រុមនេះមានចំនួនតិចណាស់ តែក៏បានបំផ្លាញនូវមុខមាត់ប្រជាជនចិនយ៉ាងធ្ងន់ធ្ងរ។ ចំពោះជនទាំងអស់នេះភាគីចិនមានជំហរយ៉ាងច្បាស់លាស់ គឺយើងខ្ញុំគាំទ្រស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការចាត់ការតាមនីតិវិធី»។
ជុំវិញករណីនេះ លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុ បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី០៨ ខែកុម្ភៈ នេះថា ការប្ដេជ្ញារបស់ភាគីចិននេះ គឺជាសារថ្មីមួយដែលបង្ហាញពីការសហការកាន់ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ តែយ៉ាងណាលោកអភិបាលប្រាប់ថា កន្លងមកភាគីចិនក៏មិនដែលបង្ហាញពីការប្រឆាំងឬក៏មិនពេញចិត្ដនៅពេលដែលអាជ្ញាធរកម្ពុជា អនុវត្ដច្បាប់ចំពោះជនជាតិដែលប្រព្រឹត្ដល្មើសច្បាប់នៅកម្ពុជានោះដែរ។
លោក យន្ដ មីន ៖«កន្លងមកគាត់គាំទ្រតើ គាត់អត់មានប្រឆាំងយើង ឬក៏មិនពេញចិត្ដយើងអនុវត្ដច្បាប់ចំពោះពលរដ្ឋគាត់ទេ កន្លងមកគាត់ណែនាំពលរដ្ឋគាត់គោរពច្បាប់ទម្លាប់របស់យើង។ ប៉ុន្ដែពេលខ្លះបុគ្គលដែលមកហ្នឹងគាត់អាចខុសដោយអចេតនា ឬក៏ពេលខ្លះក៏ស្រវឹងភ្លើតភ្លើនខុសដោយចេតនាអីហ្នឹង វាជាកំហុសបុគ្គលទេ។ ប៉ុន្ដែជារួមមករដ្ឋាភិបាលគេ ស្ថានទូតគេ និងអាជ្ញាធរប្រទេសគេក៏ដោយ ក៏គេមានចេតនាណែនាំឲ្យពលរដ្ឋល្អដូចតែយើងដែរហ្នឹង»។
បន្ថែមលើនេះ លោក យន្ដ មីន បានអះអាងថា អាជ្ញាធរនឹងបង្កើនការអនុវត្ដច្បាប់ ឲ្យបានតឹងរឹងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សាសន្ដិសុខ សុវត្ថិភាពឲ្យកាន់តែល្អសម្រាប់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទេសចរណ៍ដ៏ធំមួយនេះ។
ខេត្ដព្រះសីហនុ គឺជាតំបន់ទេសចរណ៍សមុទ្រ ដ៏ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នខេត្ដព្រះសីហនុមានជនបរទេសជាង ៣ម៉ឺននាក់ មកពី ៤០ប្រទេស ក៏ប៉ុន្ដែភាគច្រើន នៃជនបរទេសទាំងអស់នេះ គឺសុទ្ធសឹងតែជាជនជាតិចិន។ ចាប់តាំងពីឆ្នាំ ២០១១ រហូតដល់ខែតុលា ឆ្នាំ២០១៧ ជនជាតិចិនចំនួន ១១៣៣នាក់ មានស្ដ្រី ២២២នាក់ ត្រូវបានចាប់ខ្លួន និងនិរទេសទៅកាន់ប្រទេសចិនវិញ ក្រោមបទចោទទាក់ទិននឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕