ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំបន្ថែមដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ពិសេសខេត្តជាប់សមុទ្រ ត្រូវពង្រឹងការអនុវត្តច្បាប់ ចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍ ដែលគ្មានអាជ្ញាបណ្ណ ត្រូវចាត់វិធានការឲ្យបានតឹងរឹងតាមច្បាប់។ យោងតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ។
លោក ថោង ខុន លើកឡើងថា ម្ចាស់អាជីវកម្មសណ្ឋាគារមួយចំនួន ដែលអាជ្ញាបណ្ណកាស៊ីណូ បែរជាលែងសុំអាជ្ញាបណ្ណសណ្ឋាគារទៅវិញ ប្រការលោកថាជាអំពើខុសច្បាប់។ លោករដ្ឋមន្រ្តីបញ្ជាមន្ទីរទេស ចរណ៍ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំដល់ម្ចាស់អាជីវកម្មទាំងនោះ ត្រូវមកសុំអាជ្ញាបណ្ណសណ្ឋាគារឡើងវិញ។
លោកព្រមានថា ប្រសិនបើពួកគេមិនគោរពតាមនីតិវិធីត្រូវតែទទួលការផាកពិន័យតាមច្បាប់ ហើយបើពួកគេមិនព្រមទៅបង់ការផាកពិន័យ ត្រូវតែផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអាជីវកម្មកាស៊ីណូវិញលោករដ្ឋមន្រ្តីលើកឡើងថា ត្រូវឱ្យម្ចាស់អាជីវកម្មទាំងនោះទៅសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដាច់ខាត។
យ៉ាងណានៅក្នុងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍នេះ មិនបានបញ្ជាក់ពីភាពអាណាធិបតេយ្យនៃអាជីវករជនជាតិចិនមួយចំនួន ដែលបើកអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ឌត្រឹមត្រូវនៅខេត្តមាត់សមុទ្រកម្ពុជានោះឡើយ។
តែកាលពីពេលថ្មីៗនេះ ក្រុមអាជីវករក្នុងស្រុកបានផ្ទុះកំហឹងមិនសប្បាយចិត្តរហូតជំរុញឲ្យអាជ្ញាធរបង្កើតក្រុមការងាររួមមួយ ដើម្បីពង្រឹងការចុះបញ្ជី និងការគ្រប់គ្រងអាជីវកម្មសម្រាប់ជនជាតិចិន។ ការជំរុញនេះ បន្ទាប់ ជនជាតិចិនត្រូវបានគេមើលឃើញថា កំពុងក្រសោបអាជីវកម្មនៅក្នុងខេត្តឆ្នេរដ៏ល្បីល្បាញរបស់កម្ពុជាមួយនេះ រាប់ចាប់តាំងពីកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់មុខរបរតូចតាច ដូចជាហាងកាត់សក់ និងតូបលក់មីឆាតាមផ្លូវជាដើម។
លោក តាំង សុជាតិគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងទៅកាន់អាជីវករក្នុងស្រុក កាលពីចុងខែមករា ឆ្នាំ២០១៨នេះថា ក្រុមការងារដែលត្រូវបង្កើតឡើងនេះ នឹងជួយអាជីវកម្មក្នុងស្រុកកាត់បន្ថយបញ្ហាប្រឈមរបស់ពួកគេ ដែលតែងមានទំនាស់ផលប្រយោជន៍ជាមួយអាជីវករជនជាតិចិន។ លោកបន្តថា ក្រុមការងារនឹងត្រួតពិនិត្យលើការគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្មជនជាតិចិន ពិសេសគឺពង្រឹងលើការចុះបញ្ជី ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់។
ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន ៦៩ ផ្ទះសំណាក់ ៣១៩ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៥១ ហាងម៉ាស្សា ៤២ ឌីស្កូតែក ៥ ខារ៉ាអូខេ ១២ មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកមានចំនួន ៤០ និងទីភ្នាក់ងារទេសចរណ៍ ៣១ ក្រុមហ៊ុន៕