ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ ដោយបង្ហាញពីក្ដីព្រួយបារម្ភ ករណីពុលស្រាលក្នុងឱកាសពិធីចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នៅសប្ដាហ៍ក្រោយ បើទោះបីជារយៈពេល ៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋ ដែលស្លាប់ដោយសារតែការពុលស្រា បានថយចុះយ៉ាងច្រើនក៏ដោយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញស្រា ដើម្បីយកមកផឹកក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិន ឬវៀតណាមនាពេលខាងមុខនេះ។ នាយកដ្ឋានបញ្ជាក់ថា មុនពេលដែលទិញស្រាយកមកផឹក ត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់ ចំពោះប្រភេទស្រាដែលខ្លួនទិញ។
ការផឹកស្រាច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ព្រោះនៅក្នុងស្រា ត្រូវបានគេបញ្ចូលសារធាតុគីមីម្យ៉ាងដែលអាចធ្វើឲ្យពុល និងរលាកដល់សាច់ដុំបេះដូង ហើយធ្វើឲ្យបេះដូងដើរខុសចង្វាក់ ដែលអាចបង្កទៅជាហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល គាំងបេះដូង ឬក៏ជំងឺខ្សោយបេះដូងជាងដើម។
យោងតាមទិន្នន័យ នៃការពុលស្រា របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ករណី នៃការពុលស្រាមានចំនួន ២៨៤ករណី ហើយបង្កឲ្យមនុស្សស្លាប់ចំនួន ៣៣នាក់ ដែលកើតឡើងនៅខេត្ដចំនួន០៣ គឺខេត្ដត្បូងឃ្មុំ ក្រចេះ និងខេត្ដមណ្ឌលគិរី។ ដោយឡែកសម្រាប់ឆ្នាំ២០១៦ ករណី ការពុលស្រាមានចំនួន ៩២ករណី ហើយបង្កឲ្យមនុស្សស្លាប់ចំនួន ១៥នាក់ ស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំ។ ចំណែកឆ្នាំ២០១៧ ករណី ពុលស្រាបានកើតឡើងចំនួន ១៣ករណី ហើយមានមនុស្សស្លាប់ចំនួន ២នាក់ ស្ថិតក្នុងខេត្ដមណ្ឌគិរី។
ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា ខ្លួននៅតែមានក្ដីព្រួយបារម្ភ ពីហានិភ័យដ៏គ្រោះថ្នាក់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយការផឹកស្រា បើទោះបីជាចំនួន នៃអ្នកស្លាប់ព្រោះតែការពុលស្រាបានថយចុះយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំក្ដី។ តែយ៉ាងណាក្រសួងសុខាភិបាល អះអាងថា ខ្លួននឹងនៅតែបន្ដខិខំប្រឹងប្រែង សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង ពីហានិភ័យ ដែលបណ្ដាលមកពីការផឹកស្រា៕