ភ្នំពេញ៖ ក្រុមហ៊ុន ២ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយកម្ពុជា ដោយវិនិយោគលើការអភិវឌ្ឍន៍ដើមចន្ទន៍ក្រស្នា និងការបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នាលើទឹកដីកម្ពុជា ហើយការវិនិយោគនេះបានទទួលការគាំទ្រពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន First Capital Global Co.,ltd និងក្រុមហ៊ុន ធូបចន្ទន៍ក្រស្នាខ្មែរ ជាមួយមន្រ្តីកម្ពុជាកាលពីថ្ងៃទី០៧ កុម្ភៈ ម្សិលមិញនៅភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកម្ពុជាចុះផ្សាយកាលពីថ្ងៃម្សិលមិញ។
ក្រុមហ៊ុនក្នុងស្រុកឈ្មោះថា ធូបចន្ទន៍ក្រស្នាខ្មែរ និងក្រុមហ៊ុន First Capital Global Co.,Ltd របស់ថៃកាលពីទី០៧ កុម្ភៈម្សិលមិញ បានប្រកាសពីការវិនិយោគរួមគ្នាលើការកែលម្អគុណភាពដើមចន្ទន៍ក្រស្នា និងគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នា។
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនោះ លោក Sean Goh អគ្គនាយកក្រុមហ៊ុន FCG ឱ្យដឹងថា ក្រុមហ៊ុននឹងចំណាយទឹកប្រាក់ប្រមាណ ១០០លានដុល្លារលើគម្រោងរៀបចំ និងថែទាំដើមចន្ទន៍ក្រស្នាប្រមាណ ១លានដើម ដែលមានទីតាំងនៅខេត្តព្រះ សីហនុ។ លោកបន្តថា ចំនួនទឹកប្រាក់ប្រមាណ ១០០លានដុល្លារនេះ គឺមិនរៀបបញ្ចូលការគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នានោះទេ។
ចំណែកភាគីកម្ពុជាតំណាងដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគ្រប់គ្រងដើមចន្ទន៍ក្រស្នារបស់ក្រុមហ៊ុនទាំងពីរ។ លោកលើកឡើងថា ការវិនិយោគតាមបច្ចេកវិទ្យាទំនើប លើទឹកដីកម្ពុជាបែបនេះ គឺបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការបង្កើតការងារ និងការកែច្នៃដើមចន្ទន៍ក្រឹស្នា ឆ្ពោះទៅកាន់ការពង្រីក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរ គ្រោងនឹងដាក់បញ្ចូលខ្លឹមចន្ទន៍ក្រស្នាប្រហែល ១លានដើម សម្រាប់ដំណាក់កាលទី ១ ដែលមានរយៈពេល ៩ខែ ដើម្បីកែច្នៃជាផលិតផលប្រេងចន្ទន៍ក្រស្នាមានគុណភាពខ្ពស់៕