ភ្នំពេញ ៖ ប្រមុដឹកនាំកំពូល របស់រាជរដ្ឋាភិបាលកម្ពុជា បានណែនាំក្រសួងការងារ ឲ្យសិក្សាលម្អិតពីមូលហេតុដែលនាំឲ្យកម្មករដួលសន្លប់ ដោយត្រូវមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីដោះស្រាយបញ្ហា មួយនេះឲ្យបាន។ ជុំវិញរឿងនេះ សហជីពសម្ដែងការសាទរ តែសំណូមពរឲ្យក្រសួងការងារពង្រឹងការអនុវត្ដច្បាប់ ក្រោយពីចុះអធិការកិច្ចតាមរោងចក្រ ។ ត្រង់ចំណុចនេះ ក្រសួងការងារអះអាងថា ឆ្នាំ២០១៨នេះតទៅ ក្រសួងនឹងពង្រឹងការអនុវត្ដច្បាប់ ហើយនឹងឈានដល់ការផាកពិន័យធ្ងន់ធ្ងរ ចំពោះនិយោជក ដែលមិនគោរពតាមបទបញ្ជារបស់ក្រសួងការងារ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៥០០០នាក់ មកពី ៧ រោងចក្រ សហគ្រាស នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបង្ហាញពីក្ដីកង្វល់របស់លោកជុំវិញបញ្ហា កម្មករ ដួលសន្លប់ ដែលភាគច្រើនជាស្ដ្រី ។ សម្ដេច ហ៊ុន សែន បានថ្លែងទៀតថា បញ្ហាលំបាកជាច្រើនដែលប៉ះពាល់ទៅដល់ប្រយោជន៍កម្មករ ត្រូវបានដោះស្រាយជាបន្ដបន្ទាប់ ក៏ប៉ុន្ដែករណី នៃការដួលសន្លប់ហាក់នៅតែកើតមាន។
ករណីនេះ ប្រមុខដឹកនាំរដ្ឋាភិបាល មានប្រសាសន៍ថា កន្លងមកនៅពេលដែលមានការដួលសន្លប់កើតឡើង ក្រសួងការងារតែងតែ ទៅដោះស្រាយនៅតំបន់នោះ ប៉ុន្ដែសម្ដេចយល់ថា ក្រសួងការងារគួរតែពង្រីកទំហំ នៃការសិក្សាមួយឲ្យបានច្បាស់លាស់ជុំវិញករណីនេះ ដើម្បីទប់ស្កាត់បាតុភាពដដែលកើតឡើងជាបន្ដទៀត។ លើសពីនេះសម្ដេចទទូចថា ដើម្បីឲ្យបញ្ហានេះ អាចរកដំណោះស្រាយបានល្អក៏ត្រូវមានការចូលរួមពីក្រសួងសុខាភិបាលផងដែរ។
សម្ដេច ហ៊ុន សែន ៖«អញ្ចឹងចំណុចនេះ ក៏ជាចំណុចផ្ដល់អនុសាសន៍ថ្មីមួយទៀត ឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់សិក្សាអំពីបញ្ហានេះ។ បើសិនជាមានបាតុភូមិហ្នឹង មុនឲ្យកម្មករចូលរោងចក្រ ត្រូវតែពិនិត្យមើលឲ្យច្បាស់។ ប៉ុន្ដែនៅក្នុងករណីដែលមានការសង្ស័យ យើងពិភាក្សាជាមួយគ្រួពេទ្យក្រសួងសុខាភិបាល តើមានវិធីអីដើម្បីការពារ»។
កម្មកររោងចក្រ តែងតែដួលសន្លប់ជាបន្ដបន្ទាប់ មិនថារោងចក្រនៅតាមបណ្ដាខេត្ដ ឬក៏រោងចក្រដែលស្ថិតនៅទីក្រុងភ្នំពេញនោះទេ។ កម្មករ ដែលដួលសន្លប់ភាគច្រើនសុទ្ធសឹងតែជាស្ដ្រី។ ប្រសាសន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាលនៅពេលនេះ ត្រូវបានអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បង្ហាញការសាទរ និងមើលឃើញថា នេះគឺជាការយកចិត្ដទុកដាក់ចំពោះសុវត្ថិភាពកម្មករ កម្មការិនី។
ទន្ទឹមនឹងការសាទរនេះដែរ ប្រធានសម្ព័ន្ធសហជីពកម្ពុជា សំណូមពរដល់ក្រសួងការងារ ឲ្យបង្កើនការរឹតបន្ដឹងការអនុវត្ដច្បាប់ចំពោះនិយោជក ក្រោយពេលដែលក្រុមអធិការកិច្ចរបស់ក្រសួងបានរកឃើញថា រោងចក្រនោះមិនបានគោរពតាមបទបញ្ជារបស់ក្រសួងការងារជុំវិញការរក្សាសុវត្ថិភាពការងារ និងលក្ខខណ្ឌការងារ សម្រាប់កម្មករ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ៖«យើងឃើញថា ចំណុចទាំងអស់នេះ វាសុទ្ធតែជាចំណុចដែលជា កង្វល់របស់សហជីពដែលបានលើកឡើង សួរទៅពួកគាត់ ប៉ុន្ដែហាក់ដូចជាមិនមានចម្លើយអ្វីគ្រប់គ្រាន់ក្នុងការប្រាប់មកសហជីពវិញឲ្យបានដឹង»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ទៅកាន់ម្ចាស់ និងនាយកសហគ្រាស់ គ្រឹះស្ថាន នូវគោលការណ៍ចំនួន ១១ចំណុច បញ្ជាឲ្យក្រុមនិយោជក អនុវត្ដឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការការកើតមានករណីដួលសន្លប់ជាថាហេតុ ដែលបណ្ដលមកពីបរិយាកាសទាំងក្នុង និងក្រៅអាគារផលិតកម្ម ។ ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងការងារក៏បានព្រមានទុកជាមុនផងដែរ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ដែលប្រព្រឹត្ដល្មើស ផ្ទុយនឹងសេចក្ដីជូនដំណឺងនេះ ក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ស្របទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ។
យ៉ាងណាជុំវិញបញ្ហានៃការដួលសន្លប់របស់កម្មករ កម្មការិនីនេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ ឲ្យដឹងថា នេះគឺជាក្ដីកង្វល់ដ៏ធំមួយរបស់ក្រសួងការងារ ព្រោះកម្មករ គឺជាកម្លាំងស្នួល នៃផលិតកម្ម។ ចំណែកពាក់ព័ន្ធនឹងការចុះអធិការកិច្ចតាមរោងចក្រឯណោះវិញ ចាប់ពីឆ្នាំ២០១៨នេះតទៅ គឺក្រសួងការងារ នឹងពង្រឹងការអនុវត្ដច្បាប់ការងារ ទៅលើក្រុមនិយោជក ក្នុងករណីដែលមិនគោរពតាមបទបញ្ជារបស់ក្រសួងការងារ ពាក់ព័ន្ធទៅនិងសុវត្ថិភាពការងារ និងលក្ខខណ្ឌការងារសម្រាប់កម្មករ។ លោកអះអាងថា ក្រសួងការនឹងធ្វើការផាកពិន័យរហូតដល់ ១០លានរៀល ចំពោះនិយោជក ដែលល្មើសនឹងបទបញ្ជានេះ។
លោក ឡេង តុង ៖«បើសិនគាត់អត់អនុវត្ដតាមអ្វីដែលយើងបានកំណត់នៅក្នុងប្រកាស នៃច្បាប់ទេ គឺយើងផាកពិន័យ ពីមុនប្រាក់យោងប្រចាំថ្ងៃយើងផាកតែ ៨០០០រៀលទេ តែឥឡូវនេះឡើងដល់ ៤ម៉ឺនរៀលហើយ។ អញ្ចឹងរោងចក្រខ្លះផាកពិន័យ យើងគិតប្រាក់យោងប្រចាំថ្ងៃ ឧទាហរណ៍ថា ២០០ថ្ងៃទៅ គឺ ២ពាន់ដុល្លារ គឺច្រើន អញ្ចឹងឥឡូវនេះ រឿងខ្លះគឺរហូតដល់ ១០លានរៀលអីអញ្ចឹងទៅ»។
បន្ថែមលើនេះ ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ បានឱ្យដឹងថា ក្រសួងកំពុងតែរៀបចំឲ្យមានក្រុមការងារ ដើម្បីត្រួតពិនិត្យសុខភាពកម្មករ នៅរោងចក្រផ្ទាល់ មុនពេលអនុញ្ញាតឲ្យពួកគេចូលទៅក្នុងរោងចក្រធ្វើការងារ។
គួរជម្រាបថា ក្នុងឆ្នាំ២០១៧ ករណីកម្មករ ដួលសន្លប់ បានកើតឡើងនៅរោងចក្រចំនួន ២២ ហើយមានកម្មកសន្លប់សរុប ១៦០៣នាក់ ហើយមានបុរសត្រឹមតែ ០៤នាក់តែប៉ុណ្ណោះ។ យ៉ាងណាជុំវិញករណីដួលសន្លប់នេះ ទាំងប្រធានបេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស និងប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ បានលើកឡើងដូចគ្នាថា មូលហេតុដែលនាំឲ្យកម្មករ ដួលសន្លប់ គឺបណ្ដាលមកពីបញ្ហាសុខភាពរបស់កម្មករ កម្មការិនីទាំងនោះ៕