en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ទៅ​ក្រសួង​ការងារ​ ឲ្យ​សិក្សា​លម្អិត​ ពី​មូលហេតុ​បង្ក​ឲ្យ​កម្មករ​ កម្មការិនី ​ដួល​សន្លប់​

Share

​ភ្នំពេញ​ ៖​ ប្រ​មុ​ដឹកនាំ​កំពូល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ណែនាំ​ក្រសួង​ការងារ​ ឲ្យ​សិក្សា​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ដួល​សន្លប់​ ដោយ​ត្រូវ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល​ ដើម្បី​ដោះស្រាយ​បញ្ហា​ មួយ​នេះ​ឲ្យ​បាន​។​ ជុំវិញ​រឿង​នេះ​ សហជីព​សម្ដែង​ការ​សាទរ​ តែ​សំណូមពរ​ឲ្យ​ក្រសួង​ការងារ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ ក្រោយ​ពី​ចុះ​អធិការកិច្ច​តាម​រោងចក្រ​ ។​ ត្រង់​ចំណុច​នេះ​ ក្រសួង​ការងារ​អះអាង​ថា​ ឆ្នាំ​២០១៨​នេះ​តទៅ​ ក្រសួង​នឹង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ ហើយនឹង​ឈាន​ដល់​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ ចំពោះ​និយោជក​ ដែល​មិន​គោរព​តាម​បទបញ្ជា​របស់​ក្រសួង​ការងារ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា

ក្នុង​វេទិកា​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ កម្មការិនី​ ជាង​ ១​ម៉ឺន​ ៥០០០​នាក់​ មក​ពី​ ៧​ រោងចក្រ​ សហគ្រាស​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ បាន​បង្ហាញ​ពី​ក្ដី​កង្វល់​របស់​លោក​ជុំវិញ​បញ្ហា​ កម្មករ​ ដួល​សន្លប់​ ដែល​ភាគច្រើន​ជា​ស្ដ្រី​ ។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ទៀត​ថា​ បញ្ហា​លំបាក​ជា​ច្រើន​ដែល​ប៉ះពាល់​ទៅ​ដល់​ប្រយោជន៍​កម្មករ​ ត្រូវ​បាន​ដោះស្រាយ​ជា​បន្ដបន្ទាប់​ ក៏​ប៉ុន្ដែ​ករណី​ នៃ​ការ​ដួល​សន្លប់​ហាក់​នៅ​តែ​កើត​មាន​។​

​ករណី​នេះ​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ មាន​ប្រសាសន៍​ថា​ កន្លង​មក​នៅ​ពេល​ដែល​មានការ​ដួល​សន្លប់​កើតឡើង​ ក្រសួង​ការងារ​តែងតែ​ ទៅ​ដោះស្រាយ​នៅ​តំបន់​នោះ​ ប៉ុន្ដែ​សម្ដេច​យល់​ថា​ ក្រសួង​ការងារ​គួរតែ​ពង្រីក​ទំហំ​ នៃ​ការ​សិក្សា​មួយ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ករណី​នេះ​ ដើម្បី​ទប់ស្កាត់​បាតុភាព​ដដែល​កើត​ឡើងជា​បន្ដ​ទៀត​។​ លើស​ពី​នេះ​សម្ដេច​ទទូច​ថា​ ដើម្បី​ឲ្យ​បញ្ហា​នេះ​ អាច​រក​ដំណោះស្រាយ​បាន​ល្អ​ក៏​ត្រូវ​មានការ​ចូលរួម​ពី​ក្រសួងសុខាភិបាល​ផង​ដែរ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖«​អ​ញ្ចឹ​ង​ចំណុច​នេះ​ ក៏​ជា​ចំណុច​ផ្ដល់​អនុសាសន៍​ថ្មី​មួយទៀត​ ឲ្យ​ក្រសួង​ការងារ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​សិក្សា​អំពី​បញ្ហា​នេះ​។​ បើសិនជា​មាន​បា​តុ​ភូមិ​ហ្នឹង​ មុន​ឲ្យ​កម្មករ​ចូល​រោងចក្រ​ ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​។​ ប៉ុន្ដែ​នៅ​ក្នុង​ករណី​ដែល​មានការ​សង្ស័យ​ យើង​ពិភាក្សា​ជាមួយ​គ្រួ​ពេទ្យ​ក្រសួងសុខាភិបាល​ តើ​មាន​វិធី​អី​ដើម្បី​ការពារ​»​។​

​កម្មករ​រោងចក្រ​ តែងតែ​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ មិន​ថា​រោងចក្រ​នៅ​តាម​បណ្ដា​ខេត្ដ​ ឬ​ក៏​រោងចក្រ​ដែល​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ​។​ កម្មករ​ ដែល​ដួល​សន្លប់​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្ដ្រី​។​ ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៅ​ពេល​នេះ​ ត្រូវ​បាន​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បង្ហាញ​ការ​សាទរ​ និង​មើលឃើញ​ថា​ នេះ​គឺជា​ការ​យកចិត្ដទុកដាក់​ចំពោះ​សុវត្ថិភាព​កម្មករ​ កម្មការិនី​។​

​ទន្ទឹម​នឹង​ការ​សាទរ​នេះ​ដែរ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ សំណូមពរ​ដល់​ក្រសួង​ការងារ​ ឲ្យ​បង្កើន​ការ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចំពោះ​និយោជក​ ក្រោយ​ពេល​ដែល​ក្រុម​អធិការកិច្ច​របស់​ក្រសួង​បាន​រក​ឃើញ​ថា​ រោងចក្រ​នោះ​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​ក្រសួង​ការងារ​ជុំវិញ​ការ​រក្សា​សុវត្ថិភាព​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ សម្រាប់​កម្មករ​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ៖«​យើង​ឃើញ​ថា​ ចំណុច​ទាំង​អស់នេះ​ វា​សុទ្ធតែ​ជា​ចំណុច​ដែល​ជា​ កង្វល់​របស់​សហជីព​ដែល​បាន​លើក​ឡើង​ សួរ​ទៅ​ពួក​គាត់​ ប៉ុន្ដែ​ហាក់ដូចជា​មិន​មាន​ចម្លើយ​អ្វី​គ្រប់គ្រាន់​ក្នុង​ការ​ប្រាប់​មក​សហជីព​វិញ​ឲ្យ​បានដឹង​»​។​

​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ប្រាប់​ទៅ​កាន់​ម្ចាស់​ និង​នាយក​សហគ្រាស់​ គ្រឹះស្ថាន​ នូវ​គោលការណ៍​ចំនួន​ ១១​ចំណុច​ បញ្ជា​ឲ្យ​ក្រុម​និយោជក​ អនុវត្ដ​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ការងារ​ ព្រមទាំង​បង្ការ​ការ​កើត​មាន​ករណី​ដួល​សន្លប់​ជា​ថា​ហេតុ​ ដែល​បណ្ដ​លម​ក​ពី​បរិយាកាស​ទាំង​ក្នុង​ និង​ក្រៅ​អាគារ​ផលិតកម្ម​ ។​ ក្នុង​សេចក្ដីជូនដំណឹង​នោះ​ ក្រសួង​ការងារ​ក៏​បាន​ព្រមាន​ទុកជា​មុន​ផង​ដែរ​ ចំពោះ​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ ដែល​ប្រព្រឹត្ដ​ល្មើស​ ផ្ទុយ​នឹង​សេចក្ដី​ជូន​ដំ​ណឺង​នេះ​ ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​បំផុត​ ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន​ ។​

​យ៉ាងណា​ជុំវិញ​បញ្ហា​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ​ កម្មការិនី​នេះ​ លោក​ ឡេ​ង​ តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ឲ្យ​ដឹង​ថា​ នេះ​គឺជា​ក្ដី​កង្វល់​ដ៏​ធំ​មួយ​របស់​ក្រសួង​ការងារ​ ព្រោះ​កម្មករ​ គឺជា​កម្លាំង​ស្នួល​ នៃ​ផលិតកម្ម​។​ ចំណែក​ពាក់ព័ន្ធ​នឹង​ការ​ចុះ​អធិការកិច្ច​តាម​រោងចក្រ​ឯណោះ​វិញ​ ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​ គឺ​ក្រសួង​ការងារ​ នឹង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ការងារ​ ទៅ​លើ​ក្រុម​និយោជក​ ក្នុង​ករណី​ដែល​មិន​គោរព​តាម​បទបញ្ជា​របស់​ក្រសួង​ការងារ​ ពាក់ព័ន្ធ​ទៅ​និង​សុវត្ថិភាព​ការងារ​ និង​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​។​ លោក​អះអាង​ថា​ ក្រសួង​ការ​នឹង​ធ្វើការ​ផាកពិន័យ​រហូត​ដល់​ ១០​លាន​រៀល​ ចំពោះ​និយោជក​ ដែល​ល្មើស​នឹង​បទបញ្ជា​នេះ​។​

​លោក​ ឡេ​ង​ តុង​ ៖«​បើសិន​គាត់​អត់​អនុវត្ដ​តាម​អ្វី​ដែល​យើង​បាន​កំណត់​នៅ​ក្នុង​ប្រកាស​ នៃ​ច្បាប់​ទេ​ គឺ​យើង​ផាកពិន័យ​ ពី​មុន​ប្រាក់​យោង​ប្រចាំ​ថ្ងៃ​យើង​ផាក​តែ​ ៨០០០​រៀល​ទេ​ តែ​ឥឡូវនេះ​ឡើង​ដល់​ ៤​ម៉ឺន​រៀល​ហើយ​។​ អ​ញ្ចឹ​ង​រោងចក្រ​ខ្លះ​ផាកពិន័យ​ យើង​គិត​ប្រាក់​យោង​ប្រចាំ​ថ្ងៃ​ ឧទាហរណ៍​ថា​ ២០០​ថ្ងៃ​ទៅ​ គឺ​ ២​ពាន់​ដុល្លារ​ គឺ​ច្រើន​ អ​ញ្ចឹ​ង​ឥឡូវនេះ​ រឿង​ខ្លះ​គឺ​រហូត​ដល់​ ១០​លាន​រៀល​អី​អ​ញ្ចឹ​ង​ទៅ​»​។​

​បន្ថែម​លើ​នេះ​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ បានឱ្យ​ដឹង​ថា​ ក្រសួង​កំពុង​តែ​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​កម្មករ​ នៅ​រោងចក្រ​ផ្ទាល់​ មុន​ពេល​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​រោងចក្រ​ធ្វើ​ការងារ​។​

​គួរ​ជម្រាប​ថា​ ក្នុង​ឆ្នាំ​២០១៧​ ករណី​កម្មករ​ ដួល​សន្លប់​ បាន​កើតឡើង​នៅ​រោងចក្រ​ចំនួន​ ២២​ ហើយ​មានកម្ម​ក​សន្លប់​សរុប​ ១៦០៣​នាក់​ ហើយ​មាន​បុរស​ត្រឹមតែ​ ០៤​នាក់​តែ​ប៉ុណ្ណោះ​។​ យ៉ាងណា​ជុំវិញ​ករណី​ដួល​សន្លប់​នេះ​ ទាំង​ប្រធាន​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ និង​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ បាន​លើក​ឡើង​ដូច​គ្នា​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ ដួល​សន្លប់​ គឺ​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​របស់​កម្មករ​ កម្មការិនី​ទាំងនោះ​៕

Share

Image
Image
Image