ក្រោយបញ្ចប់សវនាការជំនុំជម្រះក្ដីនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ០១៨ តុលាការកំពូលបានសម្រេចបន្ដឃុំខ្លួនអ្នកស្រី ទេព វន្នី ដោយសម្រេចឱ្យអ្នកស្រី ទេព វន្នី នៅក្នុងពន្ធនាគារដដែល ។
ការសម្រចបន្ដឃុំខ្លួនអ្នកស្រីទេព វន្នី សកម្មកជនដីធ្លីនៅតំបន់បឹងកក់ដូចនេះ ធ្វើឡើងក្រោមបទចោទពាក់ព័ន្ធនិងករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលធ្វើអោយសន្ដិសុខពីរនាក់រងរបួសធ្ងន់។
ទាំងតុលាការកំពូល ទាំងសាលាឧទ្ធរណ៍ និង សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកស្រីទេពវន្នី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ៦ខែ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
គិតពីថ្ងៃចាប់ខ្លួនអ្នកស្រីទេព វន្នី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ មកដល់ពេលនេះ អ្នកស្រីបានស្ថិតនៅក្នុងការឃុំខ្លួនរយៈពេល ជិត ២ឆ្នាំ។
ជុំវិញរឿងករណីរបស់ទេពវន្នី អ្នកស្រី បូវ សោភា យល់ឃើញថា ការសម្រេចឃុំខ្លួនអ្នកស្រីទេព វន្នី បន្ដគឺជារឿងអយុត្ថិធម៌បំផុត។
អ្នកស្រី បូវ សោភា៖«សម្រាប់ដីនៅតំបន់បឹងកក់ បើសិនជារាជរដ្ឋាភិបាលបង់អោយប្រជាពលរដ្ឋហើយ ហេតុអីនៅតែគំនុំគុំកួនទៅលើប្រជាពលរដ្ឋខ្លួនឯងទៅវិញ ។គួរតែដោះលែងអោយគាត់មានសេរីភាពដើម្បីជួបជុំគ្រួសាររបស់គាត់។ គិតមើលទៅគាត់លះបង់ច្រើនណាស់សម្រាប់បឹងកក់ តាំងពីសេចក្ដីសុខផ្ទាល់ខ្លួនសម្រាប់សហគមន៍ រហូតដល់ទីបំផុតខ្លួនគាត់ក្លាយជាស្រ្ដីមេ ម៉ាយត្រូវបានលែងលះប្ដី ហើយរហូតដល់ពេលនេះ សូម្បីឱកាសមើលថែកូនក៏គ្មាន ពិតជាអយុត្ដិធម៌សម្រាប់គាត់»។
ចំពោះការរិះគន់ របស់អ្នកស្រី បូវ សោភា វិទ្យុស្ត្រីមិនអាច សុំការឆ្លើយតបពីអ្នកនាំតុលាការកំពូល នៅថ្ងៃនេះ បានទេ ដោយគ្មានប្រភពទាក់ទង។ តែបែបនេះក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីពេលកន្លងមកនេះ បានអះអាងថា ប្រព័ន្ធតុលាការកម្ពុជាធ្វើសម្រេចដោយផែ្អកលើច្បាប់ និងអង្គហេតុគ្រាប់គ្រាន។
បែបនេះក្ដី ករណីអ្នកស្រី ទេព វន្នីនេះ គឺយ៉ាងតិចណាស់សង្គមស៊ីវិលជាតិ និងអន្តរជាតិជិត៣០ កាលពីថ្មីៗនេះបាន ចេញសេចក្ដីថ្លែងការណ៍ដោយទាមទារឱ្យតុលាការកម្ពុជាទម្លាក់បទចោទលើស្រី្តសកម្មជនដីធ្លីរូបនេះ ដោយចាត់ទុក ការចាប់ខ្លួនសកម្មជន ដីធ្លីរូបនេថាជាការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។អង្គការទាំងនេះ បានលើកហេតុផលថា អ្នកស្រីទេពវន្នីធ្វើសកម្មភាពកន្លងមកដើម្បីជួយអ្នកមានវិបត្តិដីធ្លី និងសង្គមតែប៉ុណ្ណោះ។
អ្នកស្រីទេពវន្នី ធ្លាប់ជាប់ព័ន្ធនាគារ ជាច្រើនដងមកហើយដោយសារអ្នកដឹកនាំការតវ៉ា រឿងដីធ្លី ។តែករណីលើកនេះ អ្នកស្រីនៅបន្តឃុំខ្លួននៅក្នុងពន្ធនាគារ គិតមកដល់ថ្ង មានរយៈពេល ១៩ខែ ហើយ។
អ្នកស្រីទេពវន្នី គឺជាជើងជ័យលាភី នៃពានរង្វាន់ភាពជាអ្នកដឹកនាំពីអង្គការអាមេរិក Vital Voice ហើយ អ្នកប្រគល់ពានគឺលោកស្រីឃ្លិនតុន បេក្ខជនប្រធានាធិបតីអាមេរិក និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃរដ្ឋការរបស់ប្រធានាធិបតី បារ៉ាក់អូបាម៉ា៕