សហភាពអឺរ៉ុប (EU) ចំណាយថវិការចំនួន១០លានអឺរ៉ូ ដល់ប្រទេស៤ក្នុងតំបន់អាស៊ានចំនួន ដើម្បីជួយនិស្សិតនៃប្រទេសទាំងនេះឲ្យបានបន្តការសិក្សានៅក្នុងប្រទេសនានានៅក្នុងសហភាពអឺរ៉ុប។ អាហារូបករណ៍នេះត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនៃការពង្រឹងគុណភាព សិក្សាថ្នាក់ឧត្ដមសិក្សាក្នុងតំបន់អាស៊ាន។ គម្រោងនេះបង្ហាញឡើងតាមរយៈវេទិកាមួយ ដែលរៀបចំឡើងសហភាពអ៊ឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៨ ខែឧសភា ២០១៥។
កម្មវិធីអាហារូបករណ៍នេះ ដែលមានឈ្មោះថា Share EU នឹងត្រូវបានប្រកាសជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កាលពីសប្ដាហ៍មុន។ កម្មវិធីនេះផ្ដល់ឱកាសអោយនិស្សិតនៅប្រទេសក្នុងតំបន់អាស៊ានចំនួន៤រួមមាន កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ឲ្យទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដូចជាប្រទេសអាល្លីម៉ង់ បារាំង អ៊ីតាលី រ៉ូហ្សី អេស្បាញ និងចក្រភពអង់គ្លេស។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអប់រំប្រចាំនៅប្រទេសអង់គ្លេស លោក John law បានលើកឡើងពីគោលបំណងសំខាន់ដែល EU បង្កើតអោយមានគម្រោង Share EU នេះឡើងថាដើម្បីឲ្យនិស្សិតពីតំបន់អាស៊ានបានសិក្សានៅតាមបណ្ដាប្រទេសអ៊ឺរ៉ុប ដើម្បីឲ្យពួកគេទទួលបានជំនាញ និងចែករំលែកចំនេះដឹងអោយគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសជាអាស៊ានទៅបណ្ដា ប្រទេសនៅសហភាពអឺរ៉ុប។
ក្នុងនោះដែរ ដើម្បីសម្រេចបាននូវកិច្ចការទាំងនេះ សហភាពអ៊ឺរ៉ុបបានដាក់ចេញនូវទិសដៅចំនួន៤សំខាន់គឺ ទី១.សហភាពអឺរ៉ុប និងសហការជាមួយក្រុមបច្ចេកទេស ក្រសួងអប់រំនៅក្នុងប្រទេសដែលជាតំបន់អាស៊ានទាំង៤ ក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រព័ន្ធអប់រំនៅថ្នាក់ឧត្ដមសិក្សា។ ទី២.សហភាពអ៊ឺរ៉ុបរួមទាំង DAAD ដែលជាដៃគូរអភិវឌ្ឍ និងធ្វើការចែករំលែកពីបទពិសោធ និងចំណេះដឹងក្នុងស្ថាប័នសិក្សានៅក្នុងតំបន់អាស៊ាន។ ទី៣.សហភាពអ៊ឺរ៉ុប នឹងព្យាយាមភ្ជាប់ប្រព័ន្ធត្រេនហ្វឺរ ក្រេឌីត ដើម្បីឲ្យនិស្សិតដែលសិក្សានៅក្នុងតំបន់អាស៊ានបានទៅកាន់តំបន់នៅក្នុងសហភាពអ៊ឺរ៉ុប។ និងទី៤.សហភាពអ៊ឺរ៉ុបមានគម្រោងផ្ដល់អាហារូបករណ៍ចំនួន ៥០០កន្លែង ដល់ប្រទេសជាតំបន់អាស៊ានជាដើម។
វេទិកានេះជាកម្មវិធីមួយក្នុងចំនោមកម្មវិធីស្រដៀងគ្នាជាច្រើន ដែលត្រូវបានរៀបចំឡើងនៅបណ្ដាលប្រទេសចំនួន១១ ក្នុងក្របខណ្ឌនៃគម្រោង «ពិព័ណ៌ឧត្ដមសិក្សា អ៊ឺរ៉ុបនៅអាស៊ី» ដែលត្រូវបានឧបត្ថម្ភដោយសហភាពអ៊ឺរ៉ុប និងត្រូវបានអនុវត្តគម្រោងដោយ S I C I ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦៕