ភ្នំពេញ៖ជំងឺឃ្លង់ជាប្រភេទជំងឺកាចសាហាវអាចបង្កឲ្យអ្នកកើតជំងឺនេះពិការដៃជើងនិងភ្នែក ហើយធ្ងន់ ធ្ងរជាងនេះអ្នកជំងឺនឹងអាចស្លាប់បើមិនមកទទួលសេវាព្យាបាលទាន់ពេលវេលា។
ជំងឺឃ្លង់ឬជំងឺហង់សិនជាជំងឺឆ្លង់រាំរ៉ៃដែលបង្កឡើងដោយមេរោគឈ្មោះ«បាស៊ីហង់សិន»។វាប៉ះពាល់ជាចម្បងលើស្បែកនិងសរសៃប្រាសាទដែលជំងឺនេះកើតលើមនុស្សទាំងពីរភេទនិងគ្រប់វ័យ។
ជំងឺឃ្លង់ឬជំងឺហង់សិនជាប្រទេភជំងឺកាចសាហាវដែលមានរោគសញ្ញាស្រដៀងនឹងជំងឺសើរស្បែរនិងស្ពឹកដោយអ្នកជំងឺទូទៅមិនចាប់អារម្មណ៍បណ្តែតបណ្តោយឲ្យមេរោគរីករាលដាលវិវត្តន៍ទៅជាធ្ងន់ធ្ងរក្លាយដំបៅនៅលើស្បែកស៊ីដៃស៊ីជើងនាំឲ្យទៅជាពិការ។
ជាទូទៅអ្នកជំងឺហង់សិនត្រូវបានរើសអើងនៅក្នុងសហគមដោយសារពួកគេខ្ពើមរអើមនិងខា្លចឆ្លងជំងឺនេះ។ជំងឺនេះឆ្លង់តាមរយៈផ្លូវដង្ហើមនិងប៉ះពាល់ទឹករងីផ្ទាល់។ទោះបីយ៉ាងណាជំងឺឃ្លង់អាចព្យាបាលជាសះស្បើយ១០០ភាគរយប្រសិនបើអ្នកជំងឺមកទទួលសេវាព្យាបាលត្រឹមត្រូវ។តែជំងឺនេះជាជំងឺឆ្លងមិនមែនជាជំងឺតំណពូជទេ។
លោកវេជ្ជបណ្ឌិតអ៊ុន វ៉ាន់ថន ឯកទេសជំងឺឃ្លង់នៃមន្ទីរពេទ្យគៀនឃ្លាំងរាជធានីភ្នំពេញពិពណ៌នាថាអាការៈដំបូងរបស់អ្នកកើតជំងឺឃ្លង់គឺធ្វើឲ្យស្ពឹងត្រង់រោគសញ្ញាហើយសូម្បីតែរលាកទឹកក្តៅឬ ភ្លើងនិងមុតវត្ថុស្រួចក៏អ្នកជំងឺគ្មានអារម្មណ៍ឈឺចាប់ទេ។ ដំណាក់កាលបន្ទាប់អ្នកជំងឺនឹងរមោះលើស្បែករហូតក្លាយជាដំបៅពេញរាង្គកាយ។
លោកវេជ្ជបណ្ឌិតអ៊ុន វ៉ាន់ថន បញ្ជាក់ថាជំងឺឃ្លង់ត្រូវព្យាបាលសម្លាប់មេរោគក្នុងខ្លួនជាមុនបន្ទាប់មកព្យបាលដំបៅនិងចុងក្រោយព្យាបាលដោយការវះកាត់កែលម្អ។
«ចង់ឲ្យអ្នកជំងឺមកទទួលសេវាដោយសារកន្លែងយើងនេះយើងទទួលអត់មានបង់ថ្លៃទេហើយការព្យាបាលជះសះស្បើយ១០០ភាគរយ។ប៉ុន្តែបើអ្នកហ្នឹងមកព្យាបាលទាន់ពេលវេលាប្រសិនបើមានរោគសញ្ញាសង្ស័យមកពិនិត្យពិភាក្សាជាមួយគ្រូពេទ្យ។បើទុករហូតដល់ពិការបានយើងមកព្យាបាលជាដូចគ្នាតែភាពពិការនៅតែភាពពិការដដែលប្រសិនបើយើងអត់មកព្យាបាលវាអាចចម្លង់ទៅកូនចៅអ្នកជិតខាងយើង។»
បច្ចុប្បន្នអ្នកជំងឺហង់សិនចំនួន២៥នាក់កំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យគៀនឃ្លាំងរាជធានីភ្នំពេញ។ មន្ទីរពេទ្យគៀនឃ្លាំងមានគ្រែយ៉ាងហោចណាស់ចំនួន៤០។
អ្នកជំងឺហង់សិនម្នាក់ក្នុងចំណោមអ្នកជំងឺ២៥នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគៀនឃ្លាំងស្ថិតក្នុងទឹកមុខស្រស់ថ្លានិងស្បែកភ្លឺថ្លាក្រោយពីវេជ្ជបណ្ឌិតព្យាបាលចំណាយពេលព្យាបាលជំងឺហង់សិនអស់ជាច្រើនឆ្នាំ។
អ្នកជំងឺដែលសុំមិនប្រាប់ឈ្មោះ គឺជាកសិករមកពីខេត្តក្រចេះ ។ លោកស្ថិតក្នុងវ័យ៤៧ឆ្នាំមានអារម្មណ៍តូចចិត្តដែលធ្លាក់ខ្លួនពិការដៃជើងដោយសារមេរោគឃ្លង់ស៊ីដាច់ម្រាមដៃនិងជើង។ទោះបីយ៉ាងលោកអាចដើរនិងកាន់របស់របរនិងប្រកបការងារបានជាធម្មតា។
អង្គុយនៅលើគ្រែក្នុងបន្ទប់ព្យាបាលដ៏ធំដែលមានអ្នកជំងឺប្រុសស្ត្រីប្រមាណ២០នាក់កសិកររូបនេះនឹងបន្តសម្រាកព្យាបាលជាច្រើនសប្តាហ៍ទៀតដើម្បីព្យាបាលដំបៅប្រអប់ជើងខាងស្តាំរហូតជាសះស្បើយ។
«យើងលេបទៅគេវេជ្ជបញ្ជានៅតាមផ្ទះនិមួយៗដល់ពេលយើងមានផលវិបាករឿងដំបៅនេះ។យើងនៅផ្ទះយើងអត់មានឧបរណ៍ថ្នមវាទេ។គេនៅទីនេះស៊ុតឲ្យជិះរទេះគេអត់ជាន់លើដីទេហោចណាស់ក៏មានឈើច្រត់ដែរ។ជំងឺខ្ញុំប្រហែលជាមួយខែទៀតព្រោះដំបៅខ្ញុំធំដែរ។»
អ្នកកើតជំងឺហង់សិនករណីថ្មីនៅឆ្នាំ២០១៨នេះមាន៣៦នាក់បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគៀនឃ្លាំង។ក្នុងនោះ២៤នាក់មានស្ថានភាពធ្ងន់ធ្ងរនិងស្រាល១២នាក់។ក្នុងចំណោមនោះអ្នកជំងឺឃ្លង់២០នាក់ធ្លាក់ខ្លួនជាជនពិការមុនមករកសេវាព្យាល។
ទើបមកសម្រាកព្យាបាលជំងឺឃ្លង់នៅមន្ទីរពេទ្យគៀនឃ្លាំងជាងបីសប្តាហ៍ដោយស្ថិតក្នុងទឹកមុខស្លែកថ្លាំងយុវជនជាកសិករសុំឲ្យដាក់ឈ្មោះកាត់ថា«ន»មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរៀបរាប់ថាលោកចាប់ផ្តើមចេញរោគសញ្ញាដុំពកនៅលើខ្លួនប្រាណនៅអាយុ៥ឆ្នាំមកម្ល៉េះ។ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះរោគសញ្ញាដុំពកចាប់ផ្តើមស្ពឹកបើទោះជារលាកភ្លើងក៏មិនដឹងឈឺដែរ។
យុវជន«ន»មានអាយ២២ឆ្នាំនិយាយដោយសំឡេងខ្សាវៗហាក់គ្មានកម្លាំងក្នុងខ្លួនបញ្ជាក់ថានៅពេលនេះមេរោគជំងឺហង់សិនត្រូវបានព្យាបាលដោយលេបថ្នាំចំនួន១២បន្ទះ។
«គេឲ្យលេបថ្នាំកញ្ចប់១២បន្ទះអាហ្នឹងវាដាច់មេរោគហង់សិនប៉ុន្តែវានៅហើមសរសៃ។ស្បែកយើងងត់ត្រាំវាប្រេះអាចក្លាយជាដំបៅ។»
យ៉ាងតិចអ្នកជំងឺ៣៥០នាក់ព្យាបាលជាសះស្បើយក្នុងឆ្នាំ២០១៧។ក្នុងនោះ១៧៥នាក់ទទួលការវះកាត់កែលម្អកាយសម្បទា ៨នាក់វះកាត់ដៃជើងនិង១៦៧នាក់ វះកាត់កែលម្អតិចតួច។
អតីតអ្នកកើតជំងឺហង់សិនម្នាក់សុំលាក់ឈ្នោះសម្តែងអារម្មណ៍រីករាយ ទឹកមុខភ្លឺថ្លាដែលជាសះស្បើយ១០០ភាគរយក្រោយចំណាយពេលព្យាបាលជាច្រើនឆ្នាំនៅក្នុងថ្ងៃប្រារព្វទិវាជំងឺហង់សិនឬឃ្លង់ឆ្នាំនេះមកជួបគ្រូពេទ្យដើម្បីសម្តែងការដឹងគុណនិងការនឹករលឹកជាខ្លាំង។
អតីតអ្នកជំងឺមានវ័យ៥៥ឆ្នាំរូបនេះលើកទឹកចិត្តឲ្យអ្នកជំងឺផ្សេងទៀតកុំបាក់ទឹកចិត្តនិងអស់សង្ឃឹមក្នុងជីវិតដោយសារជំងឺនេះព្រោះគ្រូពេទ្យអាចព្យាបាលជំងឺហង់សិននេះជាស្បះពិតប្រាកដ។
«ពីមុនមកយើងតូចចិត្តខ្លួនយើងតែឥឡូវអត់អីទេយើងដើរហើរសេរីតាមមធ្មតាអញ្ជឹងទៅ។ពេលយើងជាហើយយើងអត់មានខ្លាចអ្វីទាំងការងារត្រង់ណាគេជំរុញឲ្យទៅយើងទៅ។ខ្ញុំសូមឲ្យប្រជាជនបងប្អូនទាំងកុំរើសអើងអ្នកជំងឺនេះ។»
លោកវេជ្ជបណ្ឌិតអ៊ុន វ៉ាន់ថន ឯកទេសជំងឺឃ្លង់ពន្យល់ថាជំងឺឃ្លង់អាចព្យាបាលជះដាច់មេរោគប៉ុន្តែពិការភាពមិនអាចព្យាបាលឲ្យមកស្ថានភាពដើមបានទេ។ទោះបីយ៉ាងណាក្រុមវេជ្ជបណ្ឌិតអាចជួយវះកាត់កែលម្អកាយសម្បទានិងអាវៈយវ។
របាយការណ៍ប្រចាំឆ្នាំ២០១៧របស់មន្ទីរពេទ្យគៀនឃ្លាំងឬមជ្ឈមណ្ឌលស្តារនីតិសម្បទាគៀនឃ្លាំងបង្ហាញថាអ្នកជំងឺសើស្បែកសរុប៦៣៨៨នាក់ទទួលបានសេវាព្យាបាលនិង៥៧២២នាក់ទទួលសេវាប្រឹក្សាជំងឺសើស្បែក។
មន្ទីរពេទ្យគៀនឃ្លាំងឬមជ្ឈមណ្ឌលស្តារនីតិសម្បទាគៀនឃ្លាំងបើកចំហរទ្វាទទួលព្យាបាលជំងឺហង់សិនដោយឥតបង់ថ្លៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រដោយមិនកំណត់ចំនួនអ្នកជំងឺ។
លោកវេជ្ជបណ្ឌិតនិងក្រុមអ្នកជំងឺឃ្លង់សំណូមពរដល់សាធារណៈជនកុំរើសអើងនិងមើលងាយចំពោះអ្នកកើតជំងឺហង់សិនព្រោះពួកគេចង់រស់នៅនិងប្រកបការងារដូចមនុស្សធម្មតាដែរ៕