en     km
en     km

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអំពាវនាវដល់កម្លាំងនគរបាលការពារដ្ឋាភិបាល

Share

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអំពាវនាវដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែរក្សាសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយត្រូវការពាររដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ ។

ការអំពាវនាវរបស់ សម្តេច ស ខេង ដូចនេះ បានធ្វើឡើងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅការងារឆ្នាំ ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ ទី៦កុម្ភៈ ដែលមានវត្តមាននាយនគរបាលជាច្រើននាក់មក ពីបណ្តានាយកដ្ឋាន  និងរាជធានី-ខេត្ត ។

សម្ដេច ស ខេង បានលើកឡើងបន្ដថា មានលទ្ធិប្រជាធិបតេយ្យទើបមានសុខសន្តិភាព ហើយមានសន្តិភាពទើបមានការអភិវឌ្ឍប្រទេសជាតិ គឺត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ និងត្រូវទប់ស្កាត់ដាច់ខាតនូវចលនាសង្រ្គោះជាតិ ហើយបើចលនាសង្រ្គោះជាតិចង់ចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ គឺក្រសួងមហាផ្ទៃមិនឲ្យចុះនោះឡើយ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ៖«ក្នុងនាមជាកម្លាំង នគរបាល គឺត្រូវថែរក្សាសន្តិសុខរួម ដូច្នេះករណីការរំលាយគណបក្សសង្រ្កោះជាតិរបស់តុលាការ នាខែវិច្ឆិកា ឆ្នាំ២០១៧​​​​​​​​​កន្លងទៅនេះ គឺស្របទៅតាមច្បាប់ និងដើម្បីថែរក្សាសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហើយថា កម្ពុជាលែងចង់ឃើញនូវសង្រ្គាមបន្តទៀតនោះឡើយ ប្រសិនបើមានទៀតនោះមិនអាចងាយនឹងស្តារប្រទេសឲ្យរីកចំរើនដូចបច្ចុប្បន្ននេះវិញឡើយ។ ដូច្នេះសមត្ថកិច្ចត្រូវឃ្លាំមើលតាមមូលដ្ឋាន ក្រែងលោមានសកម្មភាពចលនាសង្រ្គោះជាតិនេះកើតឡើងត្រូវទប់ស្កាត់ភ្លាម»។

កាលពីសប្ដាហ៍មុន សម្ដេចទៀបាញ់រដ្ឋមន្ត្រីក្រសួងមការពារជាតិ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការព្រមានកំទេច ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ីនេះដែរ ដោយចាត់ទុកថា ជាក្រុមឧទ្ទាម។ សម្ដេច ហ៊ុន សែនបានហៅលោកសមរង្ស៊ី ថា មេភេរវករចេញមុខ។

គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ដោយតុលាការកំពូល កាលពីថ្ងៃទី ១៦វិច្ឆិកា ឆ្នាំ២០១៧ ។ ចំណែកចលនាសង្រ្គោះជាតិ ដឹកនាំលោកសមរង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបង្កើតនៅក្រៅប្រទេស កាលពីថ្ងៃទី ២៨ មករា ឆ្នាំ ២០១៨នេះ។ លោកអះអាងថា ចលនាសង្រ្គោះជាតិ ជាកម្លាំងមួយរុញអន្តរជាតិ និងដាក់សម្ពាធលើបក្សកាន់អំណាចនៅកម្ពុជា អោយមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ហើយធ្វើអោយបក្សសង្រ្គោះជាតិរស់ឡើងវិញ។

តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា សង្រ្គោះជាតិក្លាយជាផេះហើយ ។ ចំពោះចលនាសង្រ្គោះជាតិ គឺក្រុមឧទ្ទាមដែលមិនអាចមានលើទឹកដីកម្ពុជាបានឡើយ៕

 

Share

Image
Image
Image