ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជមងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កុមារកើតជំងឺគ្រុនឈាមបានថយចុះគួរឲ្យកត់សម្គាល់ រហូតដល់ជិត ១៣០ភាគរយ បើធៀបទៅនិងឆ្នាំ២០១៦។
លោក លៀ ស៊ីណា រាយការណ៍ ៖
ជំងឺគ្រុនឈាម គឺជាជំងឺដែលមានគ្រោះថ្នាក់បំផុតចំពោះកុមារតូចៗ តាំងពីកើតរហូតដល់អាយុក្រោម ១៥ឆ្នាំ។ ជំងឺនេះត្រូវចម្លងដោយពពួកសត្វមូសខ្លា ។ តែយ៉ាងណា ជំងឺនេះក៏មានកើតផងដែរទៅលើមនុស្សគ្រប់វ័យ ប្រសិនបើពួកគេត្រូវបានមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមខាំ។
លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅនេះថា ប្រជាពលរដ្ឋដែលកើតជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៧ មានចំនួន ៦៣៧២ករណី នៅទូទាំងប្រទេស។ ក្នុងចំណោមអ្នកដែលកើតជំងឺគ្រុនឈាមទាំងអស់នេះ មានកុមារ អាយុចន្លោះពី ៥ ទៅ ៩ឆ្នាំ ចំនួន ០៣នាក់ស្លាប់បាត់បង់ជិវីត ស្ថិតនៅក្នុងខេត្ដកំពង់ធំ ក្រចេះ និងខេត្ដព្រៃវែង។ មូលហេតុដែលបណ្ដាលឲ្យកុមារ កើតជំងឺគ្រុនឈាមមានអាការធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ពីព្រោះតែពួកគេរស់នៅតំបន់ដាច់ស្រយាល ហើយអាណាព្យាបាលបានពន្យាពេលក្នុងការនាំកុមារមកទទួលសេវាព្យាបាល។
ករណីនេះប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បង្ហាញក្ដីសោកស្ដាយជាខ្លាំង ចំពោះការធ្វេសប្រហេសរបស់មាតា បិតា ដែលបណ្ដាលឲ្យកុមារបាត់បង់អាយុជីវិត បើទោះបីជាក្នុងឆ្នាំ២០១៧ ទាំងចំនួនអ្នកកើតជំងឺគ្រុនឈាម និងស្លាប់ដោយសារជំងឺនេះ បានថយចុះខ្លាំងជាងកាលពីឆ្នាំ២០១៦ រហូតដល់ជិត ១៣០ភាគរយក្ដី។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានឲ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០១៦ ពលរដ្ឋដែលកើតជំងឺគ្រុនឈាមមានចំនួន ១២៨៤៣ករណី និងមានអ្នកស្លាប់ចំនួន ១៨នាក់។
លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មើលឃើញថា មូលហេតុដែលបណ្ដាលឲ្យអត្រាអ្នកកើតជំងឺគ្រុនឈាមបានថយចុះយ៉ាងខ្លាំងដូចនេះ ពីព្រោះប្រជាពលរដ្ឋតាមសហគមន៍បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបំផ្លាញទីជ្រករបស់ពពួកមូលខ្លា ស្របទៅតាមអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ៖«ចំណុចមួយទៀតនោះ គឺបានន័យថា សេវាសុខាភិបាលកាន់តែប្រសើរ និងទូលំទូលាយ បានន័យថា បើមានករណីឈឺគាត់ស្វែងរកសេវាសុខាភិបាលបានទាន់ពេលវេលាហើយសេវាសុខាភិបាលយើងហ្នឹងគាត់ផ្ដល់នូវការព្យាបាលមួយដ៏ត្រឹមត្រូវនឹងមានប្រសិទ្ធភាពខ្ពស់។ ហេតុដូច្នេះហើយនេះគឺជាកររួមចំណែក ទៅនឹងការចម្លងទៅជំងឺគ្រុនឈាមដែរ មិនឲ្យមូសហ្នឹងខាំពីអ្នកឈឺទៅអ្នកជា»។
រាជធានី ខេត្ដ ទាំង ២៥ ក្នុងឆ្នាំ២០១៧ គឺរាជធានីភ្នំពេញ មានអត្រាកុមារកើតជំងឺគ្រុនឈាមច្រើនជាងគេ ពីព្រោះតែរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានសំណង់អាគារជាច្រើនកំពុងរីកដុះដាល ហើយជាពិសេសនៅតំបន់ជាយក្រុង កំពុងត្រូវបានអភិវឌ្ឍ ដែលជាហេតុនាំឲ្យមានទឹកដក់ដោយកន្លែង រួមផ្សំនិងការស្ដុកទឹកទុក ពីប្រជាពលរដ្ឋដោយមិនបានប្រុងប្រយ័ត្ន គឺជាដើមចមនៃការផ្ដល់ទីជម្រកសម្រាប់មូសខ្លា។
ប្រជាពលរដ្ឋអាចកត់សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមនេះបាន តាមរយៈការឡើងកម្ដៅខ្លួនខ្លាំងចាប់ពី ៣៨.៥អង្សាសេឡើងទៅ មុខអ្នកជំងឺឡើងក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដៃ សន្លាក់ជើង ឈឺក្នុងគ្រាប់ភ្នែក កុមារមានស្ថានភាពងងុយគេងសន្លឹម មានស្នាមកន្ទួលក្រហមលើស្បែក និងដងខ្លួន លើសពីនេះបើក្នុងករណីធ្ងន់ធ្ងរ កុមារ នឹងមានស្នាក់ជាំឈាមជាបន្ទះៗ លើដៃ ដងខ្លួន និងជើង។ សញ្ញាទាំងអស់នេះ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា គឺជារោគសញ្ញាដ៏គ្រោះថ្នាក់បំផុត ដែលអាណាព្យាបាលទាំងអស់ត្រូវប្រញាប់រួសរាន់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់។
លោក វិជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ៖«កាលណាយើងទទួលនៅរោគសញ្ញា ឬក៏សញ្ញាណ នៃជំងឺគ្រុនឈាមពិសេសក្ដៅខ្លួនខ្លាំងភ្លាមៗ សូមកុំពន្យាពេលសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬក៏នៅសេវាសុខាភិបាលដែលជាសេវាឯកជនមាននៅតំបន់ខ្លះហ្នឹង មិនមែនជាសេវាស្របច្បាប់ និងមិនចេះពីបែបបទព្យាបាលត្រឹមត្រូវនោះ សូមកុំព្យាយាមទទួលយកសេវាទាំងនោះ ត្រូវសម្រេចចិត្ដប្រញាប់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា»។
លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាម ដោយមិនត្រូវឲ្យមានទីជម្រកសម្រាប់ពួកមូសខ្លាឡើង។ មូសខ្លា គឺពងកូនក្នុងទឹករងថ្លា មិនមានក្លិនស្អុយ តែប៉ុណ្ណោះ ដូច្នេះដើម្បីបំផ្លាញទីជម្រករបស់ពពួកសត្វមូសខ្លា ប្រជាពលរដ្ឋគ្រប់រូបត្រូវពិនិត្យឲ្យបានជាប្រចាំនូវ ថូផ្កា ចានតម្កល់ជើងទូមានទឹក ក្រឡ សំបកកំប៉ុង់ សំបកកង់ឡាន កង់ម៉ូតូ សំបកដូង និងជាពិសេសត្រូវលាងសម្អាតអាង ឬពាងទឹកឲ្យបានរៀងរាល់សប្ដាហ៍ ឬមិនដូច្នេះប្រជាពលរដ្ឋអាចចិញ្ចឹមត្រី ៧ពណ៌ ដើម្បីឲ្យស៊ីដង្កូវទឹក។ លើសពីនេះអាណាព្យាបាលត្រូវតែស្លៀកពាក់ខោអាវវែង ឲ្យកុមារតូចៗ និងដាក់ឲ្យដេកក្នុងម៉ុងជាប្រចាំ ដើម្បីកុំឲ្យមូសខ្លាខាំ៕