ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី នេត សំអាត មានឋានន្តរស័ក្តផ្កាយមួយ ត្រូវបានក្រសួងការពារជាតិចេញសេចក្តីសម្រេចដក ហូតតួនាទី។ បច្ចុប្បន្នក្រសួងកំពុងធ្វើការត្រួតពិនិត្យបទល្មើសឈានទៅដាក់ពិន័យ ក្រោយពីលោកផ្កាយមួយរូបនេះ បានយក ចានគប់ចំក្បាលក្មេងស្រីជាអ្នកបំរើការក្នុងហាងផឹកស៊ីមួយកន្លែងនៅក្រុងប៉ោយប៉ែត។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០១៨នេះ។
ជាបឋមក្រសួងការពារជាតិបានចេញសេចក្តីសម្រេចមួយ ដកហូតតួនាទីលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ក្រោយមានកិច្ចអន្តរាគមន៍ពីលោក សៀក សុជាតិ មេបញ្ជាការ និងជាប្រធានទីចាត់ការកិច្ចការព្រំដែន ដែលលោកបេ្តជ្ញាប្រើចំណាត់ការផ្លូវច្បាប់លើមន្រ្តីយោធាខិលខូច ប្រើហិង្សាលើប្រជាពលរដ្ឋទន់ខ្សោយ។ នេះបើតាមការបញ្ជាក់ពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
លោក ឈុំ សុជាតិ បន្តថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី នេត សំអាត កំពុងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាវិន័យ និងអធិការកិច្ចនៃក្រសួងការពារជាតិ ដើម្បីឈានទៅដាក់ទោសទណ្ឌ និងពិន័យតាមច្បាប់យោធា។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា យោធាក៏ដូចជាពលរដ្ឋធម្មតាដែរ នៅពេលណាប្រព្រឹត្តិបទល្មើសគឺត្រូវទទួលទោសតាមច្បាប់ និងវិន័យកងទ័ពដោយមិនអាចលើកលែងបានឡើយ។
លោក ឈុំ សុជាតិ៖«និយាយរួមបទបញ្ជារបស់ក្រសួងការពារជាតិ គឺថាត្រូវអនុវត្តទៅដាច់ខាតតាមច្បាប់ទម្លាប់ និងវិន័យរបស់កងទ័ព មិនអនុញ្ញាតឱ្យយោធិនណាមួយប្រព្រឹត្តបទល្មើសចំពោះប្រជាពលរដ្ឋទេ។ យើងមិនគាំទ្រទេ អ្នកណាប្រព្រឹត្តបទល្មើសយើងអនុវត្តតាមច្បាប់»។
យ៉ាងណាចំពោះទោសទណ្ឌដែលជនល្មើសត្រូវទទួល លោក ឈុំ សុជាតិ ពុំទាន់អាចបញ្ជាក់បាននោះទេ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យនៅឡើយ។
កាលពីថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ៧ យប់ ក្មេងស្រីម្នាក់ជាអ្នកបំរើការក្នុងភោជនីយដ្ឋានមួយឈ្មោះថា«ស្រះត្រជាក់ចិត្តថ្មី»ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបានឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ មកពីក្រសួងការពារជាតិ បានយកចានចង្កឹះគប់នាងចំថ្ងាសបណ្តាលឱ្យបែកចេញឈាមត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍ស្នងការនរគបាលខេត្តបន្ទាយមានជ័យ។
តាមចំលើយសារភាពរបស់ក្មេងស្រីរងគ្រោះឈ្មោះ ជិន ស្រីនាង អាយុ ១៧ឆ្នាំបានរាយការណ៍ប្រាប់ប៉ូលិសថា នាងបានអង្គុយកំដរភ្ញៀវតុផ្សេងមួយទៀត ក្រៅពីតុលោកឧត្តមសេនីយ៍ផ្កាយមួយ។ លុះដល់ពេលនាងបានចេញពីតុផ្សេងមកអង្គុយកំដរលោកផ្កាយមួយវិញ ស្រាប់តែឧត្តមសេនីយ៍រូបនោះយកចានគប់ក្បាលក្មេងស្រីតែម្តង។
តែយ៉ាងណាលោកឧត្តមសេនីយ៍ នេត សំអាត ជាជនបង្កហិង្សាបានរាយការណ៍នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យថា លោកគ្មានចេតនាគប់ឱ្យចំក្មេងស្រីនោះទេ គឺលោកគប់លើជញ្ចាំងប៉ុណ្ណោះតែអំបែកបានខ្ទេតមកចំថ្ងាសក្មេងស្រីបណ្តាលឱ្យបែកចេញឈាម។
តែយ៉ាងណាលោក នេត សំអាត បានសារភាពថា លោកពិតជាខឹងក្មេងស្រីនោះមែន ព្រោះនាងមិនអង្គុយកំដរលោកនិងមិត្តភក្តិឱ្យបានជាប់លាប់ទេ ចេះតែដើរចេញដើរចូលធ្វើឱ្យលោកខឹងមិនសប្បាយចិត្ត។
តាមការឱ្យដឹងរបស់មន្រ្តីសិទ្ធិមនុស្សអង្គការអាដហុកប្រចាំនៅខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះបានប្រាប់វិទ្យុស្រ្តីថា ករណីខាងលើត្រូវបានជនបង្ក គឺលោក នេត សំអាត បានសម្របសម្រួលជាថវិកាដល់ក្មេងស្រីរងគ្រោះចំនួន១លាន ៤សែនរៀល ដើម្បីបញ្ចប់រឿង។ តែបើតាមមន្រ្តីសមាគមអាដហុក អង្គហេតុដែលបានកើតឡើងគឺជាប្រភេទបទល្មើសព្រហ្មទណ្ឌមិនអាចសម្រលជាប្រាក់រួចបិទបញ្ចប់រឿងនោះទេ។
ទាក់ទងការសម្រេចដកហូតតួនាទីឧត្តមសេនីយ៍ផ្កាយមួយខាងលើនេះ លោកស្រី ធីតា ឃិះ នាយិកាអង្គការសីលកា សាទរចំពោះចំណាត់ការរបស់ក្រសួងការពារជាតិ ដែលជួយរកយុត្តិធម៌ជូននាងរងគ្រោះ។ លោកស្រីបន្តថា កិច្ចអន្តរាគមន៍ផ្តន្ទាទោសជនខិលខូលទាន់ពេលវេលា និងយ៉ាងម៉ឺងម៉ាត់ គឺបានរួមចំណែកក្នុងការលុបបំបាត់នូវវប្បធម៌និទ្ទនភាព និងជាសារមួយព្រមានដល់អ្នកអាងលុយ អាងអំណាចក្រោយៗ ជៀសវាងការប្រព្រឹត្តិបំពានច្បាប់។
លោកស្រី ធីតា ឃិះ៖«ខ្ញុំថាខាងក្រសួងចាប់ផ្តើមធ្វើការងារដើម្បីស្រង់កិត្តិយសជូនស្ថាប័នរបស់គាត់ ដូច្នេះខ្ញុំសង្កេតឃើញថា ការធ្វើដូច្នេះនាំមកនូវកិត្តិយស ហើយនិងនាំឱ្យអ្នកដដៃដែលច្រើនតែអនុវត្តរបៀបហ្នឹង គឺមានការរាងចាល ពិសេសគឺស្រ្តីទន់ខ្សោយហើយស្រ្តីដែលគ្នាក្រីក្រ ត្រូវធ្វើការនៅហ្នឹងកន្លែងបំរើភ្ញៀវអញ្ចឹងចាស»។
ទាក់ទិនក្នុងរឿងនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានប្រតិកម្ម និងសម្តែងការហួសចិត្ត ចំពោះទង្វើរបស់លោកផ្កាយមួយ នេត សំអាត ដែលបានប្រើហិង្សាលើស្រ្តីភេទទន់ខ្សោយ ហើយប្រើលុយកាក់ បុណ្យស័ក្កិ មកបំបិទមាត់ បញ្ចប់រឿងនេះបានយ៉ាងងាយ។
ក្រមព្រហ្មទណ្ឌរបស់កម្ពុជាមាត្រា ២១៧ ចែងថាករណីហិង្សាដោយចេតនា ជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដដៃត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀលទៅ៦ លានរៀល។
ចំណែកស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះក្នុងអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ៤លានរៀលទៅ១០លានរៀល កាលបើហិង្សានោះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ។
តាមផ្លូវច្បាប់បណ្តឹងអាជ្ញាគឺមិនត្រូវបានរលត់ដោយការផ្តល់សំណងរដ្ឋប្បវេណីឡើយ៕