ភ្នំពេញ ៖ នាយិកា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានឲ្យដឹងថា វត្ដមានស្ដ្រីក្នុងការធ្វើសេចក្ដីសម្រេចិត្ដផ្សេងៗ នៃបញ្ហារបស់ស្ដ្រី និងកុមារី អាចត្រូវបានដោះស្រាយបាននឹងមានស្ថិរភាព ។ បច្ចុប្បន្ននេះ នាយិកាអង្គការ GADC មើលឃើញថា ស្ដ្រីវ័យក្មេងបានចូលរួមសកម្មភាពសង្គមកាន់តែច្រើន ក៏ប៉ុន្ដែឱកាសស្ដ្រីឡើងទៅកាន់តំណែងជាថ្នាក់ដឹកនាំ ក្នុងការធ្វើសេចក្ដីសម្រេច គឺមានចំនួនតិចតូចនៅឡើយ។
លោក លៀ ស៊ីណា រាយការណ៍ ៖
អង្គការសង្គមស៊ីវិលដែលធ្វើការងារក្នុងកិច្ចការពារសិទ្ធិមនុស្ស និងសិទិ្ធស្ត្រី បានបង្ហាញពីការរកឃើញរបស់ពួកគេថា ស្ដ្រីនៅតែរងអំពើហិង្សាពីបុរស ហើយរូបភាពនៃហិង្សាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានសភាពធ្ងន់ធ្ងរឡើង ដែលជាក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពរបស់ស្ដ្រី និងក្មេងស្រី។ ដើម្បីលុបបំបាត់ទង្វើបំពានលើស្ដ្រី អង្គការសង្គមស៊ីវិលដែលធ្វើការងារ តស៊ូមតិលើការពាក់ព័ន្ធ នឹងយេនឌ័រ ដើម្បីឱ្យស្ដ្រី និងបុរស មានសិទ្ធិស្មើគ្នាក្នុងសង្គម យល់ថា មានតែវត្ដមានស្ដ្រីក្នុងតំណែងជាក្បាលម៉ាស៊ិនដឹកនាំ ត្រូវធ្វើសេចក្ដីសម្រេច ទើបអាចដោះស្រាយបញ្ហាប្រឈមរបស់ស្ដ្រី និងកុមារី បានល្អប្រសើរ។
លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC មានប្រសាសន៍ថា ស្ដ្រីវ័យក្មេងបានឈានជើងចូលក្នុងកិច្ចការសង្គមមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ក៏ប៉ុន្ដែការមិនទទួលបានឱកាសក្លាយខ្លួនជាក្បាលម៉ាស៊ិន ដើម្បីធ្វើសេចក្ដីសម្រេចចិត្ដក្នុងការអភិវឌ្ឍសង្គមផ្សេងៗក៏ជារឿង ដែលនៅតែជាកង្វល់មួយដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែងតែអំពាវនាវដល់ស្ថាប័ន ក្រសួងមានសមត្ថកិច្ចរបស់រដ្ឋ ទាំងអស់ឲ្យបង្កើនបេក្ខភាពស្ដ្រីក្នុងតួនាទី។ តែលោកស្រី រស់ សុភាព មើលឃើញថា ស្ដ្រីក្នុងតួនាទីគឺមានចំនួនច្រើនពិតមែន ប៉ុន្ដែការដំឡើងតួនាទី ទៅជាថ្នាក់ដឹកនាំ ស្ដ្រីគឺមានចំនួនតិចនៅឡើយ។ ត្រង់ចំណុចនេះនាយិកាអង្គការ GADC សង្កត់ធ្ងន់ថា ស្ដ្រីមានតែចំនួនក្នុងអង្គភាពរដ្ឋ ក៏ប៉ុន្ដែការផ្ដល់តួនាទីសម្រាប់ស្ដ្រីចាប់ពីថ្នាក់តូចឡើងទៅ ត្រូវបានមើលរំលេង។ ព្រោះតែការលមើលរំលងសមត្ថភាពស្ដ្រី ទើបរាល់ការបញ្ចេញមតិយោលប់ផ្សេងៗ ពាក់ព័ន្ធនឹងការរក្សាសុខមាលភាព សុវត្ថិភាព សម្រាប់ស្ដ្រី នៅតាមមូលដ្ឋានហាក់អនុវត្ដមិនបានល្អប្រសើរ។ ករណីនេះលោកស្រីបញ្ជាក់ថា គឺជាតួនាទីរបស់រាជរដ្ឋាភិបាល និងគណបក្សនយោបាយ ដែលត្រូវរៀបចំរចនាសម្ព័ន្ធឲ្យស្ដ្រី និងបុរសមានចំនួនស្មើគ្នា។
លោកស្រី រស់ សុភាព ៖«ជាទូទៅយើងឃើញថា ទៅដល់ថ្នាក់កាន់តែខ្ពស់ចំនួនស្ដ្រីគឺអត់មានទេ កន្លែងណាក៏ដោយអញ្ចឹងខ្ញុំគិតថា ជាតួនាទីរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សនយោបាយផងដែរ ក្នុងការសម្រេចតែងតាំងបុគ្គលិកចំនួននៃស្ដ្រី»។
អំពើហិង្សាលើស្ដ្រីនៅតែកើតមាន ដូចកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ដ្រីបម្រើការងារជាអ្នករត់តុក្នុងភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ត្រូវឧត្ដមសេនីយ៍មួយរូបយកចានគប់ក្បាលបណ្ដាលឲ្យបែក ដេរប្រាំថ្នេរ។ ចំណែកនៅខេត្ដរតនគិរី យុវវតី មួយរូបត្រូវបានជនមិនស្គាល់មុខចាបបង្ខំរំលោភហើយសម្លាប់បំបិទ។ ករណីដូចគ្នានេះ ក៏បានកើតឡើងផងដែរ នៅខេត្ដពោធិ៍សាត់ ទៅយុវវតីមួយរូបអាយុ ១២ឆ្នាំ ក្រោយពេលនាងចេញពីសាលារៀន ក៏ត្រូវបានបុរសម្នាក់ចាប់រំលោភ និងសម្លាប់បំបិទមាត់។ បញ្ហាទាំងអស់នេះ បានក្លាយជាមេរោគក្នុងសង្គម ដ៏គួរឲ្យព្រួយបារម្ភបំផុតពីសុវត្ថិភាពស្ដ្រី និងក្មេងស្រី។
សម្រាប់លោកស្រី រស់ សុភាព បុរសពិតជាមិនសូវមានក្ដីកង្វល់ពីទុក្ខលំបាក ដូចស្ដ្រីឡើយ។ ដើម្បីដោះស្រាយបញ្ហារបស់ស្ដ្រី គឺស្ត្រីចាំបាច់ត្រូវមានវត្ដមានស្ដ្រីក្នុងតំណែងជាក្បាលម៉ាស៊ិនដឹកនាំទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ដពាក់ព័ន្ធបញ្ហារបស់ខ្លួន។
លោកស្រិ រស់ សុភាព ៖«វត្ដមានស្ដ្រីនៅក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្ដហ្នឹងគឺមានសារសំខាន់ត្រង់ថា ស្ដ្រីគាត់អាចពាំនាំនូវតម្រូវការរបស់ស្ដ្រីយកទៅដាក់នៅក្នុងកម្មវិធីនៃកិច្ចប្រជុំ ហើយកម្មវិធីនៃកិច្ចប្រជុំហ្នឹងអាចលើកឡើងបន្ដបន្ទាប់ទៅទៀតរហូតទៅដល់ថ្នាក់ជាតិ ហើយយកបញ្ហាហ្នឹងទៅដាក់ចូលក្នុងផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិដើម្បីដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋវិញ»។
ព្រោះតែវត្ដមានស្ដ្រីមានសារសំខាន់សម្រាប់ស្ដ្រីក្នុងសហគមន៍ដូចនេះ ទើបអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានកំណត់ទិសដៅរបស់ខ្លួនក្នុងឆ្នាំ២០១៨នេះ ដោយសន្យា បន្ដសកម្មភាពចុះអប់រំដល់ស្ដ្រី និងបុរស ឲ្យយល់កាន់តែច្បាស់ថែមទៀត អំពីតួនាទីរបស់ពួកគេក្នុងសង្គម និងការអភិវឌ្ឍ។ អង្គការ GADC នាពេលកន្លងមកបានធ្វើសកម្មភាពនៅក្នុងខេត្ដចំនួនបី ដែលរួមមានខេត្ដកំពង់ឆ្នាំ ព្រៃវែង និងខេត្ដពោធិ៍សាត់។ វេទិការបស់អង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា គឺក្រៅតែពីបានបណ្ដុះបណ្ដាលស្ដ្រីឲ្យមានយល់ដឹងកាន់តែទូលាយ អង្គការនេះ ក៏បានបើកវេទិកាអប់រំដល់បុរសផងដែរ ដើម្បីឲ្យបានយល់ពីភាពស្មើគ្នារវាងសិទ្ធិស្ដ្រី និងបុរសក្នុងការបញ្ចេញមតិ។
លោកស្រី រស់ សុភាព ៖«យើងបានធ្វើនៅក្នុងខេត្ដគោលដៅរបស់យើង ដើម្បីពង្រឹងសមត្ថភាពរបស់ស្ដ្រី ហើយយើងក៏ធ្វើការជាមួយបុរសដែរ ដើម្បីឲ្យបុរស់នៅក្នុងតួនាទីហ្នឹង គោរពសិទ្ធិស្ដ្រី និងផ្ដល់ឱកាស ហើយនឹងស្ដាប់នូវអ្វីដែលស្ដ្រីគាត់បានពាំនាំយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ»។
យោងតាមរបាយការណ៍កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ បានបង្ហាញថា ស្ដ្រីក្នុងតំណែងជាមេឃុំ ចៅសង្កាត់ មានចំនួនតិចតូចនៅឡើយ។ គណបក្សនយោបាយបានលើកឡើងថា ស្ដ្រីនៅក្នុងបញ្ជីបេក្ខភាពរបស់ពួកគេគឺបានបញ្ចូល មានចំនួនច្រើន។ ត្រង់ចំណុចនេះលោកស្រី រស់ សុភាព ទទួលស្គាល់ ថា គណបក្សនយោបាយពិតជាបានបញ្ចូលបេក្ខភាពស្ដ្រីក្នុងបញ្ជីបោះឆ្នោតរបស់ពួកគេមែន ក៏ប៉ុន្ដែលេខរៀងរបស់ស្ដ្រីបានស្ថិតនៅក្រោមបុរសដាច់ឆ្ងាយ ដែលជាហេតុនាំឲ្យស្ដ្រីបានបាត់បង់ឱកាសក្លាយខ្លួនជាក្បាលម៉ាស៊ិនដឹកនាំការសម្រេចក្នុងមូលដ្ឋាន ក្រោយគណបក្សនោះឈ្នះឆ្នោត។
លោកស្រី រស់ សុភាព ៖«វាមានច្រើននៅក្នុងថ្នាក់មិនសម្រេចចិត្ដ ឬក៏មិនទាន់មានគ្រប់គ្រាន់ដល់ពេលដាក់ទៅក្នុងតួនាទីសម្រេចចិត្ដគឺអត់។ យើងឃើញហើយនៅតាមក្រសួងនានាហ្នឹង យើងឃើញមានចំនួនស្ដ្រីច្រើន ប៉ុន្ដែស្ដ្រីជារដ្ឋមន្ដ្រីដូចអត់មានទេ ហើយស្ដ្រីជាចាហ្វាយខេត្ដហ្នឹងទើបឃើញមានមួយ ឬពីរ ហើយវាពាក់ព័ន្ធនិងរឿងជីវិតនយោបាយរបស់គាត់ដែរ អញ្ចឹងគណបក្សនយោបាយត្រូវមើលរឿងហ្នឹងដែរ»។
យ៉ាងណានាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា សំណូមពរដល់រាជរដ្ឋាភិបាល បង្កើនសកម្មភាពជាក់ស្ដែងរបស់ខ្លួន ក្នុងការបង្កើនចំនួនស្ដ្រីក្នុងតួនាទីសម្រេចចិត្ដឲ្យបានកាន់តែច្រើន ដើម្បីឲ្យចំនួនស្ដ្រីសមាមាត្រទៅនឹងបុរស។
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។ អង្គការ GADC បានធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសមាជិកអង្គការមិនមែនរដ្ឋាភិបាលនានា។ អង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា បានធ្វើការតស៊ូមតិលើការពាក់ព័ន្ធ នឹងយេនឌ័រ នៅក្នុងច្បាប់ និងគោលនយោបាយ លើតម្រូវការផ្លាស់ប្ដូរ ពីការយកចិត្ដទុកដាក់លើតួនាទីរបស់ស្ដ្រីក្នុងការអភិវឌ្ឍ ឆ្ពោះទៅរកអំណាចស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្តបញ្ហារបស់ស្ដ្រីនិងបុរសក្នុងសង្គម៕