en     km
en     km

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង

Share

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់សមុទ្រ និងព្រៃភ្នំ ​ត្រូវមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឲ្យ​បានល្អ ព្រោះថាកម្ពុជានឹងរង​​សម្ពាធ ត្រជាក់ខ្លាំងធ្វើឲ្យ​អាកាសធាតុមានការ​ប្រែប្រួលខុសពីធម្មតា នៅដើមខែកុម្ភៈនេះ​។

ក្នុងហ្វេសប៊ុក​របស់សម្ដេចនាយករដ្ឋមន្ត្រីបង្ហោះនៅថ្ងៃទី២ ខែកុម្ភៈនេះ បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជាអាចប្រឈមនឹងសម្ពាធត្រជាក់ខ្លាំង ដែលពលរដ្ឋត្រូវថែរក្សាទាំងសុខភាពនិងប្រុងប្រយ័ត្នករណីផ្សេងៗទៀត។

ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពី​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ចេញផ្សាយកាលពីថ្ងៃ១ ខែកុម្ភៈនេះ បានឲ្យដឹងដែរថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន។ ករណីនេះក្រសួង​ថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈ​នេះ។

ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅតំបន់ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សាសេ និងនៅឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សាសេ ខណៈនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះកុង   សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សាសេ។

ចំណែកនៅភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៩ ទៅ ២០ ​និង​ខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សាសេ។

នៅចុងឆ្នាំ ២០១៧ និងដើមឆ្នាំ២០១៨នេះ គេសង្កេតឃើញ អាកាសធាតុបានចុះត្រជាក់ខ្លាំងជាងឆ្នាំមុន ហើយមិនតែប៉ុណ្ណោះ​ កម្ពុជាក៏រងឥទិ្ធពលព្យុះបកបោក ពីសមុទ្រនៃប្រទេសហ្វីលីពីន និងវៀតណាម ផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image