គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា រកឃើញបញ្ហាប្រឈម៤ធំៗលើការអនុវត្តគោលដៅ អភិវឌ្ឍន៍សហសវត្សរបស់កម្ពុជានាឆ្នាំ២០១៦ដល់២០៣០ បន្ទាប់ពីកម្ពុជាបានសាកល្បងធ្វើការអនុវត្តលើគោលដៅអភិវឌ្ឍន៍សហសវត្ស (MDGs) នៅឆ្នាំ ២០០០ ដល់ឆ្នាំ២០១៥ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានវិភាគ រកឃើញថា កម្ពុជានៅមានបញ្ហាប្រឈមធំៗចំនួន៤ មុននឹងកម្ពុជាឆ្ពោះទៅរក គោលដៅអភិវឌ្ឍន៍ សហវត្សប្របកដោយ និរន្ដភាព ជាមួយនិងប្រទេសនីមួយៗនៅក្នុងពិភពលោក ក្នុងឆ្នាំ២០១៦ និង២០៣០ ខាងមុខ។ បញ្ហាប្រឈមទាំង៤នោះរួមមាន ៖ ទី១ ទាក់ទងនឹងកិច្ចការងារអភិបាលកិច្ច ទី២ ធនធានមនុស្ស ទី៣ ទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងបញ្ហាប្រឈមទី៤ ទាក់ទងទៅនឹងការ កសាងជំនឿទុកចិត្ត រវាងស្ថាប័នមួយទៅស្ថាប័នមួយ ឬស្ថាប័នរដ្ឋ ទៅសង្គមស៊ីវិល។
កញ្ញាជុំ ជោគជាតា រាយការណ៍ព័ត៌មានលម្អិត!
អង្គការមួយដែលតាមដានលើការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ បានលើកឡើងថា គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ប្រកបដោយនិរន្ដភាព នៅឆ្នាំ ២០០០ ដល់ឆ្នាំ២០១៥ ជួបនឹងបញ្ហាប្រឈមធំៗចំនួន៤។
លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បី កម្ពុជា (គសក) បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី២១ ខែកញ្ញានេះ នៅក្នុងសិក្ខាសាលាស្ដីពី ការវិភាគអំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា សម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាព។
លោកមានប្រសាសន៍ថា បញ្ហាប្រឈមទាំងនោះរួមាន ការងារអភិបាលកិច្ច ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងការកសាងជំនឿទុកចិត្ត រវាងស្ថាប័នមួយទៅស្ថាប័នមួយ ឬរវាងស្ថាប័នរដ្ឋ ទៅសង្គមស៊ីវិល ជាដើម។ លោកថា “បញ្ហាប្រឈមដែលគាត់បានរកឃើញ មានបីបួន បញ្ហាប្រឈម គឺទីមួយ ទាក់ទងទៅនឹងកិច្ចការងារអភិបាលកិច្ច ដែលត្រូវតែលើកទឹកចិត្ត និងជំរុញធ្វើឲ្យប្រសើរបន្ថែមទៀត។ ហើយទីពីរ បញ្ហាប្រឈមគឺគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្ដភាពសម្រាប់រយៈពេល១៥ឆ្នាំហ្នឹង គឺមានមហិច្ឆតាខ្លាំង ហើយធនធានដែលកម្ពុជានឹងអាចធ្វើទៅបាន គឺនឹងអាចមានសក្ដានុពលតិចតួចក្នុងការសម្រេចចិត្តទៅបាន ។ ទីបី ក៏បញ្ហាប្រឈមដែរ គឺក្នុងការកៀងគរធនធានហិរញ្ញវត្ថុ ដែលកម្ពុជាយើងនៅពឹងផ្អែក ភាគច្រើន ទៅលើជំនួយបរទេស។ នឹងចុងក្រោយ គឺយន្ដការក្នុងការធ្វើការងាររួមគ្នាយើងមានយន្ដការ មួយចំនួនហើយ ប៉ុន្ដែយើងសួរថា តើយន្ដការដែលមានសព្វថ្ងៃហ្នឹង នឹងអាចជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមធ្វើការសម្រេចចិត្តរួមគ្នា បានប្រសើរហ្នឹងដែរឬអត់?
លោកសឿង សារឿន ឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅទីក្រុងញ៉ូវ យ៉កសហរដ្ឋអាមេរិក ប្រទេសនីមួយៗនឹងចូលរួមអនុម័តទៅលើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិស្ថានប្រកប ដោយនិរន្ដភាព ពីឆ្នាំ២០១៦ និងឆ្នាំ២០៣០ ។ លោកបន្តថា ដើម្បីឲ្យប្រទេសកម្ពុជាឆ្ពោះទៅការអនុវត្តប្រកប ដោយនិរន្ដភាព លើគោលដៅទាំងអស់នេះ ទីមួយ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់ប្រទេសកម្ពុជា ដែលមិនទាន់ត្រូវបានសម្រេចនៅឡើយ ត្រូវតែរក្សាទុកបន្ដទៀត សម្រាប់ការអនុវត្ត ។ ទីពីរ រដ្ឋាភិបាលត្រូវធានាឲ្យមានអភិបាលកិច្ចល្អ និងទីបី រាជរដ្ឋាភិបាលត្រូវធានាឲ្យគ្រប់វិស័យទាំងអស់ មានការសម្រេចចិត្តបានពេញលេញ ទៅតាមតួនាទីរៀងៗខ្លួន ក្នុងការធ្វើការរួមគ្នា និងទីបួន ការកៀងគរថវិកា រាជរដ្ឋាភិបាលត្រូវធានាយ៉ាងណាឲ្យដៃគូពាក់ព័ន្ធក្នុងរឿងនេះទាំងអស់ បានពិនិត្យមើលលទ្ធភាព ក្នុងការកៀងគរកញ្ចប់ថវិកា នៅក្នុងប្រទេសរបស់ខ្លួន ។
ជុំវិញនៃរឿងនេះដែរ លោក ថេង បញ្ញាធន អគ្គនាយក និងជាជំនួយការសមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច នៃក្រសួងផែនការ មានប្រសាសន៍តបថា រឿងនេះរាជរដ្ឋាភិបាលមិនទាន់អាចនិយាយបាននោះទេ ព្រោះថា គោលដៅនៃការអនុវត្តប្រកបដោយនិរន្ដភាព របស់កម្ពុជា ដែលហៅថា (MDGs) នៅថ្ងៃខាងមុខ មិនទាន់ចប់នៅឡើយទេ ។ លោក ថេង បញ្ញាធន មានប្រសាន៍ ឲ្យដឹងបន្ដថា រឿងនេះរង់ចាំលទ្ធផល ការអនុម័តពីអង្គការសហប្រជាជាតិនៅ ថ្ងៃខាងមុខសិន ។ លោក ថា “ខ្ញុំនឹងត្រូវទៅជាមួយសម្ដេចនាយករដ្ឋមន្ដ្រី ថ្ងៃ២៣នេះ ហើយរហូតទៅដល់បន្ទាប់ពី ថ្ងៃទី២៩មក បានដឹងថាយើងត្រូវធ្វើអី ។ ឥឡូវមិនទាន់បានអនុម័ត អានោះផង នាំគ្នានិយាយហើយថាធ្វើអី ហើយសួរថាមានបញ្ហាប្រឈមម៉េច ទៅនិយាយម៉េច អានេះនៅលើមេឃណោះណឹង។”
ទន្ទឹមនឹងនេះដែរ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយលោក ណេប ស៊ិនថៃ មើល ឃើញថា ប្រទេសកម្ពុជានៅមានបញ្ហាប្រឈមច្រើន ក្នុងការអនុវត្ត គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ប្រកបដោយនិរន្ដភាពនៅពេលខាងមុខ ។
លោកណេប ស៊ិនថៃ បន្ដថា ដើម្បីឲ្យកម្ពុជាឆ្ពោះ ទៅរកដំណើរការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ប្រកបដោយនិរន្ដភាពទៅបាន លុះណាតែរដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិល ដាក់ចិត្តដាក់កាយ អង្គុយធ្វើការរួមគ្នា និងបង្កើនសហប្រតិបត្តិគ្នាឲ្យបានល្អ ជាជាងការវាយប្រហារគ្នាទៅវិញទៅមក។ លោកថា “ខ្ញុំយល់ថា សហការបាននៅក្នុងវិស័យមួយចំនួន ទាក់ទងទៅនឹងរឿងសេវាសាធារណៈ ។ ឧទាហរណ៍ដូចជា សុខាភិបាល រឿងអប់រំ យើងឃើញ សហការបានល្អ ប៉ុន្ដែដូចវិស័យទាក់ទងទៅនឹងរឿងការងារអភិបាលកិច្ចល្អ ជាពិសេស កាលណាដែលយើងនិយាយ អភិបាលកិច្ចល្អ ផ្ដោតទៅលើរឿងការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ ហើយក៏ដូចជាក្នុងដំណើរការតាក់តែងច្បាប់អី យើងឃើញថា ហាក់ដូចជាមិនសូវមាន ការស៊ីសង្វាក់គ្នា” ។
សូមជម្រាបថា គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ដែលហៅថា(MDGs) ត្រូវបានបង្កើតឡើង ជាមួយនឹងគោលបំណងសំខាន់បំផុត គឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពិភពលោកឱ្យបាន ៥០ ភាគរយ នៅត្រឹមចុងខែធ្នូ២០១៥ ៕