en     km
en     km

កម្មការិនី​សម្រាលកូន បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ថវិកា​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​​

Share

​ភ្នំពេញ​៖​ រយៈពេល​មួយ​ខែ​ដើមឆ្នាំ​២០១៨​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ថវិកា​ដល់​កម្មការិនី​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ ដែល​សម្រាលកូន​បាន​ចំនួន​ ៣៨៨១​នាក់​ នៅ​ទូ​ទាំង​ប្រទេស​។​ កម្មការិនី​ បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ថវិកា​នេះ​ ដែល​បញ្ជាក់​ថា​ នឹង​អាច​ជា​ចំណែក​មួយ​ទប់ទល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​។​ ចំណែក​សហជីព​ យល់​ថា​ ជាយ​ន្ដ​ការណ៍​ដ៏​ប្រសើរ​មួយ​ដែល​រាជរដ្ឋាភិបាល​មានការ​យកចិត្ដទុកដាក់​ចំពោះ​ស្ដ្រី​ ក្រោយ​សម្រាលកូន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រយៈពេល​៣១​ថ្ងៃ​ ក្នុង​អំឡុង​ខែមករា​ ឆ្នាំ​២០១៨​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ១​ពាន់​៥៦៥​លាន​ ២​សែន​រៀល​ ឬ​ស្មើ​និង​ប្រមាណ​ ៣​សែន​ ៩​ម៉ឺន​ ១៣០០​ដុល្លារ​ សម្រាប់​ផ្ដល់​ជូន​ស្ដ្រី​បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ ដែល​សម្រាលកូន​ចំនួន​ ៣៨៨១​នាក់​ នៅ​ទូ​ទាំង​ប្រទេស​។​ ក្នុង​ចំណោម​ស្ដ្រី​ទាំង​ ៣៨៨១​នាក់​ មាន​ស្ដ្រី​ចំនួន​ ៣២​នាក់​ បាន​សម្រាលកូន​ ភ្លោះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​។​

​អ្នកស្រី​ ស៊ិ​ន​ ដា​ណេ​ កម្មការិនី​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ញ៉ូ​ អាក​ឃី​ត​ ស្ថិត​ក្នុង​ខេត្ដកំពង់ស្ពឺ​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​រីករាយ​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បង្កើត​ឲ្យ​មាន​គោលនយោបាយ​ផ្ដល់​ប្រាក់​ឧ​ប​ត្ថ​ម​សម្រាប់​ស្ដ្រី​ក្រោយ​ពេល​សម្រាលកូន​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដូច្នេះ​។​ អ្នកស្រី​បន្ដ​ថា​ ថ្វី​ត្បិត​តែ​ថវិកា​ ៤០​ម៉ឺន​រៀល​មិន​ច្រើន​ណាស់ណា​ក្ដី​ ក៏​ប៉ុន្ដែ​ប្រាក់​នេះ​គឺ​បាន​រួមចំណែក​មួយ​ភាគ​ ដល់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ ស្រប​ពេល​ដែល​អ្នកស្រី​ត្រូវ​សម្រាក​ការងារ​រយៈពេល​ ៣​ខែ​ក្រោយ​សម្រាលកូន​។​

​អ្នកស្រី​ ស៊ិ​ន​ ដា​ណេ​ ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ រំភើប​ដែរ​ ព្រោះ​អ្នក​សម្រាលកូន​មុនៗ​ អត់​ដែល​មាន​ ទើបតែ​ចាប់​មាន​ឆ្នាំ​២០១៨​ហ្នឹង​ ខ្ញុំ​គិត​ថា​ ខ្លួនឯង​មានសំណាង​ដែរ​ហ្នឹង​ណា​ ដល់​ពេល​មក​សម្រាល​ឆ្នាំ​២០១៨​ហើយ​ បាន​នាយក​រដ្ឋមន្ដ្រី​គាត់​ផ្ដល់​លុយ​ឲ្យ​ដែរ​»​។​

​ចំណែក​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ គឺជា​យន្ដ​ការណ៍​ល្អ​ដែល​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ការ​យកចិត្ដទុកដាក​ចំពោះ​ស្ដ្រី​ ធ្វើការ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ក្រោយ​ពេល​ពួក​គេ​សម្រាលកូន​។​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បន្ដ​ថា​ ជា​ទូទៅ​ក្រោយ​ពេល​ដែល​ស្ដ្រី​សម្រាលកូន​ គឺ​ពួក​គេ​ត្រូវ​ឈប់​សំរាកលំហែ​មាតុភាព​រយៈពេល​បី​ខែ​ ដែល​ស្ដ្រី​មិន​អាច​ចេញ​ទៅ​ធ្វើការ​រក​ចំណូល​បាន​ទេ​ ដូច្នេះ​ប្រាក់​នេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​ស្ដ្រី​ក្រោយ​សម្រាលកូន​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​៖«​ជា​ធម្មតា​នៅ​ពេល​ដែល​គាត់​ធ្វើ​ការងារ​ គឺ​គាត់​មាន​លុយ​ក្នុង​ការ​បើក​ប្រាក់ខែ​ត្រឡប់​មក​វិញ​ នៅ​ពេល​ដែល​គាត់​ធ្វើ​ការងារ​ ប៉ុន្ដែ​នៅ​ពេល​ដែល​គាត់​អត់​ធ្វើ​ការងារ​លុយ​នេះ​ អាច​ជួយ​ដល់​គាត់​មួយ​ផ្នែក​ ចង់​និយាយ​ថា​ អាច​រួមចំណែក​អាច​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​គាត់​មួយ​ផ្នែក​ដែរ​»​។​

​គោលនយោបាយ​ផ្ដល់​ប្រាក់​ឧ​ប​ត្ថ​ម​ដល់​ស្ដ្រី​បម្រើ​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ ក្រោយ​ពេល​សម្រាលកូន​នេះ​ គឺ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ ដែល​លោក​បាន​ប្រកាស់​ថា​ រាជរដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ ១០​លាន​ដុល្លារ​។​

​សម្ដេច​ ហ៊ុន​ សែន​ នឹង​ផ្ដល់​ការ​ឧ​ប​ត្ថ​ម​ជា​សាច់ប្រាក់​សុទ្ធ​ដល់​កម្មការិនី​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ព័​ពន្ធ​ ក្រោយ​ពេល​ពួក​គេ​សម្រាល់កូន​។​ កម្មការិនី​ ដែល​សម្រាល​បានកូន​ម្នាក់​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ពី​រាជរដ្ឋាភិបាល​ចំនួន​ ៤០​ម៉ឺន​រៀល​ ។​ សម្រាលកូន​បានកូន​ភ្លោះ​ពីរ​នាក់​ នឹង​ទទួល​បាន​ប្រាក់​ ៨០​ម៉ឺន​រៀល​ ហើយ​ប្រសិនបើ​កម្មការិនី​ សម្រាល​បានកូន​ភ្លោះ​បី​នាក់​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​ ១​លាន​ ២០​ម៉ឺន​រៀល​ ហើយ​កូនភ្លោះ​ទាំង​ ០៣​នាក់​នោះ​ សម្ដេច​ ហ៊ុន​ សែន​ នឹង​យក​ធ្វើ​កូន​ រួម​និង​ផ្ដល់​ប្រាក់​ឧ​ប​ត្ថ​ម​បន្ថែម​ពីលើ​ចំនួន​ ៥​ លាន​រៀល​ថែម​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image