ភ្នំពេញ ៖ ក្រសួងធានធានទឹក បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ នឹងចុះត្រជាក់ខ្លាំងដល់កម្រិត ១៣អង្សាសេតាមតំបន់ជួរភ្នំ និងតំបន់ខ្លះទៀតស្ថិតនៅចន្លោះ ២០អង្សាសេ លើកលែងតែខេត្ដជាប់មាត់សមុទ្រ ដែលនឹងមានសីតុណ្ហភាពស្ថិតក្នុងរង្វង់ ២៣ ទៅ ២៤ អង្សាសេ។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលក្រសួងធនធានទឹក ផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈនេះ។
ប្រទេសកម្ពុជា កំពុងរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ដែលនឹងបង្កឲ្យអាកាសធាតុនឹងចុះត្រជាក់លើទី០៤ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែកុម្ភៈ។ តាមសេចក្ដីជូនដំណឹងក្នុងរយៈពេល ៦ថ្ងៃនេះ តំបន់ជួរភ្នំ សីតុណ្ហភាពនឹងចុះត្រជាក់ដល់កម្រិត ១៣ ឬ ១៤អង្សាសេ។ ចំណែកខេត្ដឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្ដប៉ៃលិន សីតុណ្ហភាព នឹងចុះត្រជាក់ក្នុងរង្វង់ ១៥ ទៅ ១៦អង្សាសេ។
បន្ថែមពីនេះ ខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ត្បូងឃ្មុំ ក្រចេះ និងខេត្ដកោះកុង សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ ១៧ ទៅ ១៨អង្សាសេ។ ចំណែកសម្រាប់រាជធានីភ្នំពេញ ខេត្ដកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល ព្រៃវែង និងខេត្ដស្វាយរៀង សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់ពី ១៩ ទៅ ២០អង្សាសេ។
ដោយឡែកសម្រាប់ខេត្ដជាប់មាត់សមុទ្រ ដែលមានដូចជា ខេត្ដកែប កំពត និងខេត្ដព្រះសីហនុ សីតុណ្ហភាព នឹងស្ថិតក្នុងរង្វង់ពី ២៣ ដល់ ២៤ អង្សាសេ៕