en     km
en     km

ជនសង្ស័យម្នាក់ក្នុងករណីបាញ់សម្លាប់មន្រ្តីបរិស្ថាន ៣នាក់បានប្រគល់ខ្លួនឱ្យសមត្ថកិច្ច

Share

ភ្នំពេញ៖ កាលពីយប់វេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី ៣១ មករា ម្សិលមិញជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ដែលសង្ស័យថា បានបាញ់មន្រ្តីបរិស្ថាន ៣នាក់ស្លាប់ក្នុងដែនជម្រកសត្វព្រៃកែវ សីមា ខេត្តមណ្ឌលគីរីនោះ បានប្រគល់ខ្លួនដល់សមត្ថកិច្ច ខណៈជនសង្ស័យម្នាក់កំពុងរត់គេចខ្លួន។

នេះបើតាមការគូសបញ្ជាក់ពីលោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគីរី ដែលបានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី ០១ កុម្ភៈឆ្នាំ២០១៨នេះ។

លោកស្នងការរងបន្តថាជនសង្ស័យដែលបានចូលខ្លួនសារភាពដោយខ្លួនឯងនោះមានកើតវេហា ជាមន្រ្តីយោធាការពារព្រំដែន បច្ចុប្បន្នកំពុងត្រូវបានធ្វើការសាកសួរដោយកម្លាំងថ្នាក់ជាតិមកពីអគ្គស្នងការនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក សូ សុវណ្ណ បន្ថែមថា បច្ចុប្បន្នកងកម្លាំងបង្ក្រាបពីថ្នាក់ជាតិ កំពុងសហការជាមួយកម្លាំងថ្នាក់ខេត្តកំពុងតាមស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួន។​ ជនសង្ស័យដែលបានកំពុងរត់គេចខ្លួននោះមានឈ្មោះ ផល ពេល នាយនគរបាលប៉ុស្តិ៍អូរលែ​។

យ៉ាងណាចំពោះការប្រគល់ខ្លួន និងចម្លើយសារភាពរបស់ជនសង្ស័យ លោក អេង ហ៊ី អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនទាន់អាចប្រាប់បានទេ ព្រោះលោកមិនទាន់ទទួលបានរបាយការណ៍ចុងក្រោយពីថ្នាក់ជាតិ។

បើតាមលោកស្នងការរងខេត្តមណ្ឌលគីរីឱ្យដឹងបន្ថែមថា ករណីផ្ទុះអាវុធនេះ ពុំមានជាប់ពាក់ព័ន្ធនឹងឈ្មួញឈើ ឬជនល្មើសបាញ់សត្វព្រៃឡើយ។

កាលពីល្ងាចថ្ងៃទី៣០មករាម្សិលមិញមានករណីផ្ទុះអាវុធមួយបានកើតឡើងនៅក្នុងភូមិសាស្ត្រតំបន់ដែនជម្រុកសត្វព្រៃកែវសីមាក្នុងតំបន់អូរហ៊ុចស្ថិតក្នុងស្រុងអូររាំងខេត្តមណ្ឌលគីរីដែលបណ្តាលឱ្យមនុស្សបីនាក់បានស្លាប់។ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះអាវុធនោះរួមមានឈ្មោះតើនសុខណៃជាមន្រ្តីការពារដែនជម្រកសត្វព្រៃកែវសីមាទី២ឈ្មោះសេកវឌ្ឍនាជាមន្រ្តីកងរាជអាវុធហត្ថប្រចាំការក្នុងតំបន់ការពារដែនជម្រកសត្វព្រៃកែវសីមាដែលអ្នកទាំងពីរបានស្លាប់នៅកន្លែងកើតហេតុ។ចំណែកជនរងគ្រោះទី៣មានឈ្មោះថុលខាជាបុគ្គលិកអង្គការការពារសត្វព្រៃ(WCS) បានស្លាប់ពេលបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកស្រុកអូររាំង។​

សាកសពជនរងគ្រោះទាំងបីបច្ចុប្បន្នកំពុងតម្កល់នៅវត្តសន្សំកុសលក្រុងភ្នំពេញ និងកំពុងរៀបចំពិធីបុណ្យនៅទីនោះ៕

Share

ព័ត៌មានទាក់ទង

Image