en     km
en     km

កម្មការិនី ​នៅ​ឃុំ​កណ្ដឹង​ ស្រុក​បាទី​ ១៤០​នាក់​ ដួល​សន្លប់​ពេល​កំពុងធ្វើការ​

Share

​ភ្នំពេញ​ ៖​ យ៉ាងតិច​ណាស់​កម្មការិនី​ ប្រមាណ​ជាង​ ១៤០​នាក់​ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដឹង​ ឃុំ​កណ្ដឹង​ ស្រុក​បាទី​ខេត្ដតាកែវ​ នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​នេះ​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ នៅ​ពេល​ចូល​ទៅ​ដល់​រោងចក្រ​។​ តែ​យ៉ាងណា​ អភិបាលស្រុក​បាទី​ បាន​បញ្ជាក់​ថា​ លោក​នឹង​ប្រជុំ​ដើម្បី​ចាត់វិធានការ​ និង​រក​ពី​មូលហេតុ​ករណី​នេះ​ ។​

លោក​ លៀ​ សី​ណា​ រាយការណ៍​៖​

 

កម្មការិនី ដួលសន្លប់ នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ប្រភពរូបភាពពី ប.ស.ស

 

​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ សេ​ឌូ​ណូ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​បាទី​ ខេត្ដតាកែវ​ កាលពី​ពេល​ព្រឹក​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​នេះ​ មានកម្ម​ការិនី​ចំនួន​ ១៤០​នាក់​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ ដោយ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​។​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អភិបាលស្រុក​បាទី​ លោក​ អ៊ុ​ក​ រី​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​។​ តែ​យ៉ាងណា​លោក​អភិបាលស្រុក​បាទី​ បញ្ជាក់​ថា​ ចំនួន​នេះ​គឺ​គ្រាន់តែ​ជា​ចំនួន​បឋម​តែ​ប៉ុណ្ណោះ​។​

​រោងចក្រ​នេះ​ មាន​កម្មករ​ កម្មការិនី​ សរុប​ប្រមាណ​ ១៦៥០​ ហើយ​មាន​បុរស​៩០​នាក់​។​ ក្រោយ​មានការ​ដួល​សន្លប់​អាជ្ញាធរ​ស្រុក​បាទី​ មន្ដ្រី​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ និង​ខាង​ភាគី​រោងចក្រ​ បាន​បញ្ជូន​កម្មការិនី​ដែល​ដួល​សន្លប់​ទាំងអស់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ និង​គ្លីនិក​ សុខា​ បាទី​ ដែល​នៅ​ក្បែរ​នោះ​។​ លោក​ អ៊ុ​ក​ រី​ បាន​បន្ដ​ថា​ នៅ​ពេល​នេះ​លោក​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ពី​មូលហេតុ​ ដែល​កម្មការិនី​បាន​ដួល​សន្លប់​បាន​ទេ​ ដោយ​ត្រូវ​រង់ចាំ​ជួប​ប្រជុំ​ជាមួយ​រោងចក្រ​នេះ​ជា​មុន​សិន​។​ តែ​លោក​បាន​បញ្ជាក់​ថា​ កាលពី​ពីរ​ថ្ងៃមុន​ ក៏​មាន​ករណី​កម្មការិនី​ នៅ​រោងចក្រ​នេះ​ ដួល​សន្លប់​ដូច​គ្នា​ដែរ​។​

​លោក​ អ៊ុ​ក​ រី​ ៖«​វា​អត់​ទាន់​ដឹង​មូលហេតុ​ដោយសារ​តែ​កាលពី​ពីរ​ថ្ងៃមុន​មាន​កម្មករ​ សន្លប់​ដែរ​ ប៉ុន្ដែ​យើង​អត់​ទាន់​ដឹង​ពី​មូលហេតុ​ទេ​ នៅ​ម៉ោង​មួយ​ កន្លះ​ បាន​ប្រជុំ​គណៈកម្មការ​ជាមួយ​រោងចក្រ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​»​។​

ទាក់ទិន​ករណី​នេះ​បើ​យោង​តាម​លោក​ ងា​ន់​ សារី​ អធិការ​ស្រុក​បាទី​ បាន​បង្ហាញ​ការ​សន្និដ្ឋាន​បឋម​របស់​លោក​ថា​ មូលហេតុ​ដែល​កម្មការិនី​ ដួល​សន្លប់​អាច​បណ្ដាល​មក​ពី​ការ​ភិតភ័យ​នៅ​ពេល​ដែល​ឃើញ​មានកម្ម​ការិនី​ផ្សេងៗ​ដួល​សន្លប់​។​ បន្ថែម​លើ​នេះ​លោក​ អធិការ​ស្រុក​បាទី​បន្ដ​ថា​ ក្នុង​ចំណោម​អ្នក​ដួល​សន្លប់​នៅ​ថ្ងៃនេះ​ ក៏​មាន​មួយ​ចំនួន​គឺជា​អ្នកជំងឺ​ចាស់​ ដែល​បាន​ដួល​សន្លប់​កាលពី​ថ្ងៃ​អង្គារ​។​

​លោក​ ង៉ា​ន់​ សារី​ ៖«បើ​តាម​ខ្ញុំ​ពិនិត្យ​មើល​ ខ្ញុំ​សន្និដ្ឋាន​ ហ្នឹង​គឺ​បណ្ដាល​មក​ពី​បញ្ហា​អារម្មណ៍​ទេ​ កម្មករ​ ថ្ងៃមុន​ ម្សិលម្ង៉ៃ​នោះ​ ដួល​មួយ​សា​ទៅ​ ហើយ​ឥឡូវនេះ​ត្រូវ​ចូល​ធ្វើការ​ មាន​អារម្មណ៍​មិនសូវ​ស្រួល​ក៏​ដួល​សន្លប់​បន្ដៗ​គ្នា​អ​ញ្ចឹ​ង​ទៅ​»​។​

តែ​ជុំវិញ​រឿង​នេះ​ លោក​ សួន​ វណ្ណៈ​ ប្រធាន​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ហៅ​កាត់​ថា​ ប​.​ស​.​ស​ ប្រចាំ​នៅ​ខេត្ដតាកែវ​ បាន​បញ្ជាក់​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ ប​.​ស​.​ស​ ថា​ មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​កម្មការិនី​ របស់​រោងចក្រ​ក​ សេ​ឌូ​ណូ​ គឺ​បណ្ដាល​មក​ពី​ការ​ពុល​ថ្នាំ​បាញ់​ស្រូវ​របស់​កសិករ​ ដែល​ប្រជាពលរដ្ឋ​បាន​បាញ់​ដាក់​ស្រូវ​របស់​ពួក​គាត់​ នៅ​ជិត​រោច​ក្រ​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ទៅ​នេះ​។​

​គួរ​ជម្រាប​ថា​ បើ​ទោះជា​មានការ​សន្និដ្ឋាន​ផ្សេង​គ្នា​ពី​អធិការ​ស្រុក​បាទី​ និង​មន្ដ្រី​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ប្រចាំ​នៅ​តំបន់​នោះ​ក្ដី​ តែ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ និង​គ្លីនិក​ សុខា​ បាទី​ ដែល​ទទួល​ព្យាបាល​កម្ម​ការ​នី​ ដួល​សន្លប់​បាន​នៅឡើយ​។​

​សូមរ​ឮ​កថា​ កន្លង​មក​ក្រសួង​ការងារ​កម្ពុជា​ ធ្លាប់​បាន​ចេញ​សេចក្ដីណែនាំ​មួយ​ចំនួន​ស្ដី​ពី​ការ​រក្សា​សុវត្ថិភាព​ការងារ​ក្នុង​រោងចក្រ​ដើម្បី​ឲ្យ​មាន​សុវត្ថិ​ភាពល្អ​សម្រាប់​កម្មករ​ កម្មការិនី​ ។​ ក៏​ប៉ុន្ដែ​ខាង​ភាគី​រោងចក្រ​ហាក់​មិន​បាន​អនុវត្ដ​បាន​ល្អ​នៅឡើយ​ទេ​ រហូត​កាលពី​ចុងឆ្នាំ​២០១៧​។​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ ទទូច​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​បង្កើន​សកម្មភាព​ការងារ​ ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នៅ​តាម​រោងចក្រ​ ជុំវិញ​សុវត្ថិភាព​ការងារ​ និង​បាន​ព្រមាន​ធ្ងន់ៗ​ ថា​ លោក​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ថៅកែ​រោងចក្រ​ទាំងអស់​ដែល​បណ្ដោយ​ឲ្យ​នៅ​តែ​មាន​ករណី​ កម្មករ​ កម្មការិនី​ ដួល​សន្លប់​ជា​បន្ដ​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image