en     km
en     km

អ្នកនាំពាក្យអាវុធហត្ថ៖ ពុំទាន់មានតម្រុយពីជនល្មើសករណីបាញ់សម្លាប់មន្ត្រីបរិស្ថាននៅមណ្ឌលគីរី

Share

ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី ៣១ មករា នេះថា គិតត្រឹមព្រឹកថ្ងៃនេះ កម្លាំងបង្ក្រាបពុំទាន់រកឃើញតម្រុយណាមួយពីជនល្មើសក្នុងករណីផ្ទុះអាវុធដែលបង្កឱ្យមន្រ្តីបរិស្ថាន ៣នាក់ស្លាប់កាលពីល្ងាចម្សិលនៅឡើយទេ។

 

                                               ​ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធនៅមណ្ឌលគីរី។

 

យ៉ាងណាលោកឧត្តមសេនីយ៍ អេង ហ៊ី បញ្ជាក់ថា ពេលនេះលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានបញ្ចូនកម្លាំងចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវរុករកជនល្មើសដែលបង្កហេតុនោះរួមហើយនៅថ្ងៃនេះ​​។ ​លោកបន្តថា​ កងកម្លាំងដែលបានចុះប្រតិបត្តិការនោះមានមកពីកម្លាំងនរគបាលជាតិ កម្លាំងនៃក្រសួងបរិស្ថាន និងកម្លាំងនៃរដ្ឋបាលព្រៃឈើ។

កាលពីល្ងាចថ្ងៃទី ៣០ មករាម្សិលមិញ មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅក្នុងភូមិសាស្ត្រតំបន់ដែនជម្រុកសត្វព្រៃកែវ សីមា ក្នុងតំបន់អូរហ៊ុច ស្ថិតក្នុងស្រុងអូររាំង ខេត្តមណ្ឌលគីរី ដែលបណ្តាលឱ្យមនុស្សបីនាក់បានស្លាប់។ ជនរងគ្រោះក្នុងហេតុ ការណ៍ផ្ទុះអាវុធនោះរួមមាន ឈ្មោះ តើន សុខណៃ ជាមន្រ្តីការពារដែនជម្រកសត្វព្រៃកែវ សីមា ទី២ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តី កងរាជអាវុធហត្ថប្រចាំការក្នុងតំបន់ការពារដែនជម្រកសត្វព្រៃកែវ សីមា ដែលអ្នកទាំងពីរបានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះទី៣ មានឈ្មោះ ថុល ខា ជាបុគ្គលិកអង្គការការពារសត្វព្រៃ(WCS)បានស្លាប់ពេលបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកស្រុកអូររាំង។

យ៉ាងណាជនល្មើសក្នុងករណីផ្ទុះអាវុធនេះលោក អេង ហ៊ី មិនទាន់អាចធ្វើការសន្និដ្ឋានបានថា ជាក្រុមជនល្មើសលួចកាប់ឈើ ឬបាញ់សត្វព្រៃខុសច្បាប់យ៉ាងណានោះទេ តែបើតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីនេះគឺពាក់ព័ន្ធនឹងការប៉ះទង្គិចជាមួយក្រុមឧក្រិដ្ឋជនព្រៃឈើ និងសត្វព្រៃ ពេលចុះបង្ក្រាបបទល្មើសព្រៃឈើ។

តាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សាកសពជនរងគ្រោះទាំងបីនឹងត្រូវដឹកមករៀបចំពិធីបុណ្យនៅវត្តសន្សំកុសល នៅរាជ ធានីភ្នំពេញ ក្រោមការទទួលខុសត្រូវរបស់កងរាជអាវុធហត្ថ ព្រោះអ្នកទាំងបីបានពលីជីវិតដើម្បីបុព្វហេតុការពារធនធានធម្មជាតិ៕

សូមស្តាប់ប្រសាសន៍លោកឧត្តមសេនីយ៍ អេង ហ៊ី 

 

Share

ព័ត៌មានទាក់ទង

Image