បន្ទាយមានជ័យ៖ ករណីមន្ត្រីធំម្នាក់នៃក្រសួងការពារជាតិឋានៈឧត្ដមសេនីយ៍ត្រី ដែលបានបង្កហេតុគប់ចានមកលើនាងបំរើការក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ត្រូវបានបិទបញ្ចប់បន្ទាប់ពីជនបង្កហេតុជាឧត្តមសេនីយ៍ត្រីរូបនេះ បានផ្តល់សំណងជាងមួយពាន់ដុល្លារដល់ស្រ្តីរងគ្រោះ។ យ៉ាងណាក្រុមមន្រ្តីសង្គមស៊ីវិលធ្វើការលើផ្នែកសិទ្ធិមនុស្ស បញ្ហាស្រ្តី និងសង្គម ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមបានប្រតិកម្មយ៉ាងខ្លាំងលើរឿងនេះ និងបានអំពាននាវឱ្យ តុលាការត្រូវបន្តចាត់ការករណីនេះ ដើម្បីលុបបំបាត់វប្បធម៌និទ្ទនភាពនៅកម្ពុជា។
កាលពីថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៧យប់ ក្មេងស្រីម្នាក់ជាអ្នកបំរើការក្នុងភោជនីយដ្ឋានឈ្មោះ«ស្រះត្រជាក់ចិត្តថ្មី»ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបានឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ មកពីក្រសួងការពារជាតិ បានគប់ចានចង្កឹះចំថ្ងាសក្មេងស្រីនោះរហូតបែកចេញឈាមត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍សង្នការនរគបាលខេត្តបន្ទាយមានជ័យ។
វិទ្យុស្រ្តីមិនទាន់អាចស្វែងរកការបំភ្លឺពីនារីរងគ្រោះបានទេនៅថ្ងៃនេះ តែតាមចម្លើយសារភាពរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ជិន ស្រីនាង អាយុ ១៧ឆ្នាំ ក្នុងកំណត់ហេតុរបស់ប៉ូលីសបានឱ្យថា នៅយប់ថ្ងៃកើតហេតុនាងបានដើរទៅជិតតុមួយជាមួយមនុស្ស ៤ នាក់ផ្សេងទៀតដើម្បីអង្គុយកំដរភ្ញៀវ ក្រោយមកនាងបានចេញពីតុនោះ វិលត្រឡប់មកវិញ។ បន្ទាប់មកឧត្តមសេនីយ៍ត្រី នេត សំអាត បានគប់ចានត្រូវថ្ងាសរបស់នាងរហូតបែកក្បាលចេញឈាម។ ប៉ុន្តែគាត់បានជូននាងទៅមន្ទីរពេទ្យ។
ប៉ុន្តែបើតាមចម្លើយសារភាពពីនាយឧត្តមសេនីយ៍ត្រីផ្កាយមួយ នេត សំអាត នៅចំពោះអ្នកសារព័ត៌មាននិងតាមការបញ្ជាក់ពីស្នងការរងខេត្តបន្ទាយមានជ័យលោក ឃិន ស៊ីដេត គឺនៅយប់ថ្ងៃកើតហេតុនោះ លោកឧត្ដមសេនីយ៍ត្រី និងមិត្តភ័ក្តិបានមកហូបចុកផឹកស៊ី រាំច្រៀងលេងក្នុងភោជនីយដ្ឋាននេះ ហើយនារីរងគ្រោះមិនអង្គុយកំដរលោកនិងមិត្តភ័ក្តិឱ្យបានជាប់លាប់ទេ ចេះតែដើរចេញ ដើរចូល មិនចេះចប់ នាំឱ្យលោកមិនសប្បាយចិត្ត។ ក្រោយមកលោកធុញខ្លាំងពេក ក៏បានយកចានចង្កឹះគប់ទៅជញ្ជាំង ខ្ទាតអំបែងចានចំក្បាលតែម្តង។
បើតាមស្នងការរងខេត្តបន្ទាយមានជ័យលោក ឃិន ស៊ីដេត ជនបង្កហេតុគ្មានចេតនាគប់ឱ្យក្មេងស្រីនោះរងរបួសឡើយ។
លោក ឃិន ស៊ីដេត៖«យើងបានហៅគាត់មកសាកសួរបំភ្លឺហើយ ជុំវិញបញ្ហារឿងហ្នឹង យើងគិតថាមិនមែនជាការគប់មានចេតនាឱ្យចំត្រូវក្បាលក្មេងស្រីនោះទេ បើសិនជាតាមមានចេតនាគាត់គប់ត្រូវក្បាល គឺថារបួសហ្នឹងវាអាចហ្នឹងធ្ងន់ធ្ងរ អានេះគ្រាន់តែអំបែងចានវាប៉ះត្រូវក្បាលទៅវាមានចេញឈាមខ្លះ។ បើតាមការបំភ្លឺរបស់គាត់ម្សិលមិញ ហើយយើងយល់កិច្ចការហ្នឹងដែរព្រោះគាត់ឆ្លើយត្រង់ហ្នឹងយើងដែរ»។
យ៉ាងនៅពេលសាកសួរលោកអំពីសំណុំរឿងត្រូវបានបន្តទៅតុលាការឬយ៉ាងណាលោកឃិន ស៊ីដេត បានបដិសេធដោយអះអាង ថាប្រព័ន្ធទូរស័ព្ទមានបញ្ហា។ តាមមន្រ្តីស្នងការខេត្តគឺនារីរងគ្រោះបានបែកចំថ្ងាសដេរអស់បួនថ្នេរ ហើយក្រោយកើតហេតុពីរថ្ងៃឧត្តមសេនីយ៍ត្រី នេត សំអាត បានផ្តល់សំណងចំនួនជាងមួយពាន់ដុល្លារអាមេរិក។
ទាក់ទិនក្នុងរឿងនេះលោក ស៊ុំ ចាន់គា មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុស្រ្តីថា ករណីខាងលើនេះត្រូវបានបញ្ចប់នៅដំណាក់មន្រ្តីនរគបាលយុត្តិធម៌ទៅហើយ ក្រោយមានការសម្របសម្រួលបង់ប្រាក់ប្រមាណជិតមួយពាន់ដុល្លារឱ្យទៅនារីរងគ្រោះ។ លោក ស៊ុំ ចាន់គា បន្តថា ករណីនេះគឺមិនគួរត្រូវបិទបញ្ចប់នៅថ្នាក់ប៉ូលីសនោះទេ ព្រោះអង្គហេតុកើតឡើងគឺជារឿងព្រហ្មទណ្ឌ ដែលមានធាតុផ្សំគ្រប់គ្រាន់អាចចូលក្នុងបទចោទ«ហិង្សាដោយចេតនាមានស្ថានទម្ងង់ទោស»ទៀតផង។ លោក ស៊ុំ ចាន់គា ទទូចដល់មន្រ្តីតុលាការត្រូវចាត់ការរឿងនេះ ដើម្បីកុំឱ្យជនបង្កហេតុមានភាពក្អេងក្អាង អាងឋានៈតួនាទី និងទឹកប្រាក់ បង្កភាពមិនសមរម្យបំពានលើច្បាប់។
លោក ស៊ុំ ចាន់គា៖«ព្រះរាជអាជ្ញាដែលការពាររដ្ឋ អ្នកដែលមើលកន្លែងហ្នឹងក្នុងរង្វង់ដែនដីសមត្ថកិច្ចរបស់ខ្លួន មិនគួរណាស្ងាត់ស្ងៀម អត់មានការបើកការស៊ើបអង្កេតអ្វី គួរតែបើកការស៊ើបអង្កេតដើម្បីកុំឱ្យកើតមានវប្បធម៌និទ្ទនភាព ពីសំណាក់អ្នកមានដែលមានអំណាច មានតួនាទី មានលុយមានកាក់ អញ្ចឹងក្រោយគាត់មានអំណាច មានតួនាទី ដើរវៃគេ ចេះតែធ្វើបាបគេទៅ វាលែងមានច្បាប់មានទំលាប់អស់ហើយ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាពិនិត្យឃើញថា ករណីនេះជាការបង្កហិង្សាសុទ្ធសាទរហូតមានរបួសស្នាមផងទៀត គឺសមត្ថកិច្ចមិនត្រូវបញ្ចប់រឿងត្រឹមជួសជុលសំណងរដ្ឋប្បវេណីនោះទេ។ លោកបន្តថា ការបិទសំណុំរឿងដោយត្រឹមការសម្របសម្រួលជាប្រាក់បែបនេះ នឹងបង្កឱ្យសង្គមជាតិមានអំពើនិទ្ទនភាពកាន់តែច្រើនក្នុងសង្គម ធ្វើឱ្យគម្លាតនៃភាពយុត្តិធម៌រវាងអ្នកមាននិងអ្នកក្រកាន់តែមានភាពដាច់ឆ្ងាយពីគ្នា។
លោក សន ជ័យ៖«ការព្យាយាមបិទសំណុំវាជាប្រភេទនៃការបន្តឱ្យមាននិទ្ទនភាពទៅលើសំណុំរឿងសំខាន់ៗបែបនេះ។ អញ្ចឹងនិទ្ទនភាពបែបនេះ កាលណាវាបន្តគឺធ្វើឱ្យជនទន់ខ្សោយងាយហ្នឹងទទួលរងគ្រោះ ហើយវាអាចជះឥទ្ធិពលទៅលើមុខមាត់របស់កងកម្លាំងប្រដាប់អាវុធដែរ អញ្ចឹងវិធានការផ្លូវច្បាប់គួរតែកើតមាន ហើយរឿងយ៉ាងណានោះទុកឱ្យតុលាការជាអ្នកសម្រេចចុះ »។
ជុំវិញករណីនេះដែរលោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ មានប្រសាសន៍ថា ករណីនេះអាជ្ញាធរមានសមត្ថកិច្ចពិសេសស្ថាប័នតុលាការ ត្រូវតែចាត់ការបន្តករណីនេះឡើងវិញ មិនត្រូវបណ្តាយឱ្យជនបង្កហេតុអាចមានសេរីភាពដោយប្រើអំណាច បុណ្យស័ក្តិ និងលុយកាសមកជិះជាន់តម្លៃស្រ្តីនិងច្បាប់រដ្ឋធម្មនុញ្ញនោះទេ។
លោកស្រី ធីតា ឃឹះ៖«យុត្តិធម៌នៅកម្ពុជាគេទិញបាន អំណាចគឺថវិកាទិញបាន ទោះបីតែធ្វើអំពើខុសយ៉ាងណាក៏ដោយ ជាយោបល់ខ្ញុំដូចជាកំសត់ណាកើតមកជាខ្មែរ ចង់ឱ្យទាំងអស់គ្នាហ្នឹងមើលឃើញថាតម្លៃជាមនុស្សតម្លៃជាស្រ្តីគឺថាត្រូវតែគោរព ហើយត្រូវតែយុត្តិធម៌គឺត្រូវតែយុត្តិធម៌មិនមែនយកលុយទិញបានទេ។ ចាសនេះជារឿងមួយដែលយើងមើលឃើញថា វាជារឿងមួយគួរឱ្យសោកស្តាយចំពោះសង្គមយើង»។
ជាការកត់សម្គាល់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចែងចាយបន្តរូបភាពលោកផ្កាយមួយ នេត សំអាត ជាមួយរូបស្នាមរបួសលើថ្ងាសនារីរងគ្រោះដេរចំនួនបួនថ្នេរ ដោយជាក់ស្តែងហ្វេសប៊ុកឈ្មោះ R K បានបញ្ចេញមតិថា «សង្គមមានសន្តិសុខដូចម្ដេចបាន បើអ្នកធានា និងរៀបចំសណ្ដាប់ធ្នាប់សង្គម បង្ករឿងបែបនេះ?»។ចំណែកហ្វេសប៊ុកមានគណនីឈ្មោះ Sophat Pun សរសេរថា«ចាប់វាដាក់គុកទៅ វាអាងអំណាចមែន»។
ក្រមព្រហ្មទណ្ឌរបស់កម្ពុជាមាត្រា ២១៧ ចែងថា បទហិង្សាដោយចេតនា ជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដដៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀលទៅ៦លានរៀល។ ចំណែកស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះក្នុងអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ៤លានរៀលទៅ១០លានរៀលកាលបើហិង្សានោះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ។ ទី២ការប្រើហិង្សានោះលើស្រ្តីមានគភ៌ កាលបើគភ៌នោះត្រូវបានមើលឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។ ទី៣ គឺការប្រើហិង្សាលើបុគ្គលទន់ខ្សោយដោយមូលហេតុជំងឺ ឬពិការជាដើម៕