សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកោះកុង ក្នុងការឃុំឃាំងសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ឲ្យនៅតែបានការដដែល នៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៥នេះ ។ ទោះបីយ៉ាងនេះក្តី ប្រធានបច្ចេកទេសជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការលីកាដូ ថានឹងជំរុញមេធាវីរបស់ខ្លួន ឲ្យបន្តនីតិវិធីទៅសាលាកំពូល ដើម្បីស្នើសុំឲ្យសកម្មជនចលនាមាតាធម្មជាតិទាំងនោះ ដែលជាអ្នកការពារបរិស្ថាន អាចនៅក្រៅឃុំបាន។
ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត ឲ្យវិទ្យុស្ត្រីដឹងនៅថ្ងៃទី២១ ខែកញ្ញា នេះថា សកម្មជន៣នាក់នេះ គួរតែត្រូវបានចៅក្រមអនុញ្ញាតឲ្យនៅក្រៅឃុំ តាមសំណើរបស់មេធាវី ព្រោះសកម្មជនទាំង៣នាក់បានធានាថា នឹងចូលគ្រប់នីតិវិធីរបស់តុលាការ និងអាជ្ញាធរចាត់តាំងដោយតុលាការ ។
លោកអំ សំអាត បន្តថា សកម្មជនចលនាមាតាធម្មជាតិទាំង៣នាក់នោះ មានមុខរបរ មានអាសយដ្ឋានច្បាស់លាស់ និងមានឪពុកម្តាយធានាថែមទៀតផង។
លោកបន្ថែមថា ការបដិសេដ្ឋរបស់សាលាឧទ្ធរណ៍នេះ ក្រោមហេតុផល៣ ទី១ អាជ្ញាធរទុកជនជាប់ចោទ ដើម្បីឲ្យតុលាការដំណើរការតាមនីតិវិធី ទី២ ប្រសិនបើទុកឲ្យសកម្មជនទាំង៣នាក់ឲ្យនៅក្រៅឃុំ ខ្លាចពួកគេប្រព្រឹត្តបទល្មើសថ្មី និងទី៣ អាជ្ញាធរមានព្រួយបារម្ភថា អ្នកទាំង៣នាក់នេះ បង្កឲ្យមានចលនាសណ្តាប់ធ្នាប់សាធារណៈ។
ទោះបីយ៉ាងក្តី ប្រធានបច្ចេកទេសជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការលីកាដូថា លោកនឹងជំរុញមេធាវីរបស់ខ្លួនឲ្យបន្តនីតិវិធីទៅសាលាកំពូល ដើម្បីស្នើសុំឲ្យសកម្មជនចលនាមាតាធម្មជាតិទាំងបីនាក់នោះ អាចនៅក្រៅឃុំបាន។
លោក អំ សំអាត៖ «ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិនេះ ហាក់បីដូចជាមានរឿងអាថ៌កំបាំង ហើយក៏មានការរំលោភសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ ដែលពួកគេធ្វើការតវ៉ាទាក់ទងការបូមខ្សាច់ ដែលអាចប៉ះពាល់ដល់ធនធានធម្មជាតិ មច្ឆាជាតិជាដើមនោះ។ ខ្ញុំគិតថា អាហ្នឹងហើយដែលពួកគេ គួរតែត្រូវបានឲ្យនៅក្រៅឃុំបណ្តោះអាសន្ន»។
គួររម្លឹកថា សកម្មជនចលនាមាតាធម្មជាតិទាំងបីនាក់នោះ កំពុងតែជាប់ពន្ធនាគារខេត្តកោះកុងនៅឡើយ ។ អ្នកទាំងនោះមានឈ្មោះ លោក ទ្រី សុវិគា អាយុ២៣ឆ្នាំ លោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ និងលោក ស៊ិម សំណាង អាយុ២៨ឆ្នាំ ។ អ្នកទាំងបីនោះ ត្រូវបានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ ពេលដែលពួកគេធ្វើសកម្មភាពបណ្តេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនវៀតណាម៕