en     km
en     km

ជប៉ុនស្នើឲ្យកម្ពុជាបង្កើនសន្តិសុខដល់ប្រជាជនខ្លួន ខណៈប្រទេសនេះពង្រីកការវិនិយោគទុនបន្ថែម

Share

ភ្នំពេញ ៖  អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានស្នើដល់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុនដែលមកទស្សនកិច្ចនៅកម្ពុជា ខណៈដែលប្រជាជនប្រទេសនេះ មកទស្សនកិច្ច និងបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។

ការលើកឡើងរបស់អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ហ្សាកាណេ (Kazuyuki Zakane) ដូចនេះ នៅក្នុងជំនួបមួយជាមួយរដ្ឋមន្រ្ដីក្រសួងមហាផៃ្ទ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រទេសជប៉ុន គឺជាមិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជាពិតជាអគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជាចាំបាច់បំផុត គឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះប្រទេសជប៉ុនបានដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាបកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨។ ការសម្រេចបង្កើតស្ថានអគ្គកុងស៊ុលមួយទៀតរបស់ជប៉ុននៅលើទឹកដីខេត្តសៀមរាប គឺជាការបង្ហាញពីការជឿជាក់របស់ភាគីជប៉ុនអំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជាការជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើនកាន់តែខ្លាំង។

លោក កាហ្ស៊ូយូគី ហ្សាកាណេ អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក៏បានសន្យាថា នឹងបន្តជួយដល់ប្រទេសកម្ពុជា និងសន្យាជម្រុញឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែជិតស្និទ ខណៈក្រុមហ៊ុនជប៉ុនបានមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជាមានរហូតដល់ជាង ២៥០ក្រុមហ៊ុន និងប្រជាជនជប៉ុនមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបរហូតដល់ជាងពីរសែននាក់ ក្នុងឆ្នាំ ២០១៧ កន្លងទៅ៕

 

Share

ព័ត៌មានទាក់ទង

Image