ភ្នំពេញ ៖ សត្វតា្មតភ្លើង ដែលជាប្រភេទសត្វស្លាបដ៏កម្រ និងរងគ្រោះជិតផុតពូជនៅលើពិភពលោក ហើយក៏កំពុងមានវត្ដមានមិនដល់ ៥០ក្បាលផងនៅកម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS បានឲ្យដឹងថា ក្រុមអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃ និងសហគមន៍ បានរកឃើញសំបុករបស់វាចំនួន ០៣ នៅក្នុងដែនជម្រកសត្វព្រៃឆែប ខេត្ដព្រះវិហារ។
លោក លៀ ស៊ីណា រាយការណ៍៖
ចំនួនសត្វត្មាតភ្លើង នៅលើសកលលោក ត្រូវបានកត់សម្គាល់ឃើញថា វាមានការធ្លាក់ចុះខ្លាំង គួរឲ្យព្រួយបារម្ភ។ សត្វត្មាតនៅកម្ពុជា បច្ចុប្បន្ននេះមានចំនួន ០៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្មោត និងត្មាតប្រផេះ។ សត្វត្មាតទាំងបីប្រភេទនេះ គឺជាប្រភេទសត្វស្លាប ដែលរងគ្រោះជិតផុតពូជបំផុតនៅលើសកលលោក ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ តាមការស្រាវជ្រាវរបស់អង្គការអភិរក្សសត្វព្រៃ នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វត្មាតទាំង ០៣ ប្រភេទនេះ មានចំនួនប្រមាណ ២០០-៣០០ក្បាលប៉ុណ្ណោះ ដែលជាចំនួនច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការរកឃើញសំបុករបស់សត្វត្មាតភ្លើងទាំង ០៣សំបុកនេះ គឺជាក្ដីសង្ឃឹមដ៏ធំមួយដើម្បីអភិរក្សសត្វស្លាបប្រភេទនេះ កុំឲ្យបាត់បង់នៅពេលដ៏ខ្លីខាងមុខ។
អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS ដែលមានទិសដៅជួយរាជរដ្ឋាភិបាកម្ពុជា ក្នុងការថែរក្សា អភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា បានបង្កើតកម្មវិធីមួយមានឈ្មោះថា កម្មវិធីការពារសំបុកសត្វស្លាប ដែលអង្គការអភិរក្សសត្វព្រៃមួយនេះ បានជួលពលរដ្ឋដែលរស់នៅក្នុងសហគមន៍ ឲ្យមកការពារសំបុកសត្វស្លាប ដោយផ្ដល់ប្រាក់កម្រៃជូនពួកគាត់ ជំនួសការប្រមូលយកពងកូនសត្វស្លាបដ៏កម្រទាំងនោះទៅលក់។
លោក ស៊ឹង សាំង អ្នកយាមសំបុកត្មាតភ្លើងក្នុងដែនជម្រកសត្វព្រៃឆែប បាននិយាយថា លោកពេញចិត្ដនឹងការងារយាមសំបុកសត្វតា្មតនេះ ពីព្រោះតែវាបានជួយឲ្យគ្រួសាររបស់លោកអាចរកប្រាក់ចំណូល ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រូសារ និងមួយវិញទៀត លោកអាចរួមចំណែកក្នុងការថែរក្សាសត្វត្មាតដ៏កម្រនេះ។
បើទោះជាអង្គការសមាគមអភិរក្សសត្វព្រៃ បានធ្វើការងារយ៉ាងសកម្មដើម្បីរួមចំណែកថែរក្សាវត្ដមានសត្វព្រៃដ៏កម្រ នៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី តែអង្គការមួយនេះ នៅតែមានក្ដីបារម្ភពីការបាត់បង់ទីជម្រក និងទីកន្លែងស្វែងរកចំណីរបស់ពពួកសត្វត្មាតនេះ ដោយសារតែការកើនឡើង នៃការបាត់ព្រៃឈើ ការផ្លាស់ប្ដូរដីព្រៃតាមរយៈដីសប្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការដីព្រៃយកធ្វើជាដីចម្ការ ពីពលរដ្ឋរស់នៅតាមសហគមន៍។ រយៈពេល ៥ឆ្នាំចុងក្រោយនេះ អង្គការសមាមគអភិរក្សសត្វព្រៃបានរកឃើញថា យ៉ាងហោចណាស់សត្វត្មាត ចំនួន ៣០ក្បាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេសម្លាប់ ដោយសារតែការប្រើប្រាស់ថ្នាំពុល ដាក់នៅតាមត្រពាំងក្នុងព្រៃដើម្បីចាប់សត្វស្លាប និងថនិកសត្វមានមាឌតូចផ្សេងៗ ដែលកត្ដានេះ បានបង្កជាបញ្ហាធ្ងន់ធ្ងរដល់ចំនួនសត្វត្មាតនៅកម្ពុជា។
អង្គការសមាគមអភិរក្សសត្វព្រៃ ក្រៅពីមានកម្មវិធីការពារសំបុកសត្វស្លាបហើយ អង្គការអភិរក្សសត្វព្រៃមួយនេះ ក៏បានរៀបចំជាអាហារដ្ឋានត្មាត ដែលជាកិច្ចសហការរួមគ្នារវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអង្គការអភិរក្សសត្វព្រៃជាច្រើនទៀត ដើម្បីផ្ដល់ចំណីបន្ថែមដល់ពពួកហ្វូងសត្វត្មាតនៅកម្ពុជា៕