ភ្នំពេញ ៖ សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមករានេះ ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ តំណាងសមាគម មគ្គុទេសភាសាចិន-កម្ពុជា លោក ធៀម ធឿន ដែលមានទីលំនៅស្ថិតក្នុងភូមិ ឃុំគោកចក បានយកកុលាលភាជន៍ ដែលមានដូជា ថូ និងបំណែកក្រឡមួយចំនួន ដែលស្ថិតក្នុងសម័យកាលពីរផ្សេងគ្នា គឺសម័យអង្គរ និងសម័យក្រោយអង្គរ។
ពិធីប្រគល់កុលាលភាជន៍នេះ ធ្វើឡើងនៅសារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ ក្រោមវត្ដមានអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ។ មូលហេតុដែលលោក ធៀម ធឿន យកកុលាលភាជន៍ទាំងនេះប្រគល់ជូនអាជ្ញាធរជាតិអប្សរាពីព្រោះតែ អាជ្ញាធរជាតិអប្សរា គឺជាស្ថាប័នដែលមានសមត្ថកិច្ចថែរក្សាវត្ថុបុរាណ និងមួយវិញទៀត លោកស្រឡាញ់វប្បធម៌ដូនតា និងចង់ថែរក្សាឲ្យស្ថិតនៅគង់វង្ស។
យ៉ាងណានេះមិនមែនជាលើកទីមួយទេ ដែលប្រជាពលរដ្ឋខ្មែរ បានយកវត្ថុបុរាណមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក ជាភស្ដុតាងបង្ហាញទៅកាន់កូនចៅជំនាន់ក្រោយ ឲ្យបានស្គាល់វត្ថុបុរាណដែលជាស្នាដៃរបស់វីរៈបុរស ដូនតាខ្មែរ។
ជាមួយនឹងការប្រគល់កុលាលភាជន៍បុរាណ សម័យអង្គរ និងក្រោយសម័យអង្គរនេះ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមក្នុងករណីរកឃើញវត្ថុបុរាណនានា ត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ឬតាមរយៈអាជ្ញាធរជាតិអប្សរាដើម្បីឲ្យអ្នកជំនាញសិក្សាស្រាវជ្រាវ និងយកមករក្សាទុកនៅសារមន្ទីរ ដើម្បីទុកជាសម្បត្ដិវប្បធម៌ ឲ្យកូនចៅបានដឹង ក៏ដូចជាបង្ហាញដល់អន្ដរជាតិពីវត្ថុបុរាណខ្មែរ៕