ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈប្តេជ្ញាធានាសុវត្ថិភាពការធ្វើដំណើររបស់កម្មករ-កម្មការិនីតាមរថយន្តមកបំពេញការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ទាក់ទិនរឿងនេះប្រធានសហជីពមួយសង្កេតឃើញថាស្ថានភាពគ្រោះថ្នាក់ការងាររបស់កម្មករ-កម្មការិនីមិនទាន់មានភាពល្អប្រសើរទេ។
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី២២ ខែ មករានេះស្តីពី«យុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង»ថាក្រសួងការងារសន្យាកាត់បន្ថយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតអតិបរមានៅឆ្នាំ២០១៨នេះ។
លោក រដ្ឋមន្ត្រីអ៊ិត សំហេង ថ្លែងថាសេចក្តីព្រាងយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករ និយោ ជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងចំនួនបួនគឺទី១ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍និងគណនេយ្យភាព ទី២ បង្កើនសុវត្ថិភាពហេដ្ឋរចនាសម្ព័ន្ធនិងរៀបចំ ផែនការទី៣បង្កើន សុវត្ថិភាពយានជំនិះនិងមធ្យោបាយធ្វើដំណើរនិងចុងក្រោយបង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ។
«ឆ្នាំ២០១៨នេះជាឆ្នាំមួយដែលរាជរដ្ឋាភិបាលមួយកំណត់ថាជាឆ្នាំទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា។សម្តេចតេជោបានផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាក់ទងនៅនិងការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកហើយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ផ្លូវដោយការប្រុងប្រយ័ត្ន ដើម្បីការពារជីវិតខ្លួនឯងក៏ដូចជាជីវិតអ្នករួមដំណើរនៅលើផ្លូវជាតិរបស់យើង។»
នៅឆ្នាំ២០១៣ ក្រសួងការងារបានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកដើម្បីគាំពារកម្មករ និយោជិតដូចជាផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក បណ្តុះបណ្តាលប្រឡងយកប័ណ្ណបើកបរនិង គ្រូបង្គោលផ្នែកសុវត្ថិភាពចរាចរណ៍ បណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម និងការបំពាក់បដាពាក្យស្លោកតាមបណ្តារោងចក្រកាត់ដេរ។
ទោះបីយ៉ាងណា លោក អាត់ ធន់ យល់ឃើញថាក្រសួងការងារគួររឹតបណ្តឹងខ្លាំងចំពោះម្ចាស់រថយន្តដឹកកម្មករលើសចម្រុះនៅក្នុងចំណោមរថយន្តជាង៥ពាន់គ្រឿងនិងដាក់ស្លាកសញ្ញាចរាចរណ៍នៅតាមបណ្តារោងចក្រជាយក្រុងជាដើម។ជាមួយគ្នានេះម្ចាស់ក្រុមហ៊ុន សហគ្រាស គ្រឹស្ថានត្រូវបង្កើតកន្លែងស្នាក់នៅ និងផ្សារសម្រាប់កម្មករ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពេលធ្វើ ដំណើរទៅធ្វើការតាមរថយន្តហើយរដ្ឋាភិបាលគួរអភិវឌ្ឍរោងចក្រនៅតាមតំបន់ជនបទនិងដាក់ស្លាក់សញ្ញាចរាចរណ៍តំបន់ជាយក្រុងជាដើម។
លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជាពន្យល់ថាបើតាមរបាយការណ៍របប បេឡាជាតិសន្តិសុខនៃហានិភ័យគ្រោះថ្នាក់ការងាររបស់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់រយៈពេល៩ខែឆ្នាំ២០១៧បង្ហាញថាមានអត្រាខ្ពស់ជាងឆ្នាំ២០១៦។
របាយការណ៍របស់ ប.ស.ស បញ្ជាក់ថាហានិភ័យគ្រោះថ្នាក់ការងាររបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០១៧សរុប៣៥២៥៨នាក់ បើធៀបទៅនឹងឆ្នាំមុនមាន២៦០៨៩នាក់។នេះបើតាមលោក អាត់ ធន់ ទទួលបានរបាយការណ៍ពីរបបបេឡាជាតិសន្តិសុខសង្គម។
ក្នុងនោះហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍សរុប៨៨៩០នាក់ បើធៀបនឹងឆ្នាំមុនមាន៧១៧៣នាក់ហើយអត្រាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកម្មកររោងចក្រស្លាប់មានចំនួន១៦២នាក់ ក្នុងឆ្នាំ២០១៧នេះបើធៀបនឹងឆ្នាំមុនមាន១៤២នាក់។
«គ្រោះថ្នាក់អំឡុងពេលធ្វើដំណើរច្រើនគួរសមនៅក្នុងនោះយើងឃើញដល់ទៅ៨៨៩០នាក់ឆ្នាំ២០១៧ហើយឆ្នាំទៅ៧១៧៣នាក់ទេ។អញ្ចឹងវាខ្ពស់ ខ្ញុំគិតទៅសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅជាបញ្ហា។»
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍នៃក្រសួងមហាផ្ទៃក្នុងរយៈពេល១១ខែសម្រាប់ឆ្នាំ២០១៧ ឲ្យដឹងថារថយន្តដឹកកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន២៦លើកបណ្តាលឲ្យស្លាប់ចំនួន៤នាក់ របួសចំនួន៤៨៤នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ៩ខេត្ត រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង និងខេត្តកណ្តាល ដែលមូលហេតុបណ្តាលមកពីការធ្វេសប្រហែសនៅពេលបើកបរ និងកំហុសលក្ខណៈបច្ចេកទេសយានយន្ត។
បើតាមលោករដ្ឋមន្ត្រីអំពាវនាវអ្នកបើករថយន្តដឹកកម្មករគោរពច្បាប់ចរាចរណ៍ប្រុងប្រយ័ត្នខ្ពស់ពេលបើកបរដោយពិនិត្យបច្ចេកទេសយានយន្តមុនពេលចេញដំណើរនិងបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៕