រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក John Kerry បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការគាំទ្ររបស់យោធារុស្ស៊ីទៅលើរបបស៊ីរី មានហានិភ័យតែមួយគត់ គឺការបញ្ជូនអ្នកជ្រុលនិយមកាន់តែច្រើនថែមទៀត ទៅកាន់ប្រទេសដែលហែកហួរដោយសង្គ្រាម និងអាចបន្ថែមឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងនាំមកនូវសន្ដិភាព។
យោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia បានផ្សាយនៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា ក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ចំពោះសេចក្តីរាយការណ៍ថា ការកសាងមូលដ្ឋានយោធារុស្ស៊ីក្នុងប្រទេសស៊ីរី ជាការជួយជ្រោមជ្រែងដល់លោកប្រធានាធិបតីបាសាអាល់អាសាដ។
ទោះបីមានលេចធ្លាយព័ត៌មានសម្ងាត់ពីការដាក់ពង្រាយកងរុស្ស៊ី នៅប្រទេសមួយដែលទីក្រុងម៉ូស្គូមានមូលដ្ឋានកងទ័ពជើងទឹកតាំងពីសម័យសហភាពសូវៀតនោះក៏ដោយ ក៏ទីក្រុងម៉ូស្គូ បានអះអាងថា ការគាំទ្រផ្នែកយោធាជាបន្តបន្ទាប់ គឺដើម្បីរក្សាកិច្ចសន្យាផ្នែកការពារជាតិដែលមានស្រាប់។
អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បាននិយាយកាលពីថ្ងៃសុក្រថាក្រុងម៉ូស្គូនឹងពិចារណាលើសំណើណាមួយ សម្រាប់ការដកកងទ័ពចេញពីលោកអាល់អាសាដ៕
ប្រែសម្រួលដោយ៖មឿន ឌីណា