en     km
en     km

សហជីព​បារម្ភ​ពី​ស្ថិរភាព​ការងារ​របស់​កម្មករ​រោងចក្រ​ ករណី​រោងចក្រ​ភាគច្រើន​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី​

Share

​ភ្នំពេញ​ ៖​ តំណាង​សហជីព​មួយ​រូប​ បង្ហាញ​ពី​ក្ដី​បារម្ភ​ពី​ស្ថិរភាព​ សុវត្ថិភាព​ការងារ​របស់​ក្រុម​កម្មករ​ កម្មការិនី​ ដែល​លោក​សង្កេត​ឃើញ​ថា​ ឆ្នាំ​២០១៨​នេះ​ រោងចក្រ​ភាគច្រើន​ តែងតែ​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី​។​ តែ​បែប​នេះ​ក្ដី​ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ អះអាង​ថា​ កម្មករ​ភាគច្រើន​ក៏​ចង់បាន​កិច្ចសន្យា​រយៈពេល​ខ្លី​ដែរ​ ព្រោះ​មាន​ប្រាក់​អត្ថប្រយោជន៍​៥​ភាគរយ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា

 

​កិច្ចសន្យាការងារ​សម្រាប់​កម្មករ​ កម្មការិនី​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ គឺ​កិច្ចសន្យាការងារ​មាន​ថេរវេលា​កំណត់​ និង​កិច្ចសន្យាការងារ​គ្មាន​ថេរវេលា​កំណត់​។​ យោង​តាម​ច្បាប់​ការងារ​កម្ពុជា​ កម្មករ​ កម្មការិនី​ ដែល​ធ្វើ​ការងារ​ក្នុង​រោងចក្រ​មួយ​ចាប់ពី​ ២​ឆ្នាំ​ឡើង​ទៅ​ ជា​ស្វ័យប្រវត្ដ​ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​កិច្ចសន្យាការងារ​គ្មាន​ថេរវេលា​កំណត់​។​ ប៉ុន្ដែ​បើ​យោង​តាម​មេដឹកនាំ​ សហជីព​មួយ​រូប​ បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ក្រុម​ថៅកែ​ និយោជក​ ភាគច្រើន​នៅ​តែ​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី​សម្រាប់​កម្មករ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ដែល​ជា​សហជីព​តំណាង​កម្មករ​ធំ​មួយ​ក្នុង​ចំណោម​សហជីព​ជា​ច្រើន​ទៀត​ បាន​បង្ហាញ​ពី​ការ​មើលឃើញ​របស់​លោក​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ កម្មករ​ កម្មការិនី​ ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ ពួក​គេ​នៅ​តែ​ទទួល​បាន​កិច្ចសន្យា​រយៈពេល​ខ្លី​ ដែល​ជា​ក្ដី​បារម្ភ​មួយ​ នាំ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ដ​កម្មករ​ ដែល​ភាគច្រើន​ជា​ស្ដ្រី​បម្រើ​ការងារ​ក្នុង​វិស័យ​ដ៏​ធំ​មួយ​នេះ​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​ យល់​ឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ថៅកែ​ និយោជក​ មាន​បំណង​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី​ដូចនេះ​ ពីព្រោះ​តែ​ពួក​គេ​ចង់​គ្រប់គ្រង​សកម្មភាព​កម្មករ​ មិន​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ ឬ​ក៏​បង្កើត​ជា​ចលនា​សហជីព​ជាដើម​។​

​លោក​ អាត់​ ធន់​ ៖«​ដោយសារ​តែ​ ខាង​និយោជក​គាត់​ចង់​ប្រើប្រាស់​កិច្ចសន្យា​ខ្លីៗ​ហ្នឹង​ គឺ​ក្នុង​គោលបំណង​ដើម្បី​ស្រួល​បញ្ឈប់​កម្មករ​ នៅ​ពេល​ដែល​កម្មករ​ហ្នឹង​ ដូច​ជា​ ចូល​សហជីព​ កម្មករ​ ឬ​ក៏​កម្មករ​ តវ៉ា​ ឬ​ក៏​កម្មករ​ ឈឺ​ច្រើន​ ឬ​ក៏​អាច​និយាយ​ថា​ គាត់​ឆ្លងទន្លេ​អី​អ​ញ្ចឹ​ង​ ឬ​ក៏​កម្មករ​ហ្នឹង​គាត់​មិន​ពេញចិត្ដ​អី​អ​ញ្ចឹ​ង​គាត់​បញ្ឈប់​ចោល​ហើយ​»​។​

​លោក​ អាត់​ ធន់​ បន្ដ​ថា​ ប្រសិនបើ​តាម​រោងចក្រ​កាត់ដេរ​នៅ​តែ​មានការ​ប្រើប្រាស់​កិច្ចសន្យាការងារ​ រយៈពេល​ខ្លី​ កាន់តែ​ច្រើន​ វា​គឺជា​សម្ពាធ​ធំ​មួយ​ ទៅ​លើ​កម្មករ​ កម្មការិនី​ ហើយ​ រឿង​នេះ​ ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​តវ៉ា​ ឬ​ប្រឆាំង​ថៅកែ​ និយោជក​នោះ​ទេ​ នៅ​ពេល​ដែល​មានការ​ដាក់បន្ទុក​ឲ្យ​កម្មករ​ធ្វើ​ការងារ​ច្រើន​លើស​កម្លាំង​ និង​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ មិន​អនុ​ឡោម​ទៅ​តាម​ច្បាប់​ការងារ​កម្ពុជា​ជាដើម​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​ សំ​ណូ​ពរ​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ពង្រឹង​ការ​អនុវត្ដ​ការ​ច្បាប់​ស្ដី​ពី​ការងារ​ឲ្យ​បាន​ខ្លាំង​ដោយ​ផ្ដោត​ទៅ​លើ​ក្រុម​និយោជក​ ហើយ​ ប្រសិនជា​ពួក​គេ​មិន​ព្រម​បន្ដ​កិច្ចសន្យា​រយៈពេល​វែង​ ឬ​ហៅ​ថា​ កិច្ចសន្យា​គ្មាន​ថេរវេលា​កំណត់​ គឺជា​កំហុស​របស់​និយោជក​។​

​តែ​សម្រាប់​ លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ បាន​បង្ហាញ​ការ​យល់​ឃើញ​ខុស​ពី​ប្រធាន​សហភាព​ការងារ​កម្ពុជា​។​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​រូប​នេះ​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​គឺ​មាន​រោងចក្រ​ខ្លះ​ប្រើ​កិច្ចសន្យា​រយៈពេល​វែង​ និង​រោងចក្រ​ខ្លះ​ទៀត​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី​ ដែល​លោក​អះអាង​ថា​ កម្មករ​មួយ​ចំនួន​ធំ​ក៏​ចង់បាន​កិច្ចសន្យា​រយៈពេល​ខ្លី​ដែរ​ គឺ​ដោយសារ​តែ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ ៥​ភាគរយ​ ក្នុង​ករណី​ដែល​ការ​តម្រូវ​ឲ្យ​ឈប់​ពី​ការងារ​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ ៖«​អ​ញ្ចឹ​ង​មាន​មួយ​ចំនួន​ទៅ​ គាត់​ចង់បាន​កិច្ចសន្យា​មាន​ថេរវេលា​មិន​កំណត់​ ប៉ុន្ដែ​ក៏​មាន​ចំនួន​ច្រើន​ដែរ​ដែល​គាត់​ចង់បាន​កិច្ចសន្យាការងារ​ដែល​មាន​ថេរវេលា​កំណត់​ ដើម្បី​បើក​សិទ្ធិ​ឲ្យ​គាត់​ទទួល​បាន​ប្រាក់​បំណាច់​នៅ​ពេល​ដែល​គាត់​បញ្ចប់​កិច្ចសន្យា​ម្ដងៗ​ ៥​ភាគរយៈ​នោះ​បាទ​»​។​

​តែ​យ៉ាងណា​កម្មករ​ មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ដាក់​សំណើរ​ទៅ​កាន់​ថៅកែ​ ក្នុង​ករណី​ដែល​ពួក​គេ​ចង់បាន​កិច្ចសន្យា​រយៈពេល​វែង​ ឬ​ក៏​រយៈពេល​ខ្លី​ ។​ លោក​ កាំ​ង​ ម៉ូ​នី​កា​ បញ្ជាក់​ថា​ រាល់​ការ​សម្រេចចិត្ដ​គឺ​ស្ថិត​នៅ​លើ​ថៅកែ​ «​ពីព្រោះ​ជួនកាល​ទៅ​គេ​ត្រូវ​អនុម័ត​ការងារ​ទៅ​តាម​ស្ថានភាព​ ទៅ​តាម​លក្ខខណ្ឌ​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​របស់​គេ​ ជួនកាល​ទៅ​ការងារ​មួយ​ចំនួន​ គឺ​ត្រូវការ​ធ្វើ​តែ​រយៈពេល​ខ្លី​ យើង​ក៏​មិន​អាច​បង្ខំ​ថៅកែ​ ទៅ​ធ្វើ​កិច្ចសន្យា​ដែល​គ្មាន​ថេរវេលា​កំណត់​ជា​អចិន្ដ្រៃយ៍​បាន​ដែរ​»​។​

​កម្មករ​ កម្មការិនី​ ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ប្រមាណ​ ៩០​ម៉ឺន​នាក់​ មាន​ជាង​ ៨០​ម៉ឺន​នាក់​ជា​ស្ដ្រី​។​ ក្នុង​ឆ្នាំ​២០១៨​នេះ​ ពួក​គេ​ត្រូវ​ទទួល​បាន​ប្រាក់ខែ​ ១៧០​ដុល្លារ​ ក្នុង​មួយ​ខែៗ​។​ តែ​ខាង​សហជីព​បាន​អះអាង​ថា​ ចំនួន​នេះ​ថ្វី​ត្បិត​តែ​អាច​លើកតម្កើង​ជីវភាព​កម្មករ​ បាន​មួយ​កម្រិត​ក្ដី​ តែ​វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ឡើយ​។​ ករណី​នេះ​ សហជីព​បាន​បង្ហាញ​ជំហរ​ថា​ ពួក​គេ​នឹង​នៅ​តែ​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ បន្ដ​ទៀត​នៅ​ឆ្នាំ​ក្រោយ​។​

​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៧​ មាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​២០១៩​ ខាង​មុខ​ រាជរដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​អនុវត្ដ​នូវ​របប​ប្រាក់​សោ​ធ​និវត្ដន៍​សម្រាប់​កម្មករ​ កម្មការិនី​ ក្នុង​ក្រប​ខណ្ឌ​ឯកជន​ ជា​ប្រយោជន៍​ជួយ​ដល់​កម្មករ​ កម្មការិនី​ មាន​ប្រាក់​សម្រាប់​ខ្លួនឯង​នៅ​ពេល​ពួក​គេ​ បាន​ធ្វើ​ការងារ​នេះ​ រយៈពេល​ ២៥​ឆ្នាំ​ឡើង​ទៅ​៕​

Share

ព័ត៌មានទាក់ទង

Image